ស្ទើរតែមិនគួរឲ្យជឿថាខ្លួនអាចនៅមានជីវិត

នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរឡើងចុះភ្នំជាមួយកុមារនៅក្នុងក្រុម និងប្រជាជនផ្សេងទៀត។ អំឡុងពេលធ្វើដំណើរ ខ្ញុំបានជួបការលំបាកខ្លាំង ព្រោះមិនមានអាហារហូបចុកគ្រប់គ្រាន់ គ្មានកន្លែងសម្រាក និងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗស្ទើរតែបាត់បង់ជីវិតដូចឪពុកម្ដាយ, បងស្រី និងមនុស្សជាច្រើននាក់ទៀតនៅលើភ្នំ។
អ៊ុក នឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងកងកុមារ នឿន ធ្វើការកើបអាចម៍គោតាមផ្ទះ កាប់ដីដំបូក និងកាប់ដើមទន្ទ្រានខែត្រ យកមកធ្វើជីដាក់ស្រែ។ ក្រៅពីនេះ នឿន បានទៅដួសលាមកមនុស្សយកទៅជ្រលកសំណាបរួចជញ្ជូនឲ្យមនុស្សធំស្ទូង ឬយកលាមកហាលឲ្យស្ងួតរួចយកទៅបាចក្នុងស្រែតែម្ដង។ នឿន បានបន្តថា គាត់មានការខ្ពមរអើមខ្លាំងណាស់ព្រោះមានសត្វដង្កូវរវើកៗជាច្រើន ប៉ុន្តែគាត់ត្រូវតែធ្វើ បើមិនដូច្នេះទេគឺត្រូវអង្គការវាយធ្វើបាប។
នៅក្នុងកងកុមារ នឿន ត្រូវបែកពីឪពុកម្ដាយទៅសម្រាករួមគ្នាជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងផ្ទះមួយ តាមការរៀបចំរបស់អង្គការ។ ការរស់នៅរួមគ្នានេះ គឺមានផលលំបាកសម្រាប់ នឿន និងបងស្រីគាត់ ព្រោះនៅទីនោះ មិនមានមុង ឬភួយសម្រាប់ក្មេងៗប្រើប្រាស់ និងទីកន្លែងមិនស្អាន មានខ្លិនឆ្អេះ។ លើសពីនេះទៅទៀត នឿន និងបងស្រី មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលគេងតែពីរនាក់លើផ្ទះធំ ព្រោះកុមារផ្សេងទៀតបានសុំការអនុញ្ញាតពីអង្គការទៅលេងផ្ទះឪពុកម្ដាយរៀងៗខ្លួនយូរៗម្ដង។ នៅក្នុងកង នឿន និងក្មេងនៅក្នុងកងទាំងអស់មិនបានសិក្សារៀនសូត្រនោះទេ រហូតដល់របបខ្មែរក្រហមដួលរលំ។
នៅឆ្នាំ១៩៧៩ នៅពេលដែល កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក នឿន បានរត់ចេញពីភូមិតាមប្រជាជន និងកុមារផ្សេងទៀត។ នៅពេលធ្វើដំណើរ នឿន មិនបានស្គាល់ភូមិសាស្រ្ដនោះទេ ប៉ុន្តែគាត់ចងចាំនូវទិន្នភាព និងរូបភាពដែលគាត់បានជួបប្រទះ និងមិនអាចបំភ្លេចបាន។
ជាក់ស្ដែងនៅពេលដែល នឿន ធ្វើដំណើរទៅដល់ភ្នំមួយដែលអង្គការបានយកឡានដឹកស្រូវជាច្រើនទៅទុកនៅទីនោះ ប៉ុន្តែនៅពេលដែលមានការបាញ់រះពីទិសខាងកើតមក អង្គការ និងប្រជាជនទាំងអស់បានបង្ខំចិត្តបោះបង់ស្រូវ និងរទេះរបស់ខ្លួនរួចនាំគ្នារត់ឡើងលើភ្នំ។ ចំពោះ នឿន និងកុមារមួយចំនួនទៀតនៅក្នុងក្រុម បានសម្រាកនៅក្នុងព្រៃក្បែរនោះមួយយប់ ទើបបន្តឡើងភ្នំនៅថ្ងៃបន្ទាប់។
នៅពេលធ្វើដំណើរក្នុងព្រៃ ក្រុមកងកុមាររបស់នឿន មិនមានស្បៀងអាហារជាប់ខ្លួនទាល់តែសោះ ដូច្នេះក្រុមរបស់គាត់បានចេញទៅរក ដំឡូង ដើមចេកនៅក្នុងចម្ការទុកចោល ឬផ្លែល្អោន ក្ដាតព្រៃ ផ្លែកណ្ដោល និងបន្លែផ្លែឈើព្រៃផ្សេងៗទៀតដែលហូបបានមកចែករំលែកជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។ ក្រៅពីនេះ ប្រសិនបើមានអ្នកបោកគ្រាប់បែកក្នុងស្ទឹងដើម្បីសម្លាប់ត្រី ឬដើរជួបសត្វស្លាប់ ក្មេងៗបានរៀបចំបង្កាត់ភ្លើងអាំងហូបរួមគ្នា។
អំឡុងពេលធ្វើដំណើរ នឿន បានឃើញសាកសពក្មេង និងមនុស្សចាស់ជាច្រើននាក់ហើមស្អុយពេញព្រៃ ដែលមនុស្សទាំងអស់នោះភាគច្រើនស្លាប់ដោយសារតែអត់អាហារ។ នៅពេលដែលមានមេឃភ្លៀង នឿន ត្រូវសម្រាកហាលភ្លៀង ហើយសម្លៀកបំពាក់នៅលើខ្លួនត្រូវសើម និងស្ងួតវិញដោយគ្មានអ្វីផ្លាស់ប្ដូរ។
ថ្ងៃមួយនៅពេលធ្វើដំណើរដល់ទឹកជ្រោះ នឿន និងកុមារទាំងអស់បានជួយគ្នាធ្វើក្បូនជិះឆ្លងទឹកជាមួយគ្នា ប៉ុន្តែជាអកុសល មានកុមារ និងប្រជាជនជាច្រើននាក់បានស្លាប់ក្នុងពេលនោះ ព្រោះទឹកហូរខ្លាំងពេក ហើយគួចមនុស្សធ្លាក់ទៅបាត់។ បន្ទាប់មក នឿន និងប្រជាជនដែលនៅសល់ បានធ្វើដំណើរតាមអ្នកនាំផ្លូវចុះឡើងភ្នំរហូតដល់សមុទ្រខេត្តកោះកុង។ នៅទីនោះ នឿន ត្រូវបានបញ្ជូនបន្តមកខេត្តកំពត ទើបគាត់សម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងទៅស្រុកកំណើតឪពុក និងរស់នៅជាមួយគ្រួសារឪពុកមារនៅភូមិស្រមោងពន្លៃ ខេត្តតាកែវវិញ។
នៅពេលនឿន ចូលមកដល់ក្នុងភូមិ ប្រជាជនបានធ្វើស្រែរួមរួចរាល់ ហើយនៅពេលទទួលបាននិទ្នផលគឺយកទៅចែកតាមកម្លាំងពលកម្ម និងហូបតាមផ្ទះ។ ប៉ុន្តែជីវភាពប្រជាជននៅតែខ្វះខាតខ្លាំង ទាំងការហូបចុក និងស្ទើរតែគ្មានសម្លៀកបំពាក់ស្លៀកទាល់តែសោះ។ បីឆ្នាំក្រោយមក នឿន បានផ្លាស់ទៅរស់នៅជាមួយគ្រួសារឪពុកមាម្នាក់ទៀតនៅភូមិទួលសាន្ត។ មូលហេតុដែល នឿន មិនត្រលប់ទៅស្រុកកំណើតរបស់ខ្លួននៅភូមិកាចត ព្រោះគាត់ដឹងថា ឪពុកម្ដាយ និងបងស្រីរបស់គាត់បានវង្វេង និងស្លាប់នៅលើភ្នំបាត់ទៅហើយ។ បីឆ្នាំបន្ទាប់ទៀត នឿន បានប្ដូរទៅផ្ទះឪពុកមាម្នាក់ទៀតនៅភូមិស្វាយ។
នឿន បានបន្តថា គាត់បានជួបការលំបាកខ្លាំងណាស់ និងស្ទើរតែមិនជឿថាខ្លួនអាចរស់រានមានជីវិតព្រោះក្មេងៗដែលរស់នៅដោយគ្មានឪពុកម្ដាយនៅក្បែរគឺសុទ្ធតែជាអ្នកមានបុណ្យ ហើយអាយុមិនទាន់អស់។ នៅពេលផ្ដល់បទសម្ភាសន៍ នឿន មានជំងឺទឹកនោមប្រៃ លើសឈាម និងសន្លាក់ដៃជើង ដែលជាហេតុធ្វើឲ្យគាត់ពិបាកងើបអង្គុយ និងដើរ។ ដើម្បីព្យាបាលជំងឺ នឿន បានទិញថ្នាំខ្មែរពីស្វាយជួរមកដាំផឹក និងទិញថ្នាំពីពេទ្យនៅក្នុងភូមិយកមកលេបបន្ទាប់បន្សំ។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

