លេបថ្នាំហើយគ្មានប្រែប្រួលអ្វីសោះ

(កំពង់ធំ)៖ តី ហូយ អាយុ៧១ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ហូយ បានរៀបការជាមួយប្ដីរបស់គាត់នៅក្នុងឆ្នាំ១៩៧៩ និងមានកូនចំនួន៣នាក់ (ស្រី២នាក់)។

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកនៅក្នុងភូមិកំណើតរបស់ហូយ។ ឥទ្ធិពលនៃការទម្លាក់គ្រាប់បែក បានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនមួយចំនួន ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សឡើយ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងភូមិដែល ហូយ រស់នៅ ពេលនោះគាត់មានអាយុ២៣ឆ្នាំ។ នៅក្នុងរបបខ្មែរក្រហម ហូយ ធ្វើការងារនៅក្នុងកងតម្បាញ។ គាត់បាននិយាយថា នៅក្នុងរបបនោះ ខ្មែរក្រហមបញ្ជាឱ្យធ្វើការងារអ្វីគឺត្រូវតែធ្វើតាមការបញ្ជា។ ប្រជាជនត្រូវធ្វើការងារតាំងពីព្រលឹម ទល់ពេលយប់ទើបអាចសម្រាកបាន។

នៅក្នុងរបបខ្មែរក្រហម ហូយ មិនដែលទទួលបានអាហារហូបគ្រប់គ្រាន់ឡើយ គឺមានតែបបរមួយកូនចានប៉ុណ្ណោះក្នុងមួយពេល។ ហូយ ព្រមទាំងប្រជាជនដទៃទៀត ត្រូវរស់នៅក្នុងភាពអត់ឃ្លាន។ នៅពេលនោះ ដោយសារតែការស្រេកឃ្លាន មានប្រជាជនមួយចំនួនបានសម្រេចចិត្តលួចបេះបន្លែ ផ្លែឈើ ដែលខ្មែរក្រហមហាមឃាត់យកមកបរិភោគ។ ហូយ បាននិយាយថា ប្រជាជនមួយចំនួនរួចផុតពីការឃ្លាំមើលរបស់ឈ្លបអាចយកអាហារនោះហូបបាន ប៉ុន្តែមួយចំនួនទៀតត្រូវឈ្លបចាប់បានយកទៅធ្វើទារុណកម្ម ឬសម្លាប់ចោលភ្លាមៗ។

ការព្យាបាលនៅក្នុងរបបខ្មែរក្រហម គ្រូពេទ្យមិនមានការយកចិត្តទុកដាក់ថែទាំអ្នកជំងឺឡើយ។ ជាក់ស្ដែងនៅរបបនោះ ហូយ បានកើតជំងឺគ្រុនចាញ់ គាត់ទៅសម្រាកនៅមន្ទីរពេទ្យចំនួន៣ថ្ងៃ។ ក្នុងរយៈពេល៣ថ្ងៃដែលគាត់នៅព្យាបាល គ្រូពេទ្យមិនសូវយកចិត្តទុកដាក់មើលថែទាំជំងឺរបស់គាត់ឡើយ។ គាត់បានបន្តថា ក្នុងមួយថ្ងៃគ្រូពេទ្យបានផ្ដល់ថ្នាំចំនួនមួយគ្រាប់ឱ្យគាត់លេប។ បន្ទាប់ពីលេបថ្នាំនោះរួចគ្មានអ្វីប្រែប្រួលឡើយនៅតែរងាគ្រុនធម្មតា។ នៅក្នុងរបបខ្មែរក្រហម ហូយ មិនធ្លាប់បានឃើញអង្គការវាយធ្វើបាប និងសម្លាប់ប្រជាជននោះទេ ប៉ុន្តែគាត់បានឮប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយគ្នាប្រាប់ថាឈ្លបចាប់មនុស្សយកទៅសម្លាប់នៅក្នុងព្រៃ។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ហូយ បានរៀបការជាមួយនឹងប្ដីរបស់គាត់ និងមានកូនជាចំណងដៃ។ ហូយ បានលើកឡើងថា រយៈពេល៤៥ឆ្នាំហើយ ដែលរបបខ្មែរក្រហមបានដួលរលំទៅ ប៉ុន្តែសម្រាប់គាត់គិតថារឿងរ៉ាវនោះហាក់បីដូចជាទើបតែកើតឡើងថ្មីៗសម្រាប់គាត់៕

សម្ភាសន៍ដោយ៖ ហួន ធាវី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin