ភូ គីម៖ ធ្វើការក្នុងកងចល័តភូមិបានយ

ភូ គីម អាយុ៨៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គីម និងប្ដី បានស្នាក់នៅក្នុងសហករណ៍ ហើយកូនរបស់គាត់ត្រូវរស់នៅ និងធ្វើការងារក្នុងកងកុមារ។ នៅក្នុងសហករណ៍ គីម ធ្វើការងារនៅក្នុងកងច្រូត, រោយស្រូវ, កងធ្វើអង្ករ និងកងដឹកអាចម៍គោ ហើយយូរៗម្ដងគាត់ត្រូវជម្លៀសឲ្យទៅធ្វើការងារឆ្ងាយៗតាមអង្គការចាត់តាំង។ នៅក្នុងសហករណ៍ ការហូបអាហារគឺខ្វះខាត ព្រោះភាគច្រើនអង្គបានដាំបបររាវចែកឲ្យ គីម និងប្រជាជនផ្សេងទៀតហូបជាមួយសម្លម្ជូរដើមចេក។
ថ្ងៃមួយ ប្រធានសហករណ៍ បានចាត់តាំង ក្រុមរបស់គីម និងបុរសម្នាក់ ឲ្យបររទេះប្រមាណជាង១០គ្រឿងចេញពីភូមិតាំងពីព្រលឹមមាន់រងាវ ដើម្បីទៅកើបអាចម៍គោនៅស្លែង។ នៅពេលទៅដល់ គីម បានឃើញរណ្ដៅជីធំៗចំនួនពីរ ដែលជារបស់ប្រជាជនក្នុងឃុំខាងជើងនោះ។ បន្ទាប់មក ក្រុមរបស់គីម បានធ្វើការជញ្ជូនជីដាក់ក្នុងរទេះ រួចដឹកយកមកសហករណ៍ទាល់តែអស់មួយរណ្ដៅធំ ប៉ុន្តែនៅតែមិនឃើញប្រជាជនមកហាមឃាត់។ បើតាមការយល់ឃើញរបស់គីម ប្រហែលជាប្រធានសហករណ៍បានទាក់ទងទៅស្នើសុំលាមកគោរួចរាល់ ទើបមិនមានអ្នកមកហាម និងមើលទៅដូចជាក្រុមរបស់គាត់លួចជីរបស់សហករណ៍ផ្សេងទៅវិញ។
ក្រៅពីការងារខាងលើ គីម ត្រូវចេញទៅលើកប្រឡាយនៅព្រៃកប្បាស ហើយប្ដីរបស់គាត់ត្រូវបន្តធ្វើការឡើងត្នោតក្នុងសហករណ៍។ នៅការដ្ឋានការងារ អង្គការបានកំណត់ឲ្យមនុស្ស៣នាក់ ធ្វើប្រឡាយឲ្យបាន២ម៉ែត្រ ក្នុងនោះមានម្នាក់គឺជាអ្នកកាប់ និងពីរនាក់ទៀតជាអ្នករែក។ នៅកន្លែងធ្វើការ អង្គការបានរៀបចំចម្អិនអាហារដោយខ្លួនឯង ហើយរបបអាហារដែលទទួលបានគឺល្អប្រសើរជាងនៅក្នុងសហករណ៍។
នៅដើមខែមករា ឆ្នាំ១៩៧៩ ស្ថានភាពនៅក្នុងភូមិចាប់ផ្ដើមចលាចល ហើយកម្មាភិបាលខ្មែរក្រហមទាំងអស់បាននាំគ្នារត់គេចខ្លួនទាំងអស់។ បន្ទាប់មក គ្រួសាររបស់គីម និងប្រជាជន នាំគ្នាចូលទៅយកអង្ករ និងសម្ភារមួយចំនួននៅក្នុងសហករណ៍ រួចរត់ភៀសខ្លួនទៅបន្តទៀតរហូតដល់ខាងត្បូងភ្នំចំបាប់។ នៅទីនោះ គីម បានឮសំឡេងគ្រាប់បែកផ្លោង និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវៀងកងទ័ពរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា ជាមួយក្រុមខ្មែរក្រហមនៅចន្លោះសៃវា និងភ្នំជីសូរ។
នៅថ្ងៃបន្ទាប់ កងទ័ពរណសិរ្សបានធ្វើដំណើរទៅដល់កន្លែងគ្រួសារគីម និងបានឲ្យប្រជាជនទាំងអស់ត្រលប់មកផ្ទះវិញ។ ក្រោយរបបខ្មែរក្រហម គីម បាត់បង់សាច់ញាតិ៣នាក់ ក្នុងនោះមាន បងប្រុស, ប្រពន្ធ និងកូនរបស់គាត់ ដោយអង្គការយកទៅសម្លាប់ចោល។ នៅពេលផ្ដល់បទសម្ភាសន៍ គីម បានខូចឆ្អឹងចង្កេះធ្ងន់ធ្ងរ ដោយសារការធ្វើការងាររែកដីធ្ងន់ៗនៅក្នុងសម័យខ្មែរក្រហម។ ក្រៅពីនេះ គាត់មានជំងឺលើសឈាម ឈឺក្បាល ផ្ដាសាយ និងអស់កម្លាំងម្ដងម្កាល។ ដើម្បីព្យាបាលជំងឺ គីម បានទិញថ្នាំយកមកលេប ទើបអាចឡើងអង្គុយបានបន្តិចបន្តួច។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

