កែវ សុន៖ បាត់បង់ឪពុក និងកូន៦នាក់

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបាត់បង់ឪពុក និងកូន៦នាក់ ប៉ុន្តែមូលហេតុនៃការស្លាប់នេះ ខ្ញុំមិនបានដឹងទាល់តែសោះ ព្រោះអង្គការបានបំបែកខ្ញុំឲ្យទៅធ្វើការងារនិងមិនដែលឲ្យមកជួបគ្រួសារវិញទាល់តែសោះ។ បើតាមការគិត ឪពុករបស់ខ្ញុំស្លាប់ដោយសារអង្គការចាប់យកទៅសម្លាប់ព្រោះគាត់គឺជាអ្នកចេះដឹង ហើយកូនរបស់ខ្ញុំស្លាប់ដោយសារខ្វះខាតអាហារហូប និងឈឺគ្មានថ្នាំព្យាបាល។
កែវ សុន អាយុ៧៧ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សុន បានរៀបការនៅក្នុងសម័យសង្គមរាស្រ្ដនិយម។ ចូលដល់សម័យខ្មែរក្រហម សុន មានកូនជាច្រើននាក់ ហើយកូនរបស់គាត់បានចូលទៅធ្វើការងារក្នុងកងកុមារ និងរស់នៅក្នុងមណ្ឌល។ ចំណែក សុន និងប្ដី ត្រូវចេញទៅធ្វើការងារក្នុងកងផ្សេងគ្នា និងមិនដែលបានជួបគ្នាទាល់តែសោះក្នុងសម័យខ្មែរក្រហម។
សុន បានបន្តថា ខ្លួនត្រូវធ្វើការងារដកស្ទូង, រែកដី និងកាប់ដីរាល់ថ្ងៃនៅក្នុងកងចល័ត ប៉ុន្តែការហូបអាហារគឺលំបាកខ្លាំងនៅពេលគាត់រស់នៅក្បែរភូមិត្រពាំងពងទឹក ប៉ុន្តែមិនមានការសម្លាប់មនុស្សទេ។ បន្ទាប់មក នៅពេលដែលក្រុមកងចល័តរបស់គាត់ ផ្លាស់ចូលទៅធ្វើការងារនៅឃុំរំចង់ និងកន្លែងបន្តបន្ទាប់ទៀត ការធ្វើការងារនិងហូបអាហារកាន់តែលំបាកជាងមុន ហើយការសម្លាប់មនុស្សមានការកើតឡើង។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុន បានបាត់បង់ឪពុក និងកូនចំនួន៦នាក់។ ឪពុករបស់សុន ត្រូវបានអង្គការហៅយកទៅរៀនសូត្រ និងបាត់ដំណឹងរហូត។ សុន បន្តថា ខ្លួនមិនបានដឹងពីមូលហេតុដែលអង្គការហៅឪពុករបស់គាត់ទៅរៀនសូត្រនោះទេ ប៉ុន្តែបើតាមការគិតរបស់គាត់ ប្រហែលជាឪពុកគឺជាអ្នកចេះដឹងរៀនដល់ប្រលងជាប់ស៊ីធីវីការ។ បន្ទាប់ពីបាត់បង់ឪពុក ម្ដាយរបស់សុន មានការឈឺចាប់ និងនឹករឭកប្ដីជាខ្លាំង រហូតធ្វើឲ្យគាត់កើតជំងឺសតិអារម្មណ៍។ នៅពេលដែលឃើញម្ដាយកាត់ចិត្តមិនបានដូច្នេះ សុន បានថ្វាយបង្គំ រួចប្រាប់ឲ្យម្ដាយសម្រួលអារម្មណ៍ ប៉ុន្តែម្ដាយរបស់គាត់នៅតែធ្វើចិត្តមិនបាន និងធ្វើបាបគាត់រាល់ថ្ងៃ។
ចំពោះកូនៗរបស់សុនទាំង៦នាក់ សុន មិនបានដឹងច្បាស់ពីការស្លាប់នោះទេ ព្រោះនៅក្នុងសម័យខ្មែរក្រហម សុន ត្រូវក្រោកធ្វើការងារតាំងពីមេឃមិនទាន់ភ្លឺ និងមិនដែលទៅមើលថែកូនទាន់តែសោះ។ ប៉ុន្តែបើតាមការស្មានរបស់គាត់ កូនរបស់សុន ភាគច្រើនស្លាប់ដោយសារអត់អាហារ និងឈឺគ្មានថ្នាំព្យាបាល។ ក្រោយរបបខ្មែរក្រហម សុន បានរៀបរាប់ការលំបាករបស់ខ្លួនប្រាប់ទៅកូនចៅរបស់គាត់។ អំឡុងពេលរៀបរាប់ សុន ខំទប់ទឹកភ្នែកមិនឲ្យស្រក់ចុះ ព្រោះការឈឺចាប់ស្ថិតនៅក្នុងអារម្មណ៍របស់គាត់ ហើយកូនចៅរបស់គាត់មានការជឿជាក់ជាមួយសម្ដីរបស់ម្ដាយ ឬជីដូន។
អំឡុងពេលផ្ដល់បទសម្ភាសន៍ សុខភាពរបស់សុន គឺមានភាពល្អប្រសើរ ប៉ុន្តែគាត់មានអាការៈស្ពឹកជើង ពិបាកដើរ, អស់កម្លាំង និង វិលមុខ ម្ដងម្កាល។ ដើម្បីព្យាបាលជំងឺ សុន បានប្រើប្រាស់ថ្នាំពេទ្យ ដែលកូនៗទិញយកមកឲ្យ តាមអាការៈជំងឺរបស់គាត់ដែលប្រាប់ទៅកូនៗ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

