អ៊ី ហេង៖ ធ្វើការនៅក្នុងកងនារី

អ៊ី ហេង អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ហេង បានឲ្យដឹងថា អង្គការបានហៅឈ្មោះភូមិមហារាជថា ភូមិចម្រើន ឬចម្រើនផល ព្រោះភូមិនេះទទួលបានទិន្នផលស្រូវច្រើនរាល់ឆ្នាំ សម្រាប់បញ្ជូនតាមរថភ្លើងចេញទៅ។

នៅក្នុងសម័យខ្មែរក្រហម ហេង គឺជាប្រជាជនមូលដ្ឋាន ធ្វើការងារក្នុងកងចល័ត។ ជាញឹកញាប់ ក្រុមរបស់ហេង បានផ្លាស់ទីទៅធ្វើការងារដាំដំឡូង, រែកដីនៅបឹងខ្នាររុង និងធ្វើការស្ទូងដកសំណាបនៅក្បែរភូមិឈើទាល។ ក្រៅពីនេះ ហេង បានចេញទៅធ្វើការនៅភូមិអង្គស្ដេច, ភូមិបីពៃ ខាងជើងអង្គស្ដេច និងកន្លែងដទៃទៀតតាមអង្គការចាត់តាំង។ នៅក្នុងសហករណ៍ ហេង បានឃើញអង្គការរៀបចំឲ្យយុវជនរៀបការជាមួយគ្នាជាច្រើនគូក្នុងពេលតែមួយនៅពេលយប់។ នៅពេលរៀបការ អង្គការបានឲ្យយុវជនប្ដេជ្ញានៅមុខប្រធានកង និងបានប្ដូរក្រមាគ្នាទៅវិញទៅមក ទើបបញ្ចប់កម្មវិធី។ ពេលរៀបការរួច យុវជនទាំងអស់ត្រូវស្នាក់នៅផ្ទះដែលអង្គការរៀបចំឲ្យ បើទោះបីជាមិនបានស្រឡាញ់គ្នាក៏ដោយ។

បន្ទាប់មក អង្គការបានបញ្ជូន ហេង និងសមាជិកក្រុមកងចល័តចំនួន៤៩នាក់ទៀតទៅជួយស្ទូង និងដកសំណាបនៅ ខេត្តកំពត។ ពេលទៅដល់កន្លែងថ្មី អង្គការបានរៀបចំឲ្យក្រុមកងចល័តសម្រាកនៅផ្ទះធំមួយ ដែលមានការត្បាញ់កន្ទេលនៅខាងក្រោម។ នៅទីនោះ អង្គការបានផ្ដល់បាយឲ្យក្រុមយុវជនហូបគ្រប់គ្រាន់ ហើយដំណាំដែលដាំនៅក្នុងមូលដ្ឋានអាចយកមកហូបបានបន្ថែមទៀត ដែលជាហេតុធ្វើឲ្យយុវជនចាប់ផ្ដើមមានសាច់ឡើងវិញ ហើយសម្បុរស្បែកស្រស់ថ្លា។ ហេង បានបន្តថា គាត់មិនដែលទទួលបានអាហារគ្រប់គ្រាន់នោះទេ ពេលធ្វើការងារនៅខេត្តតាកែវ។

នៅចុងឆ្នាំ១៩៧៨ ស្ថានភាពនៅក្នុងភូមិចាប់ផ្ដើមមានភាពចលាចល ព្រោះយោធាខ្មែរក្រហម បានបាក់ទ័ពរត់មកជាបន្តបន្ទាប់ ក្នុងចំណោមនោះមានប្អូនរបស់ហេងម្នាក់បានរត់មកជាមួយគ្នា ប៉ុន្តែជាអកុសលបានស្លាប់តាមផ្លូវ។ ហេង បានឲ្យដឹងថា នៅពេលបាក់ទ័ពនៅសៃវ៉ា ប្អូនរបស់គាត់បានរត់មកឆ្លងស្ទឹងតាមខ្សែពួរ ដែលចងពីដើមខ្វិតខាងកើត ទៅដើមឈើម្ខាងទៀតនៅចុងខាងលិច។ ប៉ុន្តែដោយសារទឹកហូរខ្លាំងពេកទើបប្អូនរបស់គាត់របូតដៃធ្លាក់ចូលទៅក្នុងទឹកនោះ និងបានបាត់ខ្លួនរហូតមក។ ហេងសន្និដ្ឋានថា ប្អូនរបស់គាត់ប្រហែលជាបាត់បង់ជីវិតក្នុងទឹកនោះ ព្រោះសម្ភារជាច្រើនដែលនៅលើខ្លួនបានធ្វើឲ្យប្អូនរបស់គាត់ហែលទឹកមិនរួច។

ចំណែកប្អូនម្នាក់ទៀត ដែលមានអាយុប្រមាណជិត២០ឆ្នាំ បានរត់ភៀសខ្លួនទៅដល់ថ្នល់ជាតិ និងជួបជាមួយកងទ័ព(មិនច្បាស់ថាកងទ័ពគ្រប់គ្រងដោយអ្នកណា) នៅពេលដែលឆ្លងផ្លូវទៅខាងកើត។ កងទ័ព បានចាប់ប្អូនរបស់ហេង និងប្រជាជនជាច្រើននាក់ទៀតយកទៅសម្លាប់នៅចុងស្ពានស្វាយព្រៃ។ នៅពេលបាញ់សម្លាប់ ប្រជាជនដែលមានប្រាជ្ញាបានផ្ដួលខ្លួនឲ្យធ្លាក់ពីលើថ្នល់ រួចរត់ត្រលប់ទៅដល់ភូមិវិញទាំងដែលដៃមានចំណង។

នៅដើមខែមករា ឆ្នាំ១៩៧៩ ហេង និងម្ដាយ បានរត់ភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក ប៉ុន្តែគាត់ធ្វើដំណើរទៅជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមនៅវត្តត្រពាំងអណ្ដើក ទើបហេងបានត្រលប់មករស់នៅភូមិមហារាជវិញ។ ប៉ុន្តែមិនយូប៉ុន្មាន ម្ដាយរបស់ហេង បានបាត់បង់ជីវិតដោយសារឈឺចាស់ជរាបន្តទៀត។ ក្រោយមក ហេង បានរៀបការជាមួយបុរសម្នាក់ និងផ្លាស់ទីលំនៅទៅភូមិខ្វាវ។ នៅអាយុ៤០ឆ្នាំ ប្ដីរបស់ហេងបានបាត់បង់ជីវិត ដោយជំងឺក្រិនថ្លើម និងកើតទាញទឹក។

ជំងឺរបស់ប្ដីហេង មិនមែនកើតឡើងដោយសារការហូបស្រា ឬជក់បារីនោះទេ ប៉ុន្តែវាបង្កឡើងមកពីគ្រាប់កាំភ្លើងដែលស្ថិននៅក្នុងសាច់របស់គាត់កាលពីមុន។ បើទោះបីជាយ៉ាងណា ប្ដីរបស់ហេង បានទៅពេទ្យវះយកគ្រាប់កាំភ្លើងនោះចេញពីខ្លួនបាត់ទៅហើយ ប៉ុន្តែសារធាតុរំសែវ បានជ្រៀតចូលសាច់របស់គាត់រួចរាល់ និងវិវត្តទៅជាជំងឺរាំរៃជាច្រើនឆ្នាំ។ នៅពេលដែលប្ដីស្លាប់ ហេង ត្រូវរស់នៅ និងរកស៊ីចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងលំបាក។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin