កងនេសាទត្រី

(ខេត្តស្វាយរៀង) កើត សន មានអាយុ ៧៤ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សន មានឪពុកឈ្មោះ កើត សី និងម្តាយឈ្មោះ ចេង វ៉ាន់ ហើយគាត់គឺជាកូនទី២ នៅក្នុងគ្រួសារដែលមានបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។
កាលពីកុមារភាព សន រៀនសូត្របានត្រឹមថ្នាក់ទី៧ នៅសម័យសង្គមរាស្ត្រនិយម ហើយបានឈប់រៀនដោយសារជីវភាពគ្រួសារខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម។ នៅឆ្នាំ១៩៧០ សន បានចូលព្រៃម៉ាគី ដើម្បីធ្វើការតស៊ូរំដោះប្រទេសជាតិពីការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ និងដើម្បីដណ្តើមអំណាចថ្វាយសម្តេចព្រះ នរោត្តម សីហនុ វិញ។ នៅចន្លោះឆ្នាំ១៩៧២-១៩៧៣ សន បានធ្វើជាមេភូមិ ហើយនៅឆ្នាំ១៩៧៥ ចលនាបដិវត្តន៍ខ្មែរក្រហមបានទទួលជ័យជម្នះលើរបប លន់ នល់។ របបខ្មែរក្រហមបានប្រែក្លាយការដឹកនាំប្រទេសជាតិ ដោយរៀបចំជាសហករណ៍ ការដ្ឋានការងាររួម និងការហូបចុករួមគ្នានៅតាមរោងបាយ។ អង្គការបានចាត់តាំង សន ឱ្យទៅឃ្វាលគោក្របី ហើយរបបអាហារដែលទទួលបានគឺមានតែបាយ ឬបបរមួយកូនចាន ជាមួយសម្លដើមចេកប៉ុណ្ណោះ។ ក្រៅពីការងារនេះ ខ្មែរក្រហមបានប្រើ សន ឱ្យលើកប្រព័ន្ធភ្លឺស្រែ ជីកទំនប់ប្រឡាយ និងនេសាទត្រីសម្រាប់ផ្គត់ផ្គង់រោងបាយរួម។ ក្នុងពេលបំពេញការងារនេសាទត្រី សន និងកងនេសាទ ជួនកាលត្រូវរកត្រីមួយយប់ទល់ភ្លឺក៏មានដែរ។ នៅក្នុងឃុំស្វាយធំ នាវត្តគ្រួស សន ធ្លាប់ត្រូវបានឈ្លបខ្មែរក្រហមបង្ខំឱ្យវាយបំផ្លាញព្រះវិហារ និងរូបព្រះពុទ្ធបដិមា។ ទោះបីជាគាត់មិនចង់ធ្វើកិច្ចការនេះក៏ដោយ ប៉ុន្តែគ្មានជម្រើសឡើយ ព្រោះអង្គការចង់លុបបំបាត់ការគោរពប្រតិបត្តិសាសនា ហើយបង្ខំឱ្យប្រជាជនត្រូវតែគោរព និងទុកចិត្តលើអង្គការតែមួយគត់។
អំឡុងពេលធ្វើដំណើរទៅធ្វើការ សន ធ្លាប់ប្រទះឃើញសាកសពជាច្រើនដែលត្រូវបានគេសម្លាប់ និងយកទៅបោះចោលក្នុងស្រះទឹក។ នៅពេលទៅនេសាទត្រីតាមដងទន្លេក្នុងតំបន់អ្នកលឿង គាត់ធ្លាប់ប្រទះឃើញសាកសពអណ្តែតតាមផ្ទៃទឹកទន្លេផងដែរ។ នៅចុងឆ្នាំ១៩៧៨ ពេលរបបខ្មែរក្រហមជិតដួលរលំ សន ឃើញឈ្លបខ្មែរក្រហមជិះសេះបង្ខំជម្លៀសប្រជាជនរាប់ពាន់គ្រួសារឱ្យទៅរស់នៅខេត្តភាគពាយ័ព្យ។ គ្រួសាររបស់ សន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវជម្លៀសក្នុងពេលឆាប់ៗនោះដែរ ប៉ុន្តែដោយសាររបបខ្មែរក្រហមត្រូវបានផ្តួលរំលំទាន់ពេលវេលា ទើបសមាជិកគ្រួសារគាត់អាចត្រឡប់មករស់នៅស្រុកកំណើតវិញបាន។ បច្ចុប្បន្ន សន គឺជាកសិករ រស់នៅភូមិដក់ពរ និងមានជំងឺប្រចាំកាយគឺជំងឺលើសសម្ពាធឈាម។
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

