អតីតយោធាក្នុងចលនារំដោះ

(ខេត្តស្វាយរៀង) ម៉ែន គា មានអាយុ ៧២ឆ្នាំ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គា មានឪពុកឈ្មោះ ម៉ែន ឃឹម និងម្តាយឈ្មោះ ឃួន ភឹម ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩នាក់ (ស្រី៤នាក់)។
កាលពីកុមារភាព គា រៀនសូត្របានត្រឹមថ្នាក់ទី១០ នៅសម័យសង្គមរាស្ត្រនិយម។ គា បានរៀបរាប់អំពីប្រវត្តិជីវិតប្រាប់អ្នកស្ម័គ្រចិត្តថា កាលពីឆ្នាំ១៩៧០ ខ្លួនទើបតែមានអាយុ ១៨ឆ្នាំ បានឮការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ឱ្យកូនចៅទាំងអស់ចូលព្រៃម៉ាគីដើម្បីធ្វើការតស៊ូ។ គា និងអ្នកភូមិចំនួន ១០នាក់ទៀត បានទៅចូលរួមហ្វឹកហាត់នៅភូមិស្វាយ ដើម្បីចូលរួមជាមួយកម្លាំងតស៊ូរបស់សម្តេច។ ក្រោយមក ប្រជាជនដែលបានហ្វឹកហាត់រួច ត្រូវបានបំបែកទៅតាមអង្គភាពផ្សេងៗគ្នា។ គា បានចូលបម្រើជាយោធាក្នុងចលនារំដោះនៃអង្គភាពសេប្រាំ (C-5) ដែលមានមូលដ្ឋាននៅស្រុកស្វាយជ្រំ។ នាពេលនោះ គា បានឃើញអង្គភាពសេប្រាំ សហការជាមួយកងទ័ពវៀតណាម វាយប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលមានកងទ័ពអាមេរិកាំងគាំទ្រ។
នៅឆ្នាំ១៩៧៥ អង្គភាពសេប្រាំ និងយោធាខ្មែរក្រហមនៅទូទាំងប្រទេស បានទទួលជ័យជម្នះលើរបប លន់ នល់។ គា បានឃើញមានកម្មាភិបាលចូលមកត្រួតត្រាប្រជាជនក្នុងភូមិ ស្រុក និងបានអះអាងដូចៗគ្នាថាជា «អង្គការ»។ អង្គការបានចាត់តាំង គា និងយោធាផ្សេងទៀតឱ្យចូលទៅក្នុងក្រុមកសិកម្មភូមិ ដោយធ្វើការជាអ្នកផលិតជីធម្មជាតិ (លាមកមនុស្ស និងសត្វ) និងបង្កបង្កើនផលស្រូវ ដូចប្រជាជនក្នុងសហករណ៍ដែរ។ រីឯរបបអាហារវិញ គឺទទួលបានមិនគ្រប់គ្រាន់ឡើយ ដោយមានត្រឹមតែបបរមួយកូនចាន និងសម្លដើមចេក ឬត្រកួន ដែលភាគច្រើនមានតែបន្លែប៉ុណ្ណោះ។ គា និងក្រុមការងារ ១២នាក់ទៀត នៅរដូវវស្សាត្រូវទទួលបន្ទុកភ្ជួររាស់ និងច្រូតស្រូវឱ្យបានក្នុងផ្ទៃដី ១ហិកតា ក្នុងមួយថ្ងៃ។ គា បានបញ្ជាក់ថា៖ «ក្នុងរបបខ្មែរក្រហមពិតជាស្មើភាពគ្នាមែន! យោធាដូចរូបខ្ញុំដែលធ្លាប់បានចូលសមរភូមិជាមួយខ្មែរក្រហម ក៏ត្រូវមកធ្វើស្រែ, អូសរទេះដឹកសំណាប, ដឹកអាចម៍គោ និងស្លៀកសម្លៀកបំពាក់ឈុតខ្មៅដូចប្រជាជនទូទៅដែរ»។
ក្នុងរបបខ្មែរក្រហម គា បានឃើញឈ្លបបង្ខំប្រជាជនក្នុងភូមិឱ្យវាយកម្ទេចព្រះវិហារ និងរូបពុទ្ធបដិមា ព្រមទាំងយកបរិវេណវត្តអង្គឫស្សីធ្វើជាមន្ទីរឃុំឃាំងប្រជាជន ដែលអង្គការចោទថាក្បត់ ឬខុសសីលធម៌។ គា បានបន្តទៀតថា៖ «កាលណោះ អង្គការបានបោកបញ្ឆោតខ្ញុំ និងអតីតយោធាដទៃទៀតឱ្យទៅមើលកុននៅត្រពាំងលាច ស្រុកកំពង់រោទិ៍ ប៉ុន្តែតាមពិតអង្គការបម្រុងនឹងសម្លាប់ពួកខ្ញុំចោលទេ តែដោយសារពេលវេលាមិនអំណោយផល ទើបឈ្លបខ្មែរក្រហមរំសាយគម្រោងវិញ»។
ក្រោយពេលរបបខ្មែរក្រហមដួលរលំ ម៉ែន គា បានត្រឡប់មករស់នៅស្រុកកំណើតក្នុងភូមិអង្គឫស្សីវិញ។ បច្ចុប្បន្ន គា មានជំងឺលើសសម្ពាធឈាម និងឈឺរបួសជើង ដែលជាមុខរបួសតាំងពីកាលធ្វើជាយោធាមុនរបបខ្មែរក្រហមមកម្ល៉េះ៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

