រឿងរ៉ាវរបស់សមាជិកភូមិចំរេះក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ងួន វណ្ណា ជាសមាជិកភូមិចំរេះ មានអាយុ ៦៥ឆ្នាំ រស់នៅភូមិចំរេះ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វណ្ណា មានឪពុកឈ្មោះ ងួន សូ និងម្ដាយឈ្មោះ សរ ពៅ ហើយគាត់ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ២នាក់)។ កាលពីកុមារភាព វណ្ណា រៀនសូត្របានត្រឹមថ្នាក់ទី១២ នាសម័យសង្គមរាស្ត្រនិយម។

វណ្ណា បានរៀបរាប់អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាកាលពីអំឡុងឆ្នាំ២០២៤ ថា នៅពេលខ្មែរក្រហមឡើងកាន់អំណាចដំបូង អង្គការបានចាត់តាំងឱ្យគាត់រស់នៅក្នុងកងកុមារពេញកម្លាំង។ អង្គការតម្រូវឱ្យគាត់ទៅលើកភ្លឺស្រែ ជីកប្រឡាយ និងលើកទំនប់។ ក្រៅពីការងារនេះ វណ្ណា ក៏ត្រូវប្រមូលលាមកគោ សម្អាតក្រោលគោ និងជីកដីបាតស្រះយកមកធ្វើជាជី។ បន្ទាប់មក វណ្ណា ត្រូវបានរបបខ្មែរក្រហមជ្រើសរើសឱ្យធ្វើជាយោធា។ ទោះបីជា វណ្ណា ចូលបម្រើក្នុងជួរទ័ពក៏ដោយ ក៏នៅតែទទួលបានរបបអាហារមិនគ្រប់គ្រាន់ ដូចកាលធ្វើការក្នុងសហករណ៍ដែរ។ ក្រោយទទួលការហ្វឹកហ្វឺន វណ្ណា និងយោធាដទៃទៀតបានទៅធ្វើសង្គ្រាមនៅព្រំដែនប្រទេសវៀត​ណាមចំនួន ៣ដង។

នៅអំឡុងឆ្នាំ១៩៧៨ នៅពេលមានសង្គ្រាមជាមួយប្រទេសវៀតណាមកាន់តែខ្លាំងក្លា អង្គការ បានដកកម្លាំងយោធាមកជួយទប់ទល់នៅឯខេត្តស្វាយរៀង។ នៅពេលនោះ វណ្ណា និងយោធាផ្សេងទៀត បានធ្វើដំណើរមកដល់ខេត្តស្វាយរៀង ប៉ុន្តែត្រូវបន្តដកថយជាបន្តបន្ទាប់ ដោយសារចាញ់សង្គ្រាមជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា។ វណ្ណា និងយោធាខ្មែរក្រហមបានបាក់ទ័ព ហើយរត់គេចខ្លួនតាមផ្លូវជាតិលេខ១ ត្រង់តំបន់ស្ពានកំពង់ត្របែក ដែលនៅទីនោះ គាត់សង្កេតឃើញមានរថយន្ត និងរថក្រោះរបស់ខ្មែរក្រហមផ្ទុះឆេះអស់ជាច្រើនគ្រឿង។

ក្នុងជួរយោធាខ្មែរក្រហម វណ្ណា បានឮការឃោសនាថា ប្រសិនបើយោធាណាត្រឡប់ទៅស្រុកវិញ កងទ័ពវៀតណាមនឹងវះពោះញាត់ស្មៅ។ ដោយ​សារ​ក្ដីភ័យខ្លាច វណ្ណា និងយោធាដទៃទៀតបានរត់ភៀសខ្លួនជាមួយកម្មាភិបាលខ្មែរក្រហម រហូតទៅដល់តំបន់ភ្នំមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ។ នៅពេលរត់មកដល់ផ្លូវជាតិលេខ៣ វណ្ណា បានជួបជាមួយកងទ័ពវៀតណាមដែលកំពុងយាមកាម។ គាត់មិនហ៊ានឆ្លងផ្លូវជាតិឡើយព្រោះខ្លាចកងទ័ពវៀតណាមសម្លាប់ ទើបសម្រេចចិត្តបោះចោលកាំភ្លើងនៅក្បែរដំបូកមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។

ក្រោយស្នាក់នៅខេត្តកំពង់ស្ពឺបានបីយប់ គាត់បានជួបជាមួយកងទ័ពវៀតណាម ហើយគាត់បានប្រាប់កងទ័ពទាំងនោះថា គាត់គឺជាប្រជាជនរស់នៅខេត្តស្វាយរៀង។ ពេលនោះ កងទ័ពវៀតណាមក៏បានអនុញ្ញាតឱ្យ វណ្ណា ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ ក្នុងអំឡុងពេលធ្វើដំណើរ វណ្ណា បានប្រមូលស្រូវអង្កររបស់ខ្មែរក្រហមដែលនៅតាមចង្កេះភ្នំ ដើម្បីទុកជាស្បៀងសម្រាប់ហូបចុកតាមផ្លូវមកខេត្តស្វាយរៀង។ នៅពេល វណ្ណា ធ្វើដំណើរមកដល់ស្ពានច្បារអំពៅ ក្នុងក្រុងភ្នំពេញ គាត់បានឃើញរថយន្តឈប់តម្រៀបគ្នា ក៏បានសុំដោយសារដើម្បីបន្តដំណើរទៅស្រុកកំណើត។

នៅស្រុកកំណើត វណ្ណា បានធ្វើស្រែប្រវាស់ដៃជាមួយអ្នកភូមិ ដើម្បីបានពូជស្រូវសម្រាប់ដាំដុះចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ងួន វណ្ណា ជាសមាជិកភូមិចំរេះ រស់នៅឃុំស្វាយធំ និងមានជំងឺប្រចាំកាយដូចជា ជំងឺតម្រងនោម ជំងឺរបេង និងជំងឺសរសៃគៀបឆ្អឹងខ្នង។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin