ហាប វ៉ាន់៖ ឈឺស្ទើរស្លាប់ដោយសារតែហូបអាហារមិនស្អាត និងធ្វើការងារហួសកម្លាំង

ហាប វ៉ាន់[1] អាយុ៦៥ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង វ៉ាន់ បាត់បង់បងជីដូនមួយពីរនាក់ ដោយម្នាក់ស្លាប់ដោយសារកង្វះអាហារ ហើយឈឺគ្មានថ្នាំព្យាបាល។ ចំណែកបងម្នាក់ទៀតត្រូវបានអង្គកាចោទប្រកាន់ថាជាគិញវៀតណាម និងចាប់យកទៅសម្លាប់នៅឈើខ្មៅ។ អង្គការបានចោទប្រកាន់បងជីដូនមួយរបស់វ៉ាន់ ថាមានតេអូ ហើយបានហៅទាហានវៀតកុង និងកន្ទុយរុយឲ្យមកទម្លាក់គ្រាប់បែកក្នុងភូមិ។ នៅពេលដែលអង្គការចាប់បងយកទៅសម្លាប់​ វ៉ាន់ មានអាយុប្រមាណ១៤ឆ្នាំ។

បន្ទាប់មក វ៉ាន់ បានស្ម័គ្រចិត្តចូលធ្វើជាយោធា និងបានទៅហ្វឹកហាត់នៅតំបន់ភ្នំទេព។ នៅពេលហ្វឹកហាត់ក្បួនទ័ព ក្រុមរបស់វ៉ាន់ មិនសូវទទួលបានអាហារហូបចុកគ្រប់គ្រាន់នោះទេគឺមានតែបបរពោតហូប។ នៅក្នុងរបបខ្មែរក្រហម វ៉ាន មានអាយុប្រមាណ១៨ឆ្នាំ ប្រចាំការនៅខេត្តតាកែវ។

នៅឆ្នាំ១៩៧៦ អង្គការបានហៅក្រុមរបស់វ៉ាន់ ទៅប្រជុំដើម្បីសួរនាំពីប្រវត្តិរូបរបស់យោធាម្នាក់ៗ ថាមានសមាជិគ្រួសារបាត់បង់ជីវិតដោយសារអង្គការសម្លាប់ឬទេ។ ពេលឮដូច្នេះ វ៉ាន់ បានឆ្លើយតាមត្រង់ ថាអង្គការបានយកបងប្អូនជីដូនរបស់គាត់ទៅសម្លាប់។ នៅពេលយប់ប្រជុំ វ៉ាន់ និងយុវជនប្រមាណ១៤នាក់ផ្សេងទៀត ត្រូវបានអង្គការដកកាំភ្លើងចេញទាំងអស់ និងត្រៀមខ្លួនត្រលប់ទៅក្រោយវិញ។ វ៉ាន់ គិតថាខ្លួនបានត្រលប់មកផ្ទះវិញ ប៉ុន្តែការពិតអង្គការបានបញ្ជូនក្រុមរបស់គាត់ទៅកោះអណ្ដែតនៅថ្ងៃបន្ទាប់។

នៅកោះអណ្ដែត អង្គការបានដាំបាយចែកឲ្យយុវជនម្នាក់មួយវែក ហូបជាមួយប្រហុកចំហុយ ដែលជាម្ហូបឆ្ងាញ់របស់វ៉ាន់។ ប៉ុន្តែអាហារទាំងអស់នេះ គឺមិនគ្រប់គ្រាន់នោះទេសម្រាប់ក្រុមគាត់ ព្រោះជារៀងរាល់ថ្ងៃ វ៉ាន់ និងយុវជន ត្រូវក្រោកពីម៉ោងប្រមាណ៤ភ្លឺ ដើម្បីធ្វើការងារកាប់ដីនៅខាងជើងកោះអណ្ដែត។ មិនយូរប៉ុន្មានអង្គការបានបញ្ជូនយុវជនប្រមាណ៤០នាក់ទៅកោះអណ្ដែតបន្ថែមទៀត ទើបបញ្ជូនវ៉ាន់ និងយុវជនចំនួន១៩នាក់ទៅធ្វើការងារលើកទំនប់ទួលឃ្លោក។ នៅទីនោះ ក្រុមយុវជនបានហូបអាហារជាមួយប្រជាជន និងចាប់ផ្ដើមមានសាច់ឡើងវិញ ព្រោះអង្គការបានដាំបាយ២ខ្ទះឲ្យហូបរាល់ថ្ងៃ។ ទោះបីជាយ៉ាងណា បាយនេះមិនបានធ្វើឲ្យ វ៉ាន់ គ្រប់គ្រាន់ទេ ព្រោះពេលនោះគាត់កំពុងឃ្លានខ្លាំង និងត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ។

មួយខែក្រោយមក អង្គការបានបញ្ជូនក្រុមរបស់វ៉ាន់ ឲ្យទៅធ្វើការលើកភ្លឺ នៅអណ្ដូងសំរិត ដោយក្នុងមួយថ្ងៃគាត់ត្រូវធ្វើការកាប់ដីលើកភ្លឺឲ្យបាន២៥ម៉ែត្រ ក្នុងនោះត្រូវធ្វើពេលព្រឹក១៥ម៉ែត្រ និងពេលថ្ងៃ១០ម៉ែត្រ។ ភ្លឺស្រែដែល វ៉ាន់ លើកត្រូវមាន កំពស់៥ទឹក បាត២ម៉ែត្រ និងខ្នងលើ១ម៉ែត្រ។ ចំណែកការហូបអាហារ គឺបានបាយឬបបរ តិចតួច ហូបជាមួយសម្លព្រលឹត។ នៅពេលបញ្ចប់ការងារ អង្គការបានបញ្ជូនវ៉ាន់ និងយុវជនទាំងអស់ទៅធ្វើការងារនៅភូមិចុងអង្ករ។

នៅកន្លែងថ្មី វ៉ាន់ ទទួលបានរបបអាហារដូចពីមុន ប៉ុន្តែការស្លនៅទីនោះគ្មានអនាម័យទាល់តែសោះ ព្រោះអង្គការបានយកព្រលឹតទៅហាន់ជាកង់ៗទាំងសំបកដែលមើលទៅដូចសម្លបាយជ្រូកស៊ី។ ការអត់ឃ្លាននេះ បានធ្វើឲ្យរាងកាយ វ៉ាន់ ស្គមស្គាំងខ្លាំង រហូតដល់ធ្លាក់ខ្លួនឈឺរាគមូល។ នៅពេលមានជំងឺ វ៉ាន់​ បានទៅព្យាបាលនៅពេទ្យក្បែរនោះ ប៉ុន្តែដោយសារជំងឺរបស់គាត់បានវិវត្តនទៅរកសភាពធ្ងន់ធ្ងរ ទើបអង្គការបញ្ជូនបន្តទៅពេទ្យស្រុក។ ពេលទៅដល់ពេទ្យស្រុក វ៉ាន់ បានជួបគ្រូពេទ្យម្នាក់ដែលធ្លាប់ព្យាបាលរបួសជើងឲ្យគាត់កាលពីមុន។ គ្រូពេទ្យនោះបានបន្តជួយព្យាបាលជំងឺវ៉ាន់ និងបានសួរគាត់ថាមកពីណា ហេតុអ្វីបានជាស្គមម្លេះ ព្រោះពីមុនគ្រូពេទ្យបានដឹងច្បាស់ថា វ៉ាន់ គឺជាយោធា។

នៅក្នុងពេទ្យស្រុក ការព្យាបាលជំងឺរយៈពេលកន្លះខែដំបូងរបស់វ៉ាន់ មិនបានធូរស្រាលនោះទេ។ ជំងឺរបស់គាត់បានវិវត្តធ្ងន់ធ្ងរឡើង ដោយពោះរបស់គាត់កាន់តែធំទៅស្ទើរផ្ទុះ ហើយដៃជើងចាប់ផ្ដើមស្គមស្វិតរហូតដល់ដើរលែងរួច។ លើសពីនេះទៅទៀត សក់ក្បាលរបស់វ៉ាន់ ចាប់ផ្ដើមជ្រុះរហូតដល់អស់ និងលែងដឹងខ្លួននៅពេលបន្ទោរបង់។ វ៉ាន់ បានចំណាយពេលសម្រាកព្យាបាលនៅពេទ្យរយៈពេលប្រមាណជិត១០ខែ ទើបគាត់បានជាពីជំងឺ និងចេញពីពេទ្យ។ នៅឆ្នាំ១៩៧៧ បន្ទាប់ពីចេញពីពេទ្យ វ៉ាន់ បានធ្វើដំណើរដោយថ្មើរជើងត្រលប់ទៅសហករណ៍វិញ។ នៅពេល វ៉ាន់ ទៅដល់ផ្ទះភ្លាមម្ដាយរបស់គាត់បានស្រក់ទឹកភ្នែកអាណិតកូនប្រុសដែលឈឺស្គមខ្លាំង និងជ្រុះសក់អស់។

នៅឆ្នាំ១៩៧៨ អង្គការបានចាប់តាំងឲ្យ វ៉ាន់ចូលទៅធ្វើជាយោធាវិញ ព្រោះពេលនោះការប្រយុទ្ធគ្នាជាមួយទាហានស្ម័គ្រចិត្តវៀតណាមកាន់តែខ្លាំងខ្លាឡើង។ វ៉ាន់ បានចូលរួមប្រយុទ្ធជាមួយទាហានស្ម័គ្រចិត្តវៀតណាម៣ខែ ទើបបាក់ទ័ពរត់ត្រលប់ក្រោយវិញ។ វ៉ាន់ ធ្វើដំណើរទៅដល់ភ្នំស្រង់ និងភ្នំស្រួច ទើបគាត់សម្រេចចិត្តត្រលប់ទៅផ្ទះវិញ ព្រោះពេលនោះរបបខ្មែរក្រហមបានដួលរលំទាំងស្រុង។ នៅពាក់កណ្ដាល់ឆ្នាំ១៩៧៩ វ៉ាន់ បានរៀបការជាមួយនារីម្នាក់នៅក្នុងភូមិ។ បន្ទាប់មកគាត់បានចូលធ្វើជាទាហានម្ដងទៀត។

១៩៨៤ វ៉ាន់ បានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ និងចាប់ផ្ដើមប្រកបរបររត់កង់ឌុប។ នៅភ្នំពេញ វ៉ាន់ ធ្លាប់បានចូលទៅទស្សនាគុកទួលស្លែង និងបានឃើញពីការធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងឃោរឃៅបំផុត។ នៅពេលឃើញដូច្នេះ​ វ៉ាន់ ចាប់ផ្ដើមស្រមៃ និងមានអារម្មណ៍ភ័យខ្លាច រហូតធ្វើឲ្យគាត់សម្រាន្តមិនលក់អស់រយៈពេលកន្លះខែ។ វ៉ាន់ បានឲ្យដឹងថា ខ្លួនបានចូលធ្វើជាទាហានរបស់ខ្មែរក្រហម ប៉ុន្តែគាត់មិនបានដឹងថាមានការសម្លាប់មនុស្សទេ ហើយសមាជិកគ្រួសាររបស់គាត់ក៏មិនទទួលបានការធ្វើបាបដែរ។ ប៉ុន្តែរហូតដល់ពេលរបបខ្មែរក្រហមដួលរលំ ទើបវ៉ាន់ បានឃើញកន្លែងសម្លាប់មនុស្ស។

ក្រោយមក វ៉ាន់ បានទៅចូលរួមមើលការកាត់ទោសមេដឹកនាំខ្មែរក្រហម។ វ៉ាន់​ យល់ថាការដាក់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់គុកអស់មួយជីវិតគឺជាទោសស្រាលពេក ព្រោះមេដឹកនាំខ្មែរក្រហមបានធ្វើឲ្យប្រជាជនស្លាប់អស់ជាច្រើនម៊ឺននាក់។ មួយវិញទៀត វ៉ាន់ បានបង្ហាញពីអារម្មណ៍ហួសចិត្តដែលក្មេងៗជំនាក់ក្រោយ ជាពិសេសកូនចៅរបស់គាត់ហាក់មានការមិនជឿជាមួយសម្ដីរបស់គាត់ដែលបានរៀបរាប់រឿងរ៉ាវលំបាកក្នុងសម័យខ្មែរក្រហម។

នៅពេលផ្ដល់បទសម្ភាសន៍ វ៉ាន់ មានជំងឺតម្រង់នោម, ចុកក្នុងក្រពពះពោះវៀន, លើសឈាម, និងបញ្ហាភ្នែក។ វ៉ាន់ គិតថាជំងឺរបស់គាត់កើតឡើងពីការធ្វើការងារធ្ងន់ និងហូបអាហារមិនគ្រប់គ្រាន់ក្នុងសម័យខ្មែរក្រហម ហើយបញ្ហាភ្នែក កើតឡើងដោយសារតែប៉ះជាមួយកាំភ្លើង នៅពេលដែលគាត់លោតផ្លោះឆ្លងប្រឡាយ។ ដើម្បីព្យាបាលជំងឺ វ៉ាន់ បានទៅពិនិត្យសុខភាពនៅពេលរដ្ឋ, ទិញថ្នាំពីពេទ្យឯកជន និងប្រើប្រាស់ថ្នាំខ្មែរមួយចំនួនទៀត។

[1] ជួបជាមួយឈ្មោះ ហាប វ៉ាន់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយកែប ម៉ៃ សុជាតា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin