ជីកប្រឡាយ លើកទំនប់នៅខេត្តពោធិ៍សាត់

(ខេត្តស្វាយរៀង) ទេព ផារី មានអាយុ ៦៥ ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ផារី មានឪពុកឈ្មោះ ទេព ឡាំ ម្តាយឈ្មោះ ឡាយ យ៉ន និងមានបងប្អូនចំនួន ៦ នាក់ ដែលគាត់គឺជាកូនច្បងក្នុងគ្រួសារ។ កាលពីកុមារភាព ផារី រៀនសូត្របានត្រឹមថ្នាក់ទី ៤ ហើយក្រោយពីឈប់រៀន គាត់បានប្រកបរបរជាកសិករ។
រឿងរ៉ាវដែល ផារី ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺនៅពេលដែលអង្គការជម្លៀសគាត់ឱ្យទៅរស់នៅខេត្តពោធិ៍សាត់ និងបង្ខំឱ្យធ្វើការធ្ងន់ៗដូចជា ជីកប្រឡាយ និងលើកទំនប់ រហូតស្ទើរតែបាត់បង់ជីវិត។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចដំបូងរហូតដល់ឆ្នាំ ១៩៧៧ ផារី ត្រូវបានអង្គការប្រើឱ្យលើកប្រព័ន្ធភ្លឺស្រែ និងជីកព្រែក ដើម្បីធ្វើជាប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពស្រូវ។ នៅចុងឆ្នាំ ១៩៧៧ អង្គការបានជម្លៀស ផារី ពីខេត្តស្វាយរៀងឱ្យទៅរស់នៅខេត្តពោធិ៍សាត់។ ផារី បានធ្វើដំណើរដោយថ្មើរជើងផង និងជិះរថភ្លើងផង ទើបទៅដល់ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលទៅដល់ខេត្តពោធិ៍សាត់ដំបូង អង្គការបានតម្រូវឱ្យ ផារី រស់នៅក្នុងខ្ទមតូចៗដែលសង់នៅតាមវាលស្រែ ក្បែរកន្លែងរែក និងជីកដី ហើយគាត់ត្រូវស្នាក់នៅជាមួយយុវនារីផ្សេងទៀតចំនួន ៤ នាក់ ដោយត្រូវបែកពីសមាជិកគ្រួសារ។ នៅទីនោះការងាររបស់ផារី គឺត្រូវជីកប្រឡាយ បោកស្រូវ និងជញ្ជូនស្រូវយកទៅទុកនៅលើភ្នំ។ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ផារី ធ្លាប់ឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ដែលកងឈ្លបសម្លាប់ប្រជាជនដែលជម្លៀសមកពីភូមិភាគបូព៌ាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការសម្លាប់នោះ គឺប្រើវិធីវាយនឹងប្រនង់ និងចាក់នឹងចំពុះទង់កាំភ្លើង។ នៅដើមឆ្នាំ ១៩៧៩ ផារី បានទទួលព័ត៌មានពីអ្នកភូមិថា អង្គការមានគម្រោងសម្លាប់អ្នកដែលមកពីភូមិភាគបូព៌ាទាំងអស់ រួមទាំងរូបគាត់ផងដែរ។ ហេតុដូច្នេះ គាត់ក៏បានសម្រេចចិត្តរត់គេចពីកន្លែងស្នាក់នៅទៅពួនលាក់ខ្លួននៅក្នុងព្រៃ។ក្រោយរបបខ្មែរក្រហមដួលរលំ ផារី និងគ្រួសារបានធ្វើដំណើរត្រឡប់ពីខេត្តពោធិ៍សាត់មករស់នៅខេត្តស្វាយរៀងវិញ។ នៅតាមផ្លូវ ផារី បានឃើញប្រជាជនសម្លាប់កម្មាភិបាលខ្មែរក្រហម ដែលធ្លាប់បានកាប់សម្លាប់ប្រជាជននាពេលកន្លងមក។
សព្វថ្ងៃ ផារី គឺជាកសិករ រស់នៅឃុំអង្គប្រស្រែ និងមានជំងឺប្រចាំកាយគឺ ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

