ស្បែកជើងកង់ឡាន

(កំពង់ចាម)៖ ហៃ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រសិនជាប្រជាជនណាម្នាក់ដែលមានស្បែកជើងកង់ឡានពាក់ គឺរាប់ថាជាអ្នកដែលហ៊ឺហាជាងគេហើយ។ គាត់បានបន្ថែមថា អ្នកដែលមានស្បែកជើងកង់ឡានពាក់គឺសុទ្ធតែជាអ្នកមានឋានៈ កម្រិតចាប់ពីកម្មាភិបាលឡើងទៅ។
សន ហៃ អាយុ៨១ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហៃ មានបងប្អូនចំនួន៦នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់មានជំងឺស្ពឹកដៃ-ជើង អស់រយៈពេលជាង២៤ឆ្នាំមកហើយ។
នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ ហៃ ធ្វើការងារជាច្រើន ហើយជម្លៀសទៅកាន់តំបន់ជាច្រើន។ ការងារដំបូងដែលអង្គការចាត់តាំងឱ្យគាត់ធ្វើ គឺឡើងត្នោត។ ហៃ មិនធ្លាប់មានបទពិសោធន៍ និងមិនយល់ដឹងពីរបៀបកៀបយកទឹកត្នោតឡើយ។ នៅពេលនោះមានប្រជាជនដែលធ្វើការជាមួយគ្នា បានប្រាប់គាត់។
ក្រោយមក ខ្មែរក្រហមបានបញ្ជូនគាត់ឱ្យទៅជីកប្រឡាយ, លើកទំនប់, លើកប្រព័ន្ធភ្លឺ និងរែកដី នៅតំបន់ត្រួយចេក។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសគាត់ទៅធ្វើការនៅតំបន់អូរដាអស់រយៈពេលមួយឆ្នាំកន្លះ។ បន្ទាប់មកទៀត អង្គការបានចាត់តាំងឱ្យ ហៃ ធ្វើការងារនៅក្នុងរោងបាយបានរយៈពេលមួយឆ្នាំ ក៏បានដកបញ្ជូនឱ្យទៅធ្វើផ្ទះនៅស្ទឹងត្រង់។ ក្រោយពីចប់ការងារនៅតំបន់ផ្សេងៗរួចហើយ ខ្មែរក្រហម បានបញ្ជូនគាត់មកភូមិកំណើតវិញ ដើម្បីធ្វើស្រែប្រវាស់ដៃ។
ហៃ បាននិយាយថា ផ្ទះរបស់គាត់ ត្រូវបានខ្មែរក្រហមរុះរើខ្ទេចខ្ទីគ្មានសល់។ ចំណែកទ្រព្យសម្បត្តិទាំងអស់មិនថាជាដីស្រែ, លុយកាក់ ព្រមទាំងរបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានប្រមូលចាត់ចូលជារបស់សមូហភាព ហើយគ្មានទ្រព្យសម្បត្តិអ្វីមួយជាកម្មសិទ្ធិឯកជនទៀតឡើយ។ នៅក្នុងរបបខ្មែរក្រហម មិនមានប្រជាជនណាហ៊ានបេះបន្លែ ផ្លែឈើដែលដាំនៅជុំវិញផ្ទះឡើយ ព្រោះរបស់ទាំងនោះ គឺជាកម្មសិទ្ធិរបស់អង្គការ។
នៅក្នុងរបបខ្មែរក្រហម របបអាហាររបស់ប្រជាជនមានការខ្វះខាតខ្លាំង។ ក្នុងរយៈពេលមួយថ្ងៃ ហៃ ទទួលបានត្រឹមតែបបរចំនួនពីពេលប៉ុណ្ណោះ ហើយជាបបររាវលាយជាមួយសម្លម្ជូរព្រលឹត និងម្ជូរត្រកួន។ ពីមួយថ្ងៃទៅមួយថ្ងៃ ហៃ ហូបតែបបររាវ មានតែនៅខែប្រមូលផលប៉ុណ្ណោះ ដែលគាត់អាចហូបបាយ ប៉ុន្តែបានត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។
នៅក្នុងរបបនោះ ខ្មែរក្រហម ទុកតែប្រជាជនដែលគ្មានចំណេះដឹងប៉ុណ្ណោះ ហើយស្រាវជ្រាវរកប្រវត្តិរូប ប្រជាជនដែលមានចំណេះដឹង ឬជាមន្រ្តីរាជការ ដើម្បីយកទៅសម្លាប់ចោល។ ខ្មែរក្រហមព្យាយាមយកឋានៈ និងតួនាទីធ្វើជាអន្ទាក់ឱ្យប្រជាជនសារភាព ដោយសន្យាថាអ្នកដែលមានតួនាទីជាគ្រូបង្រៀន នឹងបានធ្វើជាគ្រូបង្រៀនវិញ, មន្ត្រីរាជការធ្វើការងារក្នុងរាជការវិញ ប៉ុន្តែជាក់ស្ដែងគឺផ្ទុយស្រឡះពីការប្រកាស។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវស្នាក់នៅរួម, ហូបរួម និងធ្វើការងាររួម។ នៅក្នុងរបបនោះប្រជាជនទាំងចាស់ និងកូនក្មេង គឺសុទ្ធតែមានការងារធ្វើរៀងៗខ្លួន៕
សម្ភាសន៍ដោយ៖ ឃាន់ ម៉ាល័យ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

