យុន សម្ផស្ស៖ កួរស្រូវ

(កណ្ដាល)៖ យុន សម្ផស្ស ភេទស្រី មានអាយុ៥៦ឆ្នាំ។ សម្ផស្ស រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ផស្ស មានភូមិកំណើតនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ផស្ស មានឪពុកឈ្មោះ យុន ភឿង, ម្ដាយឈ្មោះ ង៉ែត ងឿន និងមានបងប្អូនចំនួន៧នាក់។
នៅរបប លន់ នល់ សម្ផស្ស ឈប់រៀនត្រឹមថ្នាក់ឌីប្លូម នៅសាលាវត្តអង្គ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសគ្រួសាររបស់សម្ផស្សទៅរស់នៅភូមិត្រពាំងកក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សម្ផស្សតាមរថភ្លើងទៅខេត្តបាត់ដំបង។ គ្រួសាររបស់សម្ផស្ស ធ្វើដំណើរចេញពីស្ថានីយរថភ្លើងវល្លិសរ ហើយចុះនៅស្ថានីយរថភ្លើងសិរីសោភ័ណ។
នៅពេលទៅដល់ ខ្មែរក្រហមយករថយន្តមកដឹកគ្រួសាររបស់សម្ផស្សទៅរស់នៅក្នុងសហករណ៍ភូមិថ្មី ស្រុកភ្នំស្រុក។ នៅទីនោះ ខ្មែរក្រហមបានចាត់ទុកគ្រួសាររបស់សម្ផស្សជាប្រជាជនថ្មី ឬប្រជាជន១៧មេសា។ សម្ផស្ស ត្រូវធ្វើការក្នុងកងកុមារ។ សម្ផស្ស ត្រូវធ្វើស្រែចម្ការ និងដាំដំឡូងមី ហើយគាត់ត្រូវសម្រាកនៅខ្ទមប្រក់ស្លឹកខ្លុងដែលនៅក្នុងព្រៃ។ ក្រោយមក សម្ផស្ស ត្រលប់មកធ្វើការក្នុងភូមិវិញ ដោយគាត់ត្រូវរែកជីអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងជួយម្តាយរបស់គាត់មើលថែប្អូនៗរបស់គាត់។ សម្ផស្ស និយាយថា នៅពេលនោះ គាត់ទទួលបានការហូបចុកគ្រប់គ្រាន់ ដោយសារខ្មែរក្រហមចែកអង្ករឲ្យដាំ និងហូបនៅតាមផ្ទះ។ សម្ផស្ស ចងចាំថា កាលនោះ ផ្ទះឈើដែលគ្រួសាររបស់គាត់រស់នៅ មានកាំជណ្តើរតែបីកាំប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៧ កម្មាភិបាលភូមិភាគនិរតី ឈ្មោះ ហឿន និងប្រពន្ធឈ្មោះ អឿន បានចូលមកគ្រប់គ្រងសហករណ៍របស់គាត់ និងដេញសម្លាប់គណៈសហករណ៍ និងកម្មាភិបាលភូមិភាគពាយ័ព្យ។ សម្ផស្ស ចងចាំថា គណៈសហករណ៍ឈ្មោះ ឈីវ បានរត់គេចខ្លួនទៅខេត្តសៀមរាប។ ចំណែកគណៈសហករណ៍ឈ្មោះ តាឡន បានចងកសម្លាប់ខ្លួន។ ក្រោយមក កម្មាភិបាលភូមិភាគនិរតី បានវាយដំម្ដាយរបស់សម្ផស្ស ដោយសារមានគេឃើញម្ដាយរបស់គាត់រើសកួរស្រូវដែលជ្រុះនៅតាមផ្លូវ។
នៅឆ្នាំ១៩៧៨ ឪពុករបស់សម្ផស្ស បានស្លាប់ដោយសារហូបចុកមិនគ្រប់គ្រាន់ និងជំងឺហើម។ នៅពេលកម្មាភិបាលភូមិភាគនិរតីគ្រប់គ្រងសហករណ៍របស់គាត់ របបអាហារដែលគាត់ទទួលបានមានតែបបរលាយជាមួយដំឡូងប៉ុណ្ណោះ។ ក្នុងមួយថ្ងៃ សម្ផស្ស ទទួលរបបអាហារពីរពេល។ សម្ផស្ស និយាយថា សូម្បីតែដំឡូងមីដាំនៅក្រោយផ្ទះក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់បេះហូបដែរ។ សម្ផស្ស បន្ដថា បន្ទាប់ពីច្រូតកាត់រួច ទើបខ្មែរក្រហមចែកបាយលាយជាមួយអំបិលលីងឲ្យប្រជាជន ប៉ុន្តែខ្មែរក្រហមចែកតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជាឲ្យប្រជាជនថ្មីជីករណ្ដៅ។ សម្ផស្ស និយាយថារណ្តៅនោះ គឺជីកទុកដើម្បីសម្លាប់ប្រជាជនថ្មី។ មិនយូរប៉ុន្មាន នៅពេលកងទ័ពវៀតណាមចូលមកដល់ខេត្តបាត់ដំបង ខ្មែរក្រហមបានកៀរប្រជាជនចាស់ឡើងទៅភ្នំកូនខ្លែង។ ចំណែកប្រជាជនថ្មីមួយចំនួនរួមទាំងគ្រួសាររបស់សម្ផស្សបានរត់ទៅខេត្តសៀមរាប។
នៅឆ្នាំ១៩៧៩ នៅពេល គ្រួសាររបស់សម្ផស្ស ជួបកងទ័ពវៀតណាម។ កងទ័ពវៀតណាមបានប្រាប់គ្រួសាររបស់សម្ផស្សឲ្យទៅរស់នៅទីក្រុងភ្នំពេញ ឬភូមិកំណើតវិញ។ នៅឆ្នាំ១៩៨១ បន្ទាប់ពីរស់នៅភ្នំក្រឡាញ់អស់រយៈពេលមួយឆ្នាំ សម្ផស្ស បានសម្រេចចិត្តត្រលប់មករស់នៅភូមិកំណើតវិញ៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

