បបរមួយខ្ទះ ដាក់អង្ករពីរកំប៉ុង

(ព្រៃវែង)៖ យឹម ស៊ី អាយុ៨៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្ននៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ បច្ចុប្បន្ន គាត់មានបញ្ហាសុខភាពច្រើន ព្រោះវ័យកាន់តែជរា។

នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីអំណាច។ នៅពេលនោះមានការទម្លាក់គ្រាប់បែក ដែលបណ្ដាលឱ្យផ្ទះរបស់គាត់ឆេះមួយចំហៀង។ ដោយសារស្ថានភាពនៅក្នុងភូមិចេះតែមិនល្អពីមួយថ្ងៃទៅមួយថ្ងៃ យឹម ស៊ី និងគ្រួសារបានសម្រេចចិត្តចាកចេញពីភូមិ ស្វែងរកកន្លែងស្នាក់នៅដែលមានសុវត្ថិភាព។ គ្រួសាររបស់ ស៊ី បានភៀសខ្លួនពីមួយកន្លែងទៅមួយកន្លែងទៀត ព្រោះតែគ្រាប់បែកនៅតែបន្តទម្លាក់ដេញតាមជាប់ជានិច្ច។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានយកឈ្នះលើទាហាន លន់ នល់។ នៅពេលនោះ ខ្មែរក្រហម បានប្រកាសឱ្យប្រជាជននៅក្នុងតំបន់ ប្រមូលយកទ្រព្យសម្បត្តិឯកជនទាំងអស់ដាក់ជាសមូហភាព។ មិនតែប៉ុណ្ណោះ ខ្មែរក្រហម បានចាត់តាំងឱ្យប្រជាជនធ្វើការទៅតាមរដូវកាលនីមួយៗ មានដូចជា ជីកប្រឡាយ, លើកទំនប់, រែកដី, លើកប្រព័ន្ធភ្លឺស្រែ, ធ្វើស្រែ-ចម្ការ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត, មើលថែទាំកុមារ ព្រមទាំងធ្វើបង្គី និងវេញខ្សែគោជាដើម។

នៅក្នុងរបបខ្មែរក្រហម យឹម ស៊ី ធ្វើការងារនៅក្នុងកងថែទាំកុមារ ព្រោះពេលនោះគាត់ទើបតែសម្រាលកូនរួច មិនទាន់មានកម្លាំងអាចធ្វើការងារធ្ងន់បាននៅឡើយ។ ក្រៅពីនោះ​ គាត់នៅមើលថែទាំកូនដែលមានជំងឺ។ ​គាត់បានលើកឡើងថារនៅពេលនោះ ក្នុងមួយថ្ងៃប្រជាជន ទទួលបានត្រឹមអាហារចំនួន២ដង គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារដែលប្រជាជនទទួលបាននៅពេលនោះ ជាបបរលាយជាមួយសម្លម្ជួរ។ យឹម ស៊ី បានបន្តទៀតថា នៅក្នុងកងរបស់គាត់ ក្នុងបបរមួយខ្ទះ គឺដាក់អង្ករត្រឹមតែ២កំប៉ុងប៉ុណ្ណោះ។

យឹម ស៊ី បានចែករំលែកអំពីពិធីមង្គលការ នៅក្នុងរបបខ្មែរក្រហមថា ការរៀបការធ្វើឡើងដោយបង្ខំចំពោះប្រជាជនធម្មតា ចំណែកអ្នកដែលមានតួនាទីជាសមាជិកខ្មែរក្រហមដូចជាប្រធានក្រុម ឬកម្មាភិបាល អាចមានសិទ្ធិស្នើសុំទៅកាន់អង្គការ ដើម្បីរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់។  អង្គការរៀបចំពិធីរៀបការម្ដងៗសម្រាប់គូស្រករចាប់ពី៥គូ, ១០គូ រហូតដល់៥០គូ។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនមួយចំនួនត្រូវបានអង្គការបញ្ជាឱ្យវាយកម្ទេចរូបសំណាក់ព្រះពុទ្ធប្បដិមា និងព្រះវិហារសាសនា។ ក្នុងរបបនោះ គ្មានការគោរពប្រណិប័តន៍សាសនាទេ ចំណែកព្រះសង្ឃមានតួនាទីធ្វើការងារដូចប្រជាជន៕

សម្ភាសន៍ដោយ៖ ចូច ចរិយា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin