ថៃ ស៊្រុន៖ ខ្មែរក្រហមយកឪពុករបស់ខ្ញុំទៅកោះគរ

ថៃ ស៊្រុន រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ថៃ ស៊្រុន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ស៊្រុន មានភូមិកំណើតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ ស្រ៊ុន មានបងប្អូនចំនួនបួននាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ស្រ៊ុន ដែលមានអាយុ ៧ឆ្នាំ បានចូលរៀននៅសាលាវត្តប្រាសាទ។ នៅឆ្នាំ១៩៧០ ស្រ៊ុន បានឈប់រៀនត្រឹមថា្នក់ទី៧ និងបួសនៅវត្តប្រាសាទ ដោយសាររដ្ឋប្រហារនៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលមកក្នុងភូមិ និងជម្លៀសស្រ៊ុនជាបន្តបន្ទាប់ឲ្យទៅរស់នៅវត្តទុយោរ, វត្តកំពង់ភ្នំក្រៅ និងកោះចម្រើន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចទូទាំងប្រទេស បានចាត់ទុក ស្រ៊ុន ជាប្រជាជនចាស់។ ស្រ៊ុន បានសឹក និងធ្វើការក្នុងអង្គភាពយុវជន នៅភូមិទួលក្រសាំង ដោយត្រូវជីកប្រឡាយ និងលើកទំនប់ទួលក្រសាំង។ ស៊្រុន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយរបបអាហារ គឺមានតែនំម៉្សៅជ្រែ, ចេកមួយផ្លែ, បបរ ឬបាយមួយវែកប៉ុណ្ណោះក្នុងមួយពេល។

ស្រ៊ុន និយាយថា ការហូបចុកគឺមិនទៀងទាត់នោះទេ។ ចំណែកអ្នកណាដែលលួចហូប នោះនឹងត្រូវខ្មែរក្រហមចាប់បញ្ជូនទៅកោះគរ។ ស្រ៊ុន បានដឹងថា នៅពេលយប់ ខ្មែរក្រហមបានបណ្ដើរមនុស្សយកទៅវាយសម្លាប់ដោយត្បូងចប និងទម្លាក់សាកសពចូលទៅក្នុងរណ្ដៅ។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានចាប់ផ្តើមវាយកម្ទេចវត្តអារាមនៅក្នុងភូមិ។ នៅខែកក្កដា ឆ្នាំ១៩៧៧ ឪពុករបស់ស្រ៊ុន ត្រូវបានខ្មែរក្រហមចាប់បញ្ជូនទៅកោះគរ និងបាត់ខ្លួនរហូតមក។ ស្រ៊ុន និយាយថា នៅមុនរបបខ្មែរក្រហម ឪពុករបស់គាត់ជាសង្គ្រាជ និងនៅរបបខ្មែរក្រហម ឪពុករបស់គាត់ធ្វើជាគ្រូសង្គមកិច្ចនៅឃុំស្វាយរលំ។ មិនយូរប៉ុន្មាន ស្រ៊ុន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងវរបញ្ញើ។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានបញ្ជូន ស្រ៊ុន ឲ្យត្រលប់មកធ្វើការនៅភូមិទួលក្រសាំងវិញ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊្រុន បានរៀបការ និងមករស់នៅក្នុងឃុំត្រើយស្លារហូតមកទល់បច្ចុប្បន្ន៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin