សួន សុវ៉ន៖ រៀបការដោយស្ម័គ្រចិត្ត

(កណ្ដាល)៖ សួន សុវ៉ន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ សុវ៉ន មានប្រពន្ធឈ្មោះ ផុន និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។
នៅរបបសង្គមរាស្ត្រនិយម សុវ៉ន បានចូលរៀននៅសាលាកោះរះ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ សុវ៉ន បានឈប់រៀនត្រឹមថា្នក់ទី៩។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស សុវ៉ន ទៅរស់នៅភូមិព្រែកក្មេង។ នៅឆ្នាំនោះ ខ្មែរក្រហមយកសម្លៀកបំពាក់ពណ៌ខ្មៅទៅប្រគេនព្រះសង្ឃ និងប្រាប់ថាអង្គការជាអ្នកឲ្យសឹក។ បន្ទាប់មកខ្មែរក្រហមបានវាយកម្ទេចវិហារ និងបោះពុទ្ធមដិមាចូលទឹកទន្លេ។ សុវ៉ន និយាយថា វត្តអារាមត្រូវបានក្លាយជាមន្ទីរឃុំឃាំង ហើយប្រជាជនជាច្រើនបានស្លាប់ និងបាត់ខ្លួននៅទីនោះ។
នៅឆ្នាំ១៩៧៦ សុវ៉ន ដែលមានអាយុ២២ឆ្នាំ បានរៀបការជាមួយប្រពន្ធដោយស្ម័គ្រចិត្ត។ សុវ៉ន និយាយថា នៅពេលរៀបការ គាត់បានចាប់ដៃជាមួយប្រពន្ធ និងប្ដេជ្ញាចិត្តដើម្បីកសាងគ្រួសារថ្មីនៅចំពោះមុខអង្គការ ដោយនៅពេលនោះ គឺរៀបការម្តងចំនួនម្ភៃគូ។ ក្រោយមក នៅពេលប្រពន្ធរបស់សុវ៉នសម្រាលកូន កូនរបស់គាត់ត្រូវផ្ញើជាមួយយាយនៅរោងកុមារ។
សុវ៉ន ត្រូវទៅធ្វើការក្នុងកងចល័ត ដោយត្រូវជីកប្រឡាយ, ឃ្វាលក្របី និងភ្ជួររាស់នៅសហករណ៍កោះរះ។ ចំណែកប្រពន្ធរបស់សុវ៉ន ត្រូវទៅធ្វើពលកម្មនៅបឹងវាលសំណាប។ សុវ៉ន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ក្រៅពីនេះ នៅពេល សុវ៉ន មានជំងឺគ្រុនចាញ់ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយ ឬថ្នាំចាក់សម្រាប់ព្យាបាលប៉ុណ្ណោះ។
ក្នុងរយៈពេលមួយថ្ងៃ សុវ៉ន ត្រូវជីកប្រឡាយឲ្យបានពីរម៉ែត្រគូបតាមការកំណត់។ សុវ៉ន ត្រូវធ្វើពលកម្មតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦យប់។ ជួនកាល គាត់ត្រូវធ្វើការបន្ថែមរហូតដល់ម៉ោង៩យប់ ទើបបានសម្រាក។ សុវ៉ន និយាយថា គាត់ត្រូវដើរវាយសត្វកណ្ដុរទាំងយប់ ទើបគេឲ្យបាយក្តាំងគាត់ហូប។ ចំណែករបបអាហារ គឺមានពោតកំបោរក្រហម ឬបាយពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុវ៉ន បានទៅរស់នៅភូមិអរិយក្សត្រ និងក្រោយមក គាត់ចូលធ្វើជាកងទ័ពនៅម្តុំផ្សារតាប៉ាង ទីក្រុងភ្នំពេញ។ ជាចុងក្រោយ សុវ៉ន រំឭកថា ឪពុករបស់គាត់ និងគ្រួសារបងប្រុសរបស់គាត់ បានស្លាប់ក្នុងរបបខ្មែរក្រហម៕
សម្ភាសដោយ ប៉ោ ដារ៉ូ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

