ជ្រើសការស្លាប់ គេចពីការសម្លាប់

(កណ្ដាល)៖ ចន្ថា បាននិយាយថា ដោយប្រព្រឹត្តខុសសីលធម៌ជាមួយបុរស ស្រ្តីម្នាក់ឈ្មោះ ណន ត្រូវឈ្លបចាប់ខ្លួនទៅណែនាំ។ ពេលត្រឡប់មកវិញ ស្រ្តីម្នាក់នោះបានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះគាត់គិតថាប្រសិនជាគាត់មិនសម្លាប់ខ្លួនឯងទេ គាត់គង់តែនឹងត្រូវអង្គការយកទៅសម្លាប់ចោលដដែរ។ សូត្រ ចន្ថា អាយុ៦៩ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នៅក្នុងរបបខ្មែរក្រហម ចន្ថា ស្នាក់នៅជាមួយប្ដីឈ្មោះ ទូច សាមិត្ត។ ចន្ថា និងប្ដី បានរស់នៅក្នុងផ្ទះខ្ទមមួយដែលអង្គការរៀបចំឱ្យ។ គាត់និយាយថា ការរស់នៅក្នុងពេលនោះ ត្រូវពឹងផ្អែកទៅលើអង្គការទាំងស្រុង ព្រោះគាត់ធ្វើការងារឱ្យអង្គការតែមួយប៉ុណ្ណោះ។ គាត់ធ្វើការងារនោះ ដើម្បីតែប្ដូរជាមួយនឹងអាហារចំនួនពីរពេលក្នុងមួយថ្ងៃ។ ខ្មែរក្រហមបានផ្ដល់អង្ករឱ្យប្រជាជន មួយពេលចំនួនមួយកំប៉ុង។ ចន្ថា និងប្ដី ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យជីកដំឡូងនៅចម្ការ។ គាត់បាននិយាយថា នៅពេលដែលគាត់ទៅធ្វើការ គាត់តែងតែយកឆ្នាំងចាន និងអាហារទៅកន្លែងធ្វើការជានិច្ច ព្រោះងាយស្រួលមិនចាំបាច់ត្រឡប់ទៅផ្ទះវិញ ដោយហេតុថាផ្ទះនិងកន្លែងធ្វើការគឺនៅឆ្ងាយពីគ្នា។
នៅខែប្រាំង ខ្មែរក្រហមបានចាត់តាំងឱ្យ ចន្ថា ជីកប្រឡាយ លើកប្រព័ន្ធភ្លឺ ទាំងដែលអំឡុងពេលនោះគាត់កំពុងមានផ្ទៃពោះកូនប្រុសចំនួនបួនខែទៅហើយ។ មិត្តរួមក្រុមម្នាក់របស់ចន្ថា បានស្នើសុំអង្គការ ឱ្យ ចន្ថា ប្ដូរការងារ ព្រោះការងារនោះមិនសក្តិសមសម្រាប់ស្រ្តីមានផ្ទៃពោះទេ។ ក្រោយមក អង្គការបានប្ដូរឱ្យ ចន្ថា ទៅធ្វើការនៅក្នុងកងរែងអង្ករ ដែលជាការងារស្រាលៗ។
ប្រជាជនដែលត្រូវខ្មែរក្រហមសម្លាប់នៅពេលនោះ គឺសុទ្ធតែ ត្រូវបានប្រាប់ថា ត្រូវបញ្ជូនទៅធ្វើការងារនៅកន្លែងថ្មី។ ប្រជាជនដែលរស់នៅក្នុងកងជាមួយគ្នា មិនមាននរណាចាប់អារម្មណ៍នឹងរឿងនោះឡើយ ព្រោះគិតថាអ្នកដែលឈ្លបនាំខ្លួនទៅ គឺពិតជាទៅធ្វើការងារនៅកន្លែងថ្មីពិតមែន។ ក្រោយមក ចន្ថា និងអ្នកដទៃទៀតចេះតែមានចម្ងល់នៅក្នុងចិត្តថា ប្រសិនជាបញ្ជូនទៅធ្វើការងារពិតមែន ហេតុអ្វីមិនឃើញត្រឡប់មកសហករណ៍វិញ?
នៅខែមេសា ឆ្នាំ១៩៧៨ ខ្មែរក្រហមបានប្រមូលប្រជាជនទាំងអស់នៅក្នុងសហករណ៍ដែល ចន្ថា រស់នៅ ឱ្យទៅប្រជុំនៅភូមិថ្មី។ ចន្ថា និយាយថា នៅពេលនោះ កូនប្រុសរបស់គាត់ទើបតែមានអាយុ៣ខែប៉ុណ្ណោះ។ គាត់ត្រូវពរកូនរបស់គាត់ទៅជាមួយ។ កូនគាត់នៅតូច ហើយផ្លូវឆ្ងាយ ល្មមតែទៅដល់ទីតាំងប្រជុំ គាត់ស្ទើរតែអស់កម្លាំងពីខ្លួន។ ពេលនោះដែរ ជាពេលដែលអង្គការអនុញ្ញាតឱ្យយុវជន-យុវនារីទាំងអស់ បានត្រឡប់ទៅសួរសុខទុក្ខគ្រួសារ។ ចន្ថា ខំទន្ទឹងរង់ចាំមើលផ្លូវបងរបស់គាត់ពីរនាក់ ប៉ុន្តែមិនឃើញអ្នកទាំងពីរត្រឡប់មកវិញឡើយ។ សមាជិកស្នាក់នៅសហករណ៍ជាមួយគាត់ បានប្រាប់គាត់ថា ប្រសិនជាមិនឃើញមកទេ នោះមានន័យថា ម្នាក់នោះ ត្រូវខ្មែរក្រហមសម្លាប់ចោលបាត់ហើយ។
ចន្ថា ធ្លាប់ត្រូវបានសមាជិកក្រុមឈ្មោះ ឡន ទិតៀនថាគាត់ខ្ជិលមិនទៅធ្វើការ ទាំងដែលពេលនោះគាត់ឈឺគ្រុនក្ដៅខ្លាំង ហើយមិនមានកម្លាំងទៅធ្វើការ។ ប្រធានក្រុមឈ្មោះ ធក់ បានមកផ្ទះគាត់ និងបានស្ដីបន្ទោសឱ្យគាត់។ គាត់បានបន្តថា នៅក្នុងរបបខ្មែរក្រហម ទោះជាឈឺយ៉ាងណា ក៏គាត់ត្រូវតែទៅធ្វើការ មិនអាចឈប់សម្រាកបានឡើយ៕
សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

