សេម ឡុក៖ ខ្ញុំដើរប្រមូលលាមកតាមផ្ទះយកធ្វើជី

(កណ្ដាល)៖ សេម ឡុក ភេទប្រុស កើតក្នុងឆ្នាំ១៩៦១ មានអាយុ ៦១ឆ្នាំ។ ឡុក ជាកសិកររស់នៅ និងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឡុក មានឪពុកឈ្មោះ ឃ្លោក សេម, ម្ដាយឈ្មោះ សៀន យ៉ុម និងមានបងប្អូនចំនួន៤នាក់។ ឡុក មានប្រពន្ធឈ្មោះ សេង និ និងមានកូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។
នៅឆ្នាំ១៩៦៦ ឡុក បានចូលរៀននៅសាលាវត្តអង្គពពាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ទាហាន លន់ នល់ បានឈរជើង និងសង់បន្ទាយនៅវត្តអង្គពពាយ។ ក្រោយមក ឡុក ឈប់រៀនត្រឹមថ្នាក់ទី១០ ហើយគាត់ធ្វើជាកូនសិស្សលោកនៅវត្តចំបក់ ដែលស្ថិតនៅឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ឡុកបានភៀសខ្លួនទៅរស់នៅតំបន់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ដោយសារនៅឃុំវល្លិស មានការប្រយុទ្ធរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ឡុកទៅរស់នៅឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅពេលធ្វើដំណើរឆ្លងកាត់តំបន់ចោមចៅ ឡុក ឃើញមានសាកសពរបស់ទាហាន លន់ នល់ ជាច្រើន។
នៅពេលទៅដល់ឃុំរលំាងកែន ស្រុក៥២ តំបន់៣៣ ភូមិភាគនិរតី ខ្មែរក្រហមចាត់តាំងឲ្យ ឡុក ធ្វើការក្នុងកងកុមារ ដោយគាត់ត្រូវដើរប្រមូលលាមកនៅតាមផ្ទះប្រជាជន។ ចំណែកបងប្អូនរបស់ឡុក ត្រូវទៅធ្វើការក្នុងកងផ្សេងៗទៀត។ ឡុក ត្រូវធ្វើជី ដោយគាត់លាយលាមកជាមួយដីដំបូក និងទន្រ្ទានខេត្ត។ ក្នុងមួយថ្ងៃ ខ្មែរក្រហមចែកអង្ករចំនួនបីខាំ ឬ៣០០ក្រាមឲ្យ ឡុក ដាំបបរហូបនៅផ្ទះ។ ឡុក និយាយថា គាត់បានយកស្លឹកដំឡូងលាយជាមួយបបរ ដើម្បីចម្អែតក្រពះ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាត់តាំងឲ្យ ឡុក ធ្វើការក្នុងកងចល័ត ឬហៅថាកងខោខ្លី។ ឡុក ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ សមាជិកក្រុមរបស់ឡុក ដែលមានគ្នាចំនួន១២នាក់ ត្រូវលើកទំនប់ ឬជីកប្រឡាយឲ្យបានបណ្ដោយប្រវែងប្រាំម៉ែត្រ។ នៅម៉ោង១១ព្រឹក ឡុក សម្រាក និងហូបបបរលាយជាមួយព្រលិត ឬត្រកួននៅសាលាឃុំរកា។ ឡុក ចងចាំថា គាត់គ្មានចាននោះទេ គាត់មានតែស្លាបព្រាមួយប៉ុណ្ណោះ។ ឡុក បានបេះស្លឹកចេក ឬស្លឹកសាគូធ្វើជាចាន។ ឡុក និយាយថា ក្នុងមួយថ្ងៃ គាត់ទទួលបានអាហារតែពីរពេលប៉ុណ្ណោះ។ នៅម៉ោង៥ល្ងាច បន្ទាប់ពីប្រជុំជួររួច ក្រុមរបស់ឡុកត្រូវធ្វើការបន្តរហូតដល់ម៉ោង១២យប់ ទើបគាត់បានសម្រាន្ត។ នៅពេលសមាជិកក្រុមណាម្នាក់ធ្លាក់ខ្លួនឈឺ ខ្មែរក្រហមចោទប្រកាន់សមាជិកក្រុមរបស់គាត់ទាំងអស់ថាមានជំងឺសតិអារម្មណ៍ និងធ្វើជាទម្រន់ជាដើម។ សមាជិកក្រុមរបស់ឡុក ត្រូវបានខ្មែរក្រហមវាយដំ និងធ្វើបាបរហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ ទើបខ្មែរក្រហមអនុញ្ញាតឲ្យសម្រាកព្យាបាល។
បន្ទាប់ពីរដូវច្រូតកាត់រួច ឡុក ទទួលបាយហូប បានរយៈពេលពីរខែ ដោយសារគណៈស្រុក៥២ ឈ្មោះ តាសំបួរ ជាអ្នកបញ្ជា។ នៅពេលមានសន្និបាតនៅថ្ងៃទី២០ ខែតុលា ខ្មែរក្រហមប្រាប់ឲ្យប្រជាជនទាំងអស់ខិតខំធ្វើការដើម្បីអង្គការ ហើយខ្មែរក្រហមចែកនំអាកោ ឬនំអង្ករលីងឲ្យប្រជាជនហូប។
នៅរបបខ្មែរក្រហម មានមន្ទីរឃុំឃាំងមួយនៅភូមិព្រៃកន្ទ្រា ដែលមានប្រធានមន្ទីរឈ្មោះ តាឆន។ ឡុក និយាយថា នរណាដែលប្រព្រឹត្តអំពើខុសសីលធម៌ ត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម។ ខ្មែរក្រហមបានចាប់ចង និងទម្លាក់អ្នកទោសចូលពាងទឹក។ ដោយឡែក វិហារនៅក្នុងវត្ត ត្រូវខ្មែរក្រហមវាយកម្ទេច និងយកដែកទៅធ្វើទំនប់។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឡុក និងប្រជាជនដែលនៅរស់រានមានជីវិត ត្រូវបានកងទ័ពវៀតណាមប្រាប់ឲ្យត្រលប់មករស់នៅភូមិកំណើតវិញ៕
សម្ភាសន៍ដោយ ថន ពុធដារ៉ូ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

