ឈឺមិនហ៊ានទៅពេទ្យ

(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម ស្រីពៅ បានកើតជំងឺកញ្រ្ជឹល និងបានសម្រាកព្យាបាលនៅក្នុងកង មិនទៅព្យាបាលនៅមន្ទីរពេទ្យឡើយ ព្រោះខ្លាចយកជីវិតទៅបោះចោលនៅមន្ទីរពេទ្យ និងមិនបានត្រឡប់ទៅផ្ទះវិញ។ នៅក្នុងរបបនោះ មានអ្នកជំងឺជាច្រើនបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ដោយសារលេបថ្នាំខុស និងគ្រូពេទ្យគ្មានជំនាញព្យាបាល។

សូត្រ ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ស្រីពៅ មានជំងឺលើសសម្ពាធឈាម។

នៅក្នុងឆ្នាំ១៩៧៥ ស្រីពៅ មានអាយុ៦ឆ្នាំ ហើយពេលនោះ គាត់រស់នៅជាមួយឪពុក។ ក្រោយមក អង្គការបានប្រមូល និងរៀបចំឱ្យកុមារនៅក្នុងភូមិរស់នៅជុំគ្នានៅក្នុងផ្ទះស្លឹកមួយ ដែលក្នុងនោះមានកុមារចំនួន៣០នាក់។ ពេលដែលស្រីពៅស្នាក់នៅក្នុងកង ពេលព្រឹកអង្គការចាត់តាំងឱ្យគាត់ ប្រមូលអាចម៍គោយកទៅដាក់ក្នុងស្រែ ដោយត្រូវចាប់ធ្វើពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក។ ចំណែកពេលថ្ងៃ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល កុមារនៅក្នុងកងត្រូវជួបជុំគ្នា ដើម្បីរៀនអក្សរតាមរយៈការដឹកនាំរបស់ប្រធានក្រុមឈ្មោះ រំដួល។

ស្រីពៅ ជាប្រជាជន១៧មេសា ដែលជម្លៀសពីទីក្រុងភ្នំពេញ។ ស្រីពៅ បាននិយាយថា ឪពុករបស់គាត់ស្ទើរតែត្រូវខ្មែរក្រហមសម្លាប់ចោល ប៉ុន្តែដោយសារតែមានកូននៅតូចៗ ដូច្នេះអង្គការបានដោះលែងមកវិញ។ ដំបូងឡើយ មិនមាននរណាបានដឹងព័ត៌មានអំពីការសម្លាប់មនុស្សនៅក្នុងរបបនោះឡើយ ប៉ុន្តែក្រោយមកប្រហែលជា២ឆ្នាំ ដំណឹងនោះបានរីកសាយភាយ ដោយសារចំនួនប្រជាជននៅក្នុងកងចេះតែថយចុះតិចទៅៗ។ សាច់ញាតិរបស់ស្រីពៅ ចំនួន២នាក់មានឈ្មោះ វន និង រុន ត្រូវឈ្លបចាប់ទៅសម្លាប់ដោយមិនបានដឹងពីទោសកំហុស។

នៅក្នុងរបបខ្មែរក្រហម បើតាមការសង្កេតរបស់ ស្រីពៅ គឺមិនដែលឃើញមានវត្តមានរបស់ព្រះសង្ឃនៅក្នុងវត្តអារាមឡើយ ហើយទីធ្លាវត្តក៏ត្រូវបំផ្លែងពីកន្លែងគោរពបូជា ទៅជាឃ្លាំងសម្រាប់ដាក់សម្ភារ, ជាកន្លែងចិញ្ចឹមសត្វ និងជាកន្លែងស្នាក់នៅរបស់ប្រជាជន។ ការហូបចុកនៅក្នុងពេលនោះ គឺត្រូវហូបជាក្រុម។ ពេលខ្លះគាត់បានហូបបបររាវ ហើយពេលខ្លះទៀតបានហូបបាយ។ នៅក្នុងសហករណ៍ដែលគាត់រស់នៅ តែងតែជួបបញ្ហាកង្វះអាហារជានិច្ច។

ការរៀបការនៅក្នុងរបបខ្មែរក្រហម ស្រីពៅ មិនសូវដឹងច្បាស់នោះទេ ព្រោះពេលនោះគាត់នៅក្មេងនៅឡើយ ប៉ុន្តែគាត់ដឹងតាមរយៈការតំណាលប្រាប់ពីបងស្រីរបស់គាត់។ នៅពេលនោះការរៀបការ គឺរៀបចំម្ដងចាប់ពី៥គូឡើងទៅ ហើយគូប្ដី-ប្រពន្ធទាំងអស់នោះ មិនដែលស្គាល់គ្នាពីមុនមកទេ។ ខ្មែរក្រហម បានហៅគូស្រករទាំងអស់ឱ្យអង្គុយទល់មុខគ្នា ហើយបានចាត់តាំងឱ្យអ្នកទាំងអស់នោះឡើងប្ដេជ្ញាចិត្ត។

រឿងរ៉ាវដែល ស្រីពៅ ចងចាំជាងគេក្នុងរបបខ្មែរក្រហមគឺគាត់ដេកលក់នៅអំឡុងពេលធ្វើការងារ ហើយកុមារដទៃទៀតទៅផ្ទះចោលគាត់ ដោយទុកឱ្យគាត់នៅកន្លែងធ្វើការម្នាក់ឯង។ រឿងម្យ៉ាងទៀតដែលគាត់នៅចាំមិនភ្លេច គឺនៅពេលគាត់កំពុងតែកាប់ដី ហើយកាប់ទៅប៉ះចំក្បាលរបស់កុមារម្នាក់ដែលកាប់ដីនៅជិតគាត់នោះដែរ បណ្ដាលឱ្យឈាម។ មួយវិញទៀតនោះ នៅជិតចុងបញ្ចប់របបខ្មែរក្រហម អ្នកគ្រប់គ្រងនៅក្នុងសហករណ៍របស់គាត់ បានប្រមូលប្រជាជនឱ្យទៅហូបនំបញ្ចុកនៅតំបន់ផ្សេង បំណងចង់ដាក់ថ្នាំបំពុលឱ្យស្លាប់ទាំងអស់។ រឿងនោះត្រូវបានបែកការណ៍ ព្រោះអ្នកគ្រប់គ្រងខ្លាចថ្នាំពុលនោះប៉ះពាល់ដល់សមាជិកគ្រួសាររបស់ខ្លួន៕

ចំណាំ៖ ដោយសារនៅក្នុងរបបខ្មែរក្រហម ស្រីពៅ មានអាយុត្រឹមតែ៦ឆ្នាំ ដូច្នេះរឿងរ៉ាវមួយចំនួន គឺគាត់បានដឹងតាមរយៈការនិយាយប្រាប់ពីសំណាក់ឪពុក និងបងស្រីរបស់គាត់។

សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin