ពុយ ចួន៖ រណ្តៅសាកសពនៅកោះគរ

ពុយ ចួន រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ពុយ ចួន ភេទស្រី មានអាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចួន មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចួន ដែលមានអាយុ១២ឆ្នាំ បានរៀនអស់រយៈពេលបីខែ នៅសាលាវត្តពោធិ៍។ មិនយូរប៉ុន្មាន ម្ដាយមីងរបស់ចួន បាននាំគាត់ទៅរស់នៅជាមួយនៅម្តុំចាក់អង្រែលើ ទីក្រុងភ្នំពេញ។ នៅទីនោះ ចួន មិនបានរៀននោះទេ ដោយត្រូវនៅផ្ទះ និងជួយមើលថែប្អូនជីដូនមួយ។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ចួន ដែលមានអាយុ១៦ឆ្នាំ បានត្រលប់មករស់នៅភូមិកំណើតវិញ និងរៀបការនៅភូមិអូររំចេក។ ចួន និយាយថា នៅពេលនោះ គឺមានការទម្លាក់គ្រាប់បែក ដូច្នេះគាត់ត្រូវជីកលេណដ្ឋានមួយនៅជិតផ្ទះ។

នៅឆ្នាំ១៩៧៥ ចួន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងចាត់តាំងឲ្យធ្វើពលកម្មក្នុងកងស្រួច ដោយត្រូវរែកដី, លើកទំនប់ និងធ្វើស្រែ។ ចួន ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ចំណែករបបអាហារ គឺមានតែបបរចំនួនពីរវែក ឬដំឡូងឈើមួយដុំក្នុងមួយពេល។ នៅពេលប្រជាជនមានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។  ចួន ចងចាំថា នៅពេលកំពុងកាប់ព្រៃ គាត់និងប្រធានក្រុមបាននាំគ្នាលួចហូបត្រី។

នៅឆ្នាំ១៩៧៧ ចួន ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅធ្វើការនៅភូមិព្រែកឃ្លោក អស់រយៈពេលប្រាំបីខែ។ ក្រោយមក ចួន បានត្រលប់មកធ្វើការនៅក្នុងភូមិអូររំចេកវិញ។ ចួន និយាយថា នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាប់ប្រជាជន និងដឹកយកទៅកោះគរ។ នៅទីនោះ គឺមានរណ្ដៅសាកសពជាច្រើន។ ចួន ឮថាប្រជាជនត្រូវបានខ្មែរក្រហមវាយសម្លាប់នឹងត្បូងចប។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ចួន បានត្រលប់មករស់នៅភូមិអូររំចេក និងប្រកបរបរធ្វើស្រែចម្ការ។ នៅរបបខ្មែរក្រហម ប្អូនប្រុសពៅរបស់ចួន ដែលមានអាយុ១២ឆ្នាំ បានបាត់ខ្លួននៅពេលធ្វើការក្នុងកងយុវជនឈានមុខ៕

សម្ភាសដោយ​ រ៉េន រចនា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin