ឪពុកជាគិញវៀតណាម

(ព្រៃវែង)៖ នៅ ស៊ីន មានអាយុ៥៩ឆ្នាំ រស់នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ សព្វថ្ងៃគាត់មានជំងឺ សន្លាក់ដៃ-ជើង និងស្ពោតឆ្អឹង ដែលបង្កឱ្យគាត់មានអាការឈឺចុកចាប់ជាប្រចាំ។

នៅឆ្នាំ១៩៧០ ឈានចូលដល់របប លន់ នល់ បន្ទាប់ពីមានការទម្លាក់គ្រាប់បែក ស៊ីន និងគ្រួសារបានរត់ភៀសខ្លួនចេញទៅកន្លែងមានសុវត្ថិភាព។ ស៊ីន និយាយថា ស្ថិតក្នុងពេលភៀសខ្លួន គាត់ជួបផលលំបាកជាច្រើន ព្រោះត្រូវចាកចេញពីផ្ទះសំបែង ដែលធ្លាប់ជាទីជម្រកដ៏កក់ក្ដៅ ទៅរស់នៅតាមព្រៃ។ ការរស់នៅក្នុងព្រៃត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ថ្វីត្បិតតែមិនមានមនុស្សតាមធ្វើទុក្ខបុកម្នេញ ក៏ត្រូវប្រយ័ត្នចំពោះសត្វសាហាវ, សត្វល្មូន ហើយជាពិសេសនោះគឺសត្វមូស។

នៅឆ្នាំ១៩៧៥ ស៊ីន និងគ្រួសារ បានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ បន្ទាប់ពីរត់ភៀសខ្លួនពីការទម្លាក់គ្រាប់បែកមួយរយៈធំ។ នៅពេលនោះ ខ្មែរក្រហម បានចូលគ្រប់គ្រងនៅតំបន់របស់គាត់ ហើយគាត់ និងគ្រួសារត្រូវរស់នៅ ដោយសម្របខ្លួនជាមួយនឹងរបបថ្មីមួយទៀត។ នៅក្នុងរបបខ្មែរក្រហម ស៊ីន ស្ថិតនៅក្នុងវ័យកុមារ ត្រូវអង្គការចាត់តាំងឱ្យដើរប្រមូលអាចម៍គោ និងកាប់ទន្រ្ទានខេត្តយកមកចិញ្ច្រាំលាយធ្វើជាជី។ ក្រោយមកទៀតខ្មែរក្រហម បានចាត់តាំងឱ្យគាត់ធ្វើស្រែ នៅក្នុងកងចល័ត។

នៅក្នុងរបបខ្មែរក្រហម របបអាហារដែល ស៊ីន ទទួលបានជារៀងរាល់ថ្ងៃ ជាបបរលាយជាមួយសម្លម្ជួរត្រកួន និងម្ជួរព្រលឹត។ ស៊ីន បានចែករំលែកថា ការហូបបបរជាប្រចាំ ធ្វើឱ្យគាត់គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការងារនោះទេ ព្រោះការងារនៅពេលនោះ មានរយៈពេលច្រើនម៉ោង ហើយក្នុងមួយថ្ងៃ គាត់ទទួលបានបបរត្រឹមតែ២ពេលប៉ុណ្ណោះ។ ចាស់ៗនៅក្នុងភូមិ បានប្រាប់ទៅកាន់ ស៊ីន ថា នៅក្នុងរបបនោះ ទិន្នផលស្រូវដែលប្រមូលបាន គឺច្រើនសមល្មមនឹងឱ្យប្រជាជននៅក្នុងតំបន់អាចបរិភោគគ្រប់គ្រាន់ ប៉ុន្តែជាក់ស្ដែងប្រជាជនបានហូបត្រឹមតែបបររាវៗប៉ុណ្ណោះ។

ព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងរបបខ្មែរក្រហម គឺការសម្លាប់មនុស្ស។ នៅក្នុងរបបខ្មែរក្រហម ស៊ីន បានបាត់បង់សមាជិកគ្រួសារសរុបទាំងអស់ចំនួន៧នាក់ រួមមាន ឪពុក និងបងប្អូន ។ ឪពុករបស់ ស៊ីន ត្រូវបានចោទប្រកាន់ថាជា គិញរបស់វៀតណាម។ ចំណែកបងប្អូនរបស់គាត់ដទៃទៀត គាត់មិនបានដឹងថា ឈ្លបយកអ្នកទាំងនោះទៅសម្លាប់ដោយសារមូលហេតុអ្វីនោះទេ ព្រោះមិនបាននៅជុំគ្នា។

ចំពោះការបំផ្លាញសម្បត្តិវប្បធម៌ជាតិ ខ្មែរក្រហមបានវាយបំផ្លាញរូបព្រះពុទ្ធប្បដិមានៅវត្តស្នាយសរ និងវត្តជ្រៃ។ ចំណែកទីធ្លាវត្តអារាម ត្រូវប្ដូរទៅជាកន្លែងចិញ្ចឹមសត្វ និងជាឃ្លាំងផ្ទុកសម្ភារ ហើយព្រះសង្ឃបានលាចាកសិក្ខាបទទៅធ្វើការងារ៕

សម្ភាសន៍ដោយ៖ ចូច ចរិយា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin