ង៉ែត ងឿន៖ “គេប្រុងយកយាយទៅសម្លាប់”

ង៉ែត ងឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ង៉ែត ងឿន ភេទស្រី មានអាយុ ៨០ឆ្នាំ (ឆ្នាំវក)។ ងឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ងឿន មានទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ងឿន មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ មុត និងមានបងប្អូនចំនួន៣នាក់។

កាលពីកុមារភាព ងឿន បានរៀនសូត្រនៅសាលាវត្តទួលសាលា ស្ថិតក្នុងស្រុកបរសេដ្ឋ។ ក្រោយមក ងឿន បានឈប់រៀន និងជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ងឿន បានរៀបការនៅក្នុងរបបសង្គមរាស្ត្រនិយម។ នៅមុនរបបខ្មែរក្រហម ម្ដាយរបស់ងឿន បានបាត់បង់ជីវិតដោយសារជំងឺ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលមកពីភូមិព្រៃក្មេងបានបញ្ជាឲ្យ ងឿន រែកជីអាចម៍គោ, រែកដី, ជីកប្រឡាយ, ដាំដំឡូង និងដកដំឡូង នៅស្រុកបរសេដ្ឋ។ ងឿន និយាយថា “ថ្ងៃណារែកអាចម៍គោរែកទៅ ថ្ងៃណាធ្វើប្រឡាយធ្វើទៅ”។ ងឿន ត្រូវក្រោកតាំងពីម៉ោង៥ទៀបភ្លឺ ដើម្បីទៅធ្វើការ។ ជួនកាល ងឿន ត្រូវទៅធ្វើការនៅភូមិក្រាំងម្កាក់។ នៅម៉ោង១១ព្រឹក ងឿន សម្រាក និងហូបបបរ។ ក្រោយពីម៉ោងសម្រាក ងឿន ត្រូវធ្វើការបន្តរហូតដល់ម៉ោង៨យប់ ទើបគាត់សម្រាន្ត។ ងឿន និយាយថា នៅពេលយប់ គាត់តែងតែឃើញឈ្លបដើរកាត់ផ្ទះរបស់គាត់ និងលួចស្តាប់ប្រជាជនជជែកគ្នា។ ងឿន បន្តថា វត្តអារាម ក៏ដូចជាវត្តទួលសាលាត្រូវបានខ្មែរក្រហមវាយកម្ទេចចោល។

ក្នុងមួយឆ្នាំ ខ្មែរក្រហមបញ្ជាឲ្យប្រជាជនធ្វើស្រែចំនួនបីដង ប្រសិនបើមានទឹកគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ ងឿន ត្រូវដកសំណាបឲ្យបានមួយផ្លូន។ ងឿន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ងឿន និយាយថា គាត់ឃើញខ្មែរក្រហមមានស្រូវជាច្រើន ប៉ុន្តែគាត់មិនដឹងថាខ្មែរក្រហមដឹកយកទៅទីណានោះទេ។

នៅពេលរំឭកអំពីរបបអាហារ ងឿន និយាយថា “ហឺម…ចៅអើយ ពិបាក បបរមួយកូនឆ្នាំង ប្រាំ[ទៅ]ប្រាំមួយនាក់”។ ងឿន និងសមាជិកក្រុមទាំងអស់៦នាក់ ទទួលបានបបរមួយកូនឆ្នាំង ហើយគាត់ហូបមិនដែលបានគ្រប់គ្រាន់នោះទេ។ នៅពេល ងឿន មានជំងឺ គាត់ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។

នៅរបបខ្មែរក្រហម ប្តីរបស់ងឿន ធ្វើជាជាងដំដែកនៅភូមិផ្សេង ហើយកូនរបស់ងឿនចំនួន២នាក់ ត្រូវធ្វើការក្នុងកងកុមារ។ ដូច្នេះ ងឿន ត្រូវរស់នៅជាមួយឪពុករបស់គាត់។ ក្រោយមក ឪពុករបស់ងឿន ឮដំណឹងអំពីប្អូនប្រុសរបស់គាត់ត្រូវខ្មែរក្រហមបញ្ជូនទៅភូមិព្រៃក្មេង។ ឪពុករបស់ងឿន បានស្នើសុំប្រធានឃុំទៅជួបប្អូនប្រុសរបស់គាត់ ដែលធ្លាប់ធ្វើជាគ្រូពេទ្យនៅរបបមុនៗ។ ដូច្នេះខ្មែរក្រហមបានចាប់ចង និងឃុំខ្លួនឪពុករបស់ងឿន អស់រយៈពេលមួយខែ។

ងឿន និយាយថា ខ្មែរក្រហមបម្រុងនឹងសម្លាប់ឪពុករបស់គាត់ ក៏ប៉ុន្តែដោយសារឪពុករបស់គាត់មានវ័យចំណាស់ ទើបខ្មែរក្រហមបញ្ជាឲ្យឪពុករបស់ងឿនទៅរែកដី និងលើកទំនប់នៅស្រុកបរសេដ្ឋ។ មិនយូរប៉ុន្មាន ងឿន ទទួលដំណឹងថាឪពុករបស់គាត់បាត់បង់ជីវិតដោយសារជំងឺហើមដៃជើង។ ប្អូនប្រុសរបស់គាត់ ត្រូវខ្មែរក្រហមសម្លាប់។ ចំណែកបងរបស់ងឿនម្នាក់ទៀត ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបង។ ក្រៅពីនេះ ប្អូនជីដូនមួយរបស់ងឿនម្នាក់ ក៏ត្រូវបានខ្មែរក្រហមសម្លាប់ដែរ។

ក្រោយមក ខ្មែរក្រហមជម្លៀស ងឿន ទៅធ្វើការនៅឃុំហោងសំណំ។ នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបញ្ជូន ងឿន ទៅទីក្រុងភ្នំពេញ។ ងឿន និយាយថា “គេប្រុងយកយាយទៅសម្លាប់” ប៉ុន្តែដោយសារគាត់ជួបកងទ័ពវៀតណាមនៅតាមផ្លូវជាតិលេខ៣ ទើបគាត់រស់រានមានជីវិត។ ងឿន បានធ្វើដំណើរមកសម្រាកនៅភ្នំតាខ្មៅអស់រយៈពីរយប់ ទើបគាត់បន្តដំណើរមកភូមិកំណើត។ ក្រោយមក ដោយសារមានការប្រយុទ្ធនៅភូមិកំណើតរបស់គាត់ ងឿន បានមករស់នៅភូមិប្រាំបីមុមវិញ។ សព្វថ្ងៃ ងឿន មានកូនចំនួន៧នាក់ ក្នុងនោះមានស្រី៣នាក់៕

សម្ភាសន៍ដោយ​ ថន ពុធដារ៉ូ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin