ម៉ក់ ផាងហេង៖ កូនជាទីស្រលាញ់របស់ខ្ញុំ

ម៉ក់ ផាងហេង រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ម៉ក់ ផាងហេង ភេទស្រី មានអាយុ ៦៨ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ផាងហេង មានបងប្អូនចំនួន១២នាក់ ក្នុងនោះមានស្រីប្រាំមួយនាក់។ ផាងហេង មានកូនទាំងអស់ចំនួនប្រាំពីរនាក់ ក្នុងនោះមានស្រីបីនាក់។ ជាអកុសល នៅរបបខ្មែរក្រហម ផាងហេង បានបាត់បង់កូនចំនួនពីរនាក់។

នៅឆ្នាំ១៩៦៨ ផាងហេង ដែលមានអាយុ ១០ឆ្នាំ បានចូលរៀននៅសាលាវត្តកងម៉ម(វត្តត្រើយស្លា) ស្ថិតក្នុងឃុំត្រើយស្លា។ នៅឆ្នាំ១៩៧០ ផាងហេង បានឈប់រៀនត្រឹមថា្នក់ទី១០ ដោយសាររដ្ឋប្រហារនៅទីក្រុងភ្នំពេញ។ នៅឆ្នាំដដែល ផាងហេង បានចូលធ្វើជាពេទ្យអស់រយៈពេលពីរឆ្នាំ នៅតំបន់រំដោះដែលគ្រប់គ្រងដោយកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧២ ផាងហេង បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការ។ ផាងហេង និយាយថា អំឡុងឆ្នាំ១៩៧៣ គឺមានការទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យប្រជាជនរងរបួស និងបាត់បង់ជីវិត។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក គ្រួសាររបស់ផាងហេង ជាប្រជាជនចាស់។ មិនយូរប៉ុន្មាន ប្តីរបស់ផាងហេង ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅធ្វើការនៅភូមិទួលក្រសាំងអស់រយៈពេលជិតបីឆ្នាំ។ ផាងហេង ត្រូវព្រាត់ប្រាសគ្រួសារទាំងគាត់កំពុងមានផ្ទៃពោះ។

ផាងហេង រំឭកថា នៅពេលនោះ ខ្មែរក្រហមបញ្ជាឲ្យគាត់ធ្វើពលកម្មហួសកម្លាំងទាំងយប់ទាំងថ្ងៃ និងហូបចុកមិនគ្រប់គ្រាន់ ហើយរបបអាហារ គឺមានតែបបរលាយជាមួយព្រលិត ឬចេក និងបាយលាយជាមួយពោតប៉ុណ្ណោះ។ ទោះបីជាផាងហេងឃ្លានយ៉ាងណាក៏ដោយ ក៏គាត់មិនហ៊ានលួចហូបនោះទេ។ ផាងហេង និយាយថា គាត់ឃើញប្រជាជនថ្មី ដែលខ្មែរក្រហមជម្លៀសមកពីទីក្រុងភ្នំពេញ និងជនជាតិចិន ត្រូវបានឈ្លបបណ្តើរយកទៅកោះគរទាំងយប់។ ប្រជាជនទាំងនោះត្រូវបានខ្មែរក្រហមចោទថាជាសេអ៊ីអា។

នៅមុនពេលផាងហេងសម្រាលកូន គាត់ត្រូវរែកដី, ស្ទូងស្រូវ និងជីកប្រឡាយ។ នៅពេលគាត់សម្រាលកូន ខ្មែរក្រហមបានចាក់ថ្នាំឲ្យគាត់ចំនួនបីម្ជុល។ ផាងហេង រៀបរាប់ថា នៅរបបខ្មែរក្រហម បងថ្លៃរបស់គាត់ចំនួនពីរនាក់ បានស្លាប់ដោយសារជំងឺទាស់។

ក្រោយពីផាងហេងសម្រាលកូនរួចបានមួយខែ គាត់ត្រូវធ្វើការ និងចិតបន្លែនៅរោងបាយ។ ក្រោយមកទៀត ផាងហេង ត្រូវកិនស្រូវ និងរែកដីនៅភូមិចុងព្រែក។ ផាងហេង ចងចាំថា នៅពេលគាត់ទៅធ្វើការក្នុងព្រៃ គាត់បាននាំកូនទៅជាមួយ ហើយមានថ្ងៃមួយកូនរបស់គាត់បានរងរបួសក្បាលធ្ងន់ធ្ងរ។ ផាងហេង បានយំ និងប្រញាប់បីកូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែនៅទីនោះ គឺគ្មានថ្នាំអ្វីក្រៅពីថ្នាំរាងដូចអាចម៍ទន្សាយនោះទេ។ មិនយូរប៉ុន្មាន កូនរបស់ផាងហេង បានស្លាប់លើដៃរបស់គាត់។ ចំណែក កូនរបស់ផាងហេងម្នាក់ទៀត បានស្លាប់ដោយសារជំងឺ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ផាងហេង បានជួបជុំជាមួយប្តី និងមករស់នៅភូមិថ្កុល ដោយប្រកបរបរធ្វើស្រែចម្ការ និងស៊ីឈ្នួល៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin