ប្រជាជនជម្លៀសទៅខេត្តបាត់ដំបង

(ខេត្តស្វាយរៀង) គល់ អ៊ាន មានអាយុ ៨៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារភាព អ៊ាន រៀនសូត្របាន​ត្រឹមថ្នាក់ទី១ (សង្គមចាស់)។

អ៊ាន និងគ្រួសារក្នុងរបប លន់ នល់ រស់នៅភូមិអង្គប្រស្រែ បានជួបព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែក និងសង្រ្គាមរវាងយោធាបដិវត្តន៍ខ្មែរក្រហមជាមួយនឹងទាហានរបប នល់ នល់។ កាលនោះ មានកងទ័ពវៀតកុង បានមកបន្លំខ្លួនជាប្រជាជនខ្មែរ និងបានមកស្នាក់នៅក្នុងផ្ទះរបស់ប្រជាជន ប៉ុន្តែកងទ័ពទាំងនោះមិនធ្វើបាបប្រជាជន​ទេ។ អ៊ាន និងគ្រួសារក្នុងរបបខ្មែរក្រហម បន្តរស់នៅភូមិអង្គប្រស្រែ ហើយ​ក្រោយមកអង្គការបានជម្លៀសទៅកាន់វត្តជ្រៃ ភូមិចំបក់ ខេត្តព្រៃវែង​។ នៅទីនោះអង្គការប្រើ អ៊ាន ឲ្យដេរប៉ាវសម្រាប់ដាក់ស្រូវ។ រំលងបាន៣ខែ អង្គការបានជម្លៀស អ៊ាន និងគ្រួសារបន្តទៅដល់ខេត្តបាត់ដំបង។ ការជម្លៀសទៅខេត្តបាត់ដំបងគឺជាព្រឹត្តិការណ៍ដែល អ៊ាន ចងចាំមិនអាចបំភ្លេចបាន​ក្នុងរបបខ្មែរក្រហមព្រោះគាត់ និងគ្រួសារត្រូវធ្វើដំណើរក្រោមអាហារធាតុក្តៅដោយគ្មានការគិតគូរទាំងមធ្យោបាយធ្វើដំណើរ និងស្បៀងអាហារ។ នៅខេត្តបាត់ដំបង អង្គការបានហាមមិនឲ្យ អ៊ាន ជួបជាមួយកូន ដែលរស់នៅក្នុងកុមារ។ ចំណែក អ៊ាន ត្រូវទៅធ្វើការងារនៅក្នុងកងចល័ត ឆ្ងាយពីកងកុមារ។ ការងាររបស់អ៊ាន ត្រូវជីក និងរែកដី ដើម្បីធ្វើទំនប់ប្រឡាយ, កិនស្រូវ និងដាំដំឡូង។ ក្រោយមក អ៊ាន សម្រាលកូនទី២ អង្គការអនុញ្ញាតឲ្យ​គាត់សម្រាកពីការងារចំនួន ២ខែ ទើបឲ្យចេញទៅដក និងស្ទូងស្រូវបន្តទៀត។ អំឡុងធ្វើការ អ៊ាន បានសុំប្រធានកងដើម្បីមកបំបៅដោះ​កូន ហើយប្រធានកងបាននិយាយថាអ្នកណាប្រើឲ្យស្រី្តកូនខ្ចីមកធ្វើការងារ ទើបគាត់ត្រូវអនុញ្ញាតឲ្យទៅកិនស្រូវនៅសហករណ៍​វិញដើម្បីមានពេលវេលាបំបៅដោះកូន។ របបអាហារនៅខេត្តបាត់ដំបង មានការខ្វះខាតខ្លាំងជាងកាលនៅខេត្តព្រៃវែង និងស្វាយរៀង។ របបអាហារខ្វះខាតគួបផ្សំនិងធ្វើការងារធ្ងន់ស្ទើរតែធ្វើឲ្យ អ៊ាន បាត់បង់ជីវិត។ អ៊ាន បន្តរស់នៅខេត្តបាត់ដំបង រហូតដល់របបខ្មែរក្រហមដួលរលំ បានទៅកើបស្រូវអង្កររបស់អង្គការយកមកទុកហូបតាមផ្លូវ និងបានដើរស្វែងរកសមាជិកគ្រួសារ​ ​ហើយរែកកូន ត្រឡ​ប់​​មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន អ៊ាន ជាកសិករប្រកបរបរដាំបន្លែលក់ និងធ្វើស្រែ នៅភូមិអង្គប្រស្រែ និងមានជំងឺប្រចាំកាយគឺជំងឺ លើសម្ពាធឈាម និងឧស្សាហ៍វិលមុខ៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin