ខ្ញុំបានឃើញឈ្លបធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើជនជាតិចាម

(កំពង់ចាម)៖ កេត ឡាង មានអាយុ៨៣ឆ្នាំ កើតនៅឆ្នាំ១៩៤១ ក្នុងភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នគាត់រស់នៅជាមួយប្ដីឈ្មោះ ហម បឿន និងកូនស្រីរបស់គាត់ម្នាក់ទៀត។
ឡាង រៀបការនៅអាយុ១៦ឆ្នាំ ប្ដីរបស់គាត់ឈ្មោះ ហម ហឿន និងមានកូនចំនួន៦នាក់។ ឡាង រៀនបានត្រឹមថ្នាក់ទី២ ហើយគ្មានសាលារៀនត្រឹមត្រូវនោះទេ គឺនៅក្រោមដើមឈើ និងប្រក់ធាងដូង។
មុនការឡើងកាន់កាប់របស់ខ្មែរក្រហម ឡាង ឆ្លងកាត់ការទម្លាក់គ្រាប់បែក និងវត្តមានកងទ័ពវៀតកុងដែលធ្វើឱ្យការរស់នៅមានភាពភ័យខ្លាច របួស និងបាត់បង់ជីវិតមនុស្សជាច្រើន។ នៅពេលនោះ ឪពុករបស់ ឡាង មានជំងឺធ្ងន់ធ្ងរ ហើយគ្មានសូម្បីតែអង្ករសម្រាប់បរិភោគ។ នៅឆ្នាំ១៩៧៣ យោធាខ្មែរក្រហមចូលដល់ទីរួមខេត្តកំពង់ចាម ឡាង ត្រូវបានចាត់ទុកជា ប្រជាជនកណ្តាល ឬ ប្រជាជន៧៣ ហើយត្រូវបានជម្លៀសចេញពីផ្ទះសំបែងទៅកាន់តំបន់ផ្សេង។
ក្នុងរបបខ្មែរក្រហម ឡាង ជួបប្រទះការបង្ខំឱ្យធ្វើការងារធ្ងន់ និងការហូបចុកមិនគ្រប់គ្រាន់។ របបអាហារមានត្រឹមតែបបររាវ ក្នុងមួយថ្ងៃទទួលបានពីរពេល ដែលពេលខ្លះមានតែទឹក និងគ្រាប់អង្ករមួយ ឬពីរស្លាបព្រាប៉ុណ្ណោះ។ ឡាង ធ្លាប់ធ្វើការនៅរោងបាយ និងរស់នៅក្រោមសម្ពាធនៃការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីអង្គការ។ ឡាង បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ប្រសិនបើមានសត្វមាន់ចឹកបន្លែ ឬដំឡូង អង្គការអាចចោទប្រកាន់ថាជាការលួចហូបរបស់ប្រជាជន និងឈានដល់ការសម្លាប់ចោល។
ឡាង បានប្រាប់ថា៖ «ព្រឹត្តិការណ៍ដ៏ខ្លោចផ្សាបំផុតមួយគឺប្អូនប្រុសរបស់ខ្ញុំ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់លិចទូកពេលទៅយកពោត។ មួយទៀតខ្ញុំបានឃើញការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើជនជាតិចាម ដែលត្រូវគេសម្លាប់បោះចោលក្នុងអណ្តូង ឬរណ្តៅដី»។ ឡាង ចងចាំមិនភ្លេចនូវការធ្វើការដោយគ្មានពេលសម្រាក និងការរស់នៅដោយគ្មានសេរីភាព។
ក្រោយការដួលរលំនៃរបបខ្មែរក្រហម កេត ឡាង មានបញ្ហាសុខភាពដូចជា ឈឺសន្លាក់ដៃជើង វិលមុខ ភ្លេចភ្លាំង និងស្រវាំងផ្នែក។ ឡាង មិនដែលបានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឡើយ។ ឡាង បានចែករំលែកថា បញ្ហាកង្វះចំណេះដឹងធ្វើឱ្យគាត់មានអារម្មណ៍តូចចិត្ត និងមិនសូវហ៊ានប្រឈមមុខជាមួយយុវជនជំនាន់ថ្មី ព្រោះតែងតែនឹកឃើញដល់យុវវ័យរបស់ខ្លួនដែលបាត់បង់សិទ្ធិសេរីភាពក្នុងការរៀនសូត្រ។
ជាចុងក្រោយ ឡាង បានផ្ដាំផ្ញើដល់ក្មេងៗជំនាន់ក្រោយឱ្យខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានអនាគតល្អ និងត្រូវចេះស្រឡាញ់គ្នាគោរពគ្នាទៅវិញទៅមក ជៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងសង្គម៕
សម្ភាសន៍ដោយ៖ ទូច ស្រីណាត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

