ហែម ផា៖ ទុកបុរសធ្វើជី នារីធ្វើពូជ

ហែម ផា ហៅ ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ផា រស់នៅ និងធ្វើការងារនៅតាកែវ។ ជីវភាពគ្រួសាររបស់គាត់នៅពេលនោះគឺធូរធារ ព្រោះប្ដីរបស់ផា គឺជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសប្រជាជនទាំងអស់ រួមទាំងគ្រួសាររបស់ផា ទៅតាមទីជនបទ។ នៅតាមផ្លូវធ្វើដំណើរ អង្គការបានចាប់ប្ដីរបស់ផា និងអ្នកធ្វើការងារក្នុងសម័យ លន់ នល់ ទាំងអស់នៅសេកជ្រុំ យកទៅសម្លាប់ ហើយប្រពន្ធ, កូន និងសមាជិកគ្រួសារទាំងអស់តម្រូវឲ្យជម្លៀសទៅមុខបន្តទៀត។

បន្ទាប់ពីប្ដីស្លាប់ អង្គការបានបញ្ជូន ផា និងកូនស្រីតូចម្នាក់មករស់នៅក្នុងភូមិខ្វាវ។ ពេលមកដល់ភូមិ អង្គការបានបំបែក ផា ឲ្យចូលធ្វើការក្នុងកងចល័ត ហើយកូនស្រីរបស់គាត់ចូលទៅរស់នៅក្នុងកងកុមារ។ នៅក្នុងកងកុមារ កូនស្រីរបស់ផា ត្រូវធ្វើការងារ រែកអាចម៍គោ និងសែងដីដំបូកធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលទទួលបានមិនគ្រប់គ្រាន់នោះទេ។ ក្រោយមក កូនរបស់ផា បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅពេទ្យគោកអំពៅ។ ផា បានឲ្យដឹងថា ខ្លួនមិនបាននៅក្បែរកូននោះទេ នៅពេលដែលកូនឈឺ និងស្លាប់ ព្រោះគាត់ត្រូវចេញទៅធ្វើការងារធ្ងន់ៗនៅក្នុងកងចល័ត។

ជារៀងរាល់ថ្ងៃ ផា ត្រូវធ្វើការងារ កាប់ដី, លើកប្រព័ន្ធភ្លឺស្រែ, ភ្ជួរស្រែ១ហិកតា៣នាក់ និងជីកប្រឡាយនៅអង្គរបូរី ទៅតាមអង្គការចាត់តាំង។ ចំពោះការហូបអាហាររបស់ផា នៅក្នុងកងគឺមិនគ្រប់គ្រាន់ដូចកូនរបស់គាត់ដែរ។ ជាញឹកញាប់ អង្គការបានដួសបបររាវៗលាយជាមួយបន្លែពីក្នុងខ្ទះ ដាក់ក្នុងកាធុនតូចល្មមសម្រាប់មនុស្ស១០នាក់។ នៅពេលដែលហូបមិនឆ្អែត ផា បានលួចទុកបបរបន្តិចបន្តួច យកទៅលាយជាមួយចុងអង្ករ ឬបន្លែដែលលួចបាន។ មួយវិញទៀត ផា បានទៅលួចរើសផ្លែត្នោតទុំ, បេះផ្លែទាប និងល្ហុង ឬដំបងយក្ស យកមកច្របាច់ជាមួយអំបិល រួចយកមកស្ងោរហូបបន្ថែម។ ផា បានបន្តថា ខ្លួនអាចលួចរកអាហារបន្ថែមបានដោយសារតែគាត់ធ្វើការងារបានល្អក្នុងកងពិសេស ដូច្នេះហើយប្រធានកងរបស់គាត់បានធ្វើការយោគយល់អ្នកធ្វើការងារពូកែ។

ថ្ងៃមួយនៅពេលដែល ផា ដើរទៅធ្វើការងារគាត់បានឃើញអង្គការធាក់អ្នកទោសពីលើឡានចុះមកក្រោម រួចយកដំបងមកវាយសម្លាប់ភ្លាមៗ។ អ្នកទោសដែលអង្គការវាយសម្លាប់នោះ ត្រូវបានកងឈ្លបចងស្លាបសេក ទើបមិនអាចតដៃបាន។ នៅពេលដែលឃើញដូច្នេះ ផា មានអារម្មណ៍ភ័យខ្លាច ញ័រអស់ជើងដៃ  ប៉ុន្តែគាត់បានត្រឹមតែទៅធ្វើការងារធម្មតា។

នៅខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជន និងផា ទៅខេត្តភាគខាងលិច រហូតដល់ព្រំប្រទល់ប្រទេសថៃ។ នៅពេលធ្វើដំណើរក្នុងព្រៃ ផា បានឃើញសាកសពប្រជាជននៅលើភ្នំលះបង់ជាច្រើននាក់ ដោយខ្លះស្លាប់ដោយសារអត់អាហារ, ត្រូវគ្រាប់បែក ឬគ្រាប់កាំភ្លើង និងខ្លះទៀតត្រូវស្លាប់ដោយសារអង្គការវាយសម្លាប់ក្បែរៗផ្លូវដើរ។ ការសម្លាប់មនុស្សនេះគឺស្របតាមទ្រឹស្ដីរបស់អង្គការ ដែលតែងតែលើកឡើងនៅពេលធ្វើដំណើរថា“ទុកបុរសធ្វើជី នារីធ្វើពូជ”

ផា បានបន្តទៀតថា ខ្លួន មិនអាចត្រលប់ថយក្រោយបានទេ ព្រោះខ្លាចអង្គការសម្លាប់ ហេតុនេះហើយបានជាគាត់ត្រូវធ្វើដំណើរទៅមុខជាបន្តទៀត បើទោះបីជាមានអង្ករតិចតួច ឬមិនមានអ្វីហូបក៏ដោយ។ ដើម្បីចម្អែតក្រពះ ផា បានដើររកជីកដំឡូង ឬរុក្ខជាតិផ្សេងៗយកមកចំអិនហូប។ នៅលើភ្នំ មានអ្នកប្រាប់ឲ្យផា រើសយកកូនប្រុសម្នាក់មានសាច់ មកចិញ្ចឹម ប៉ុន្តែគាត់បានបដិសេធ ព្រោះខ្លួនផាផ្ទាល់យោងអាត្មាមិនចង់រួច ឬអាចស្លាប់នៅពេលខាងមុខ។ មួយវិញទៀត ប្អូនរបស់ផា បានឈឺធ្លាក់ឈាមម្នាក់ទៀតនៅពេលធ្វើដំណើរ។

ផា បានធ្វើដំណើរនៅលើភ្នំរយៈពេលប្រមាណជិត១ឆ្នាំ ទើបគាត់ត្រលប់មកខេត្តតាកែវ។ ពេលមកដល់ស្រុកកំណើត ផា បានរៀបការម្ដងទៀត និងមានកូនចំនួន៧នាក់។ ការរៀបការលើកទី២នេះ មិនបានធ្វើឲ្យផា ធូរស្រាលឡើយ ព្រោះប្ដីរបស់គាត់មានប្រពន្ធម្នាក់ទៀត និងទុកឲ្យគាត់ចិញ្ចឹមកូនតូចៗម្នាក់ឯងរហូតដល់ធំ។ នៅក្នុងសម័យខ្មែរក្រហម ផា បាត់បង់ប្ដី កូនស្រីម្នាក់ បងប្អូន២នាក់ ម្ដាយ និងសាច់ញាតិផ្សេងទៀត។

សម្ភាសន៍ដោយ៖ ខុំ​ ស្រីនោរ នៅថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin