ហៃ បូរីន៖ ព្រាត់ប្រាសឪពុកនៅឆ្នាំ១៩៧៦

ហៃ បូរីន រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ហៃ បូរីន ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅនិងមានទីកន្លែងកំណើតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ បូរីន មានបងប្អូនចំនួនបួននាក់ ក្នុងនោះមានស្រីចំនួនពីរនាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការទម្លាក់គ្រាប់បែកនៅស្រុកស្អាង។ នៅឆ្នាំ១៩៧២ គ្រួសាររបស់បូរីន បានទៅរស់នៅទីក្រុងភ្នំពេញ និងប្រកបរបរលក់បន្លែនៅផ្សារថ្មី។ ជួនកាល បូរីន កាត់ស្លឹកចេកយកទៅលក់នៅតាខ្មៅ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់បូរីន ចេញពីផ្សារដើមថ្កូវត្រលប់មកភូមិអូររំចេកវិញ។ ខ្មែរក្រហមបានចាត់ទុកគ្រួសាររបស់បូរីនជាប្រជាជនថ្មី។ នៅឆ្នាំ១៩៧៦ ឪពុករបស់បូរីន បានបាត់ខ្លួន នៅពេលទៅជីកប្រឡាយនៅភូមិចុងព្រែក។

បូរីន ត្រូវព្រាត់ប្រាសពីឪពុកម្ដាយ និងបងប្អូន​ ដោយចូលធ្វើការក្នុងអង្គភាពភូមិ អស់រយៈពេលពីរខែ។ ក្រោយមក បូរីន ចូលធ្វើការក្នុងអង្គភាពឃុំ, អង្គភាពស្រុក និងអង្គភាពនារី។ បូរីន ត្រូវធ្វើការនៅភូមិព្រែកអំបិល, កោះធំ, ព្រែករាំង, ស្វាយប្រទាល និងទឹកវិល។

ជារៀងរាល់ថ្ងៃ បូរីន ត្រូវរែកដី, ស្ទូងស្រូវ, និងដកសំណាប ដោយហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារ គឺមានតែបាយ ឬបបរពីរវែក, ដំឡូងស្ងោរមួយដុំ ឬពោតស្ងោរមួយផ្លែប៉ុណ្ណោះ។ ជួនកាល គឺមានតែត្រកួនស្រុស និងទឹកប្រហុកសម្រាប់ហូបក្នុងមួយពេល។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស បូរីន ឲ្យទៅធ្វើការនៅភូមិទឹកវិល។ បូរីន ចងចាំថា នៅទីនោះ គឺមានអ្នកលួចសម្លៀកបំពាក់របស់គាត់។ បូរីន និយាយថា គាត់ធ្វើមួកពីស្លឹកត្នោត និងយកដែកពីធុងសាំងធ្វើជាឡេវអាវ។ បូរីន បន្ដថានៅក្នុងមួយឆ្នាំ ខ្មែរក្រហមចែកសម្លៀកបំពាក់ឲ្យគាត់តែមួយសម្រាប់ប៉ុណ្ណោះ។

នៅពេល បូរីន ទៅដាំសណ្តែកសៀងនៅកោះធំ មានយប់មួយ សមាជិកក្នុងអង្គភាពត្រូវបានខ្មែរក្រហមហៅទៅទាំងយប់ និងបាត់ខ្លួនរហូតមក។ បូរីន និយាយថា អ្នកណាដែលធ្វើការមិនបាននោះ ខ្មែរក្រហមនឹងយកទៅសម្លាប់ដោយវាយនឹងត្បូងចប ហើយទម្លាក់ចូលរណ្ដៅ។ នៅចុងឆ្នាំ១៩៧៨ នៅពេលកងទ័ពវៀតណាមសម្រុកចូលមកភូមិអូររំចេក នៅពេលនោះ បូរីន បានឃើញខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែក។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បូរីន បានរៀនត្រឹមថ្នាក់អក្ខរកម្មអស់រយៈពេលពីរខែ និងក្រោយមក គាត់ធ្វើស្រែចម្ការនៅកោះក្អម។ នៅឆ្នាំដដែល បូរីន បានធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីរុះផ្ទះដែលទុកចោល និងយកឈើមកសង់ផ្ទះរបស់គាត់នៅភូមិអូររំចេក។ នៅពេលទៅដល់គុកទួលស្លែង បូរីន ថាបានឃើញសាកសពមនុស្សជាច្រើននៅទីនោះ ប៉ុន្តែកងទ័ពវៀតណាមមិនអនុញ្ញាតឲ្យគាត់ចូលទៅជិតនោះទេ។

នៅឆ្នាំ១៩៨០ បូរីន បានរៀបការ និងមានកូនស្រីចំនួនពីរនាក់។ បូរីន ចងចាំថា នៅរបបខ្មែរក្រហម ប្រជាជនត្រូវបានរៀបការដោយបង្ខំចំនួនម្ភៃគូក្នុងពេលតែមួយ។ បូរីន បន្ដថា បីខែក្រោយ ប្រសិនបើប្រពន្ធរបស់អ្នកណាដែលគ្មានផ្ទៃពោះនោះ ខ្មែរក្រហមនឹងយកប្តីទៅសម្លាប់៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin