ចេង សុផា៖ មិននឹកស្មានថាខ្លួននៅរស់រានមានជីវិត

ចេង សុផា ហៅទូច ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុផា មានឪពុកឈ្មោះ ចេង ផូ ហើយម្ដាយ ខឹម សាអែម និងមានបងប្អូន៧នាក់ ក្នុងនោះមានស្រី៣នាក់។ កាលពីក្មេង សុផា បានចូលរៀនដំបូងនៅអាយុ៧ឆ្នាំ ក្នុងសាលាបឋមសិក្សាចំបក់ ថ្នាក់ទី១២។ មួយឆ្នាំក្រោយមក សុផា បានឈប់រៀន ដោយសារតែមានសង្គ្រាមបាញ់ផ្លោងគ្រាប់បែក និងទម្លាក់គ្រាប់បែកពីលើយន្តហោះ។

ថ្ងៃមួយ នៅពេលដែលមានការបាញ់ផ្លោងខ្លាំង គ្រួសារសុផា បានរត់ចូលទៅលាក់ខ្លួនក្នុងលេណដ្ឋាន រហូតដល់ម៉ោង ប្រមាណ៩យប់។ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ ឪពុករបស់សុផា បានហៅកូនៗឲ្យចេញក្រៅវិញ ដើម្បីធ្វើដំណើរទៅស្នាក់នៅវត្តក្រាំងស្លែង ព្រោះផ្ទះរបស់គាត់ និងទ្រព្យសម្បត្តិផ្សេងៗត្រូវបានឆាបឆេះក្នុងភ្លើងទាំងអស់។ ពេលទៅដល់វត្តក្រាំងស្លែង ឪពុកមាររបស់សុផា បានយករម៉កមួយមកដឹកគ្រួសារសុផាទៅរស់នៅ វត្តទ្រព្យគចាស់បន្តទៀត។ សុផា បានរស់នៅវត្តទ្រព្យគចាស់ រយៈពេលប្រមាណ៣ខែ ទើបត្រលប់មកវិញ។ បន្ទាប់មក ម្ដាយរបស់សុផា បានបញ្ជូន សុផា ទៅទីក្រុងភ្នំពេញ ដើម្បីរស់នៅជាមួយមីង មួយរយៈ ទើបម្ដាយសុផា បានទៅយកកូនមករស់នៅជាមួយគាត់វិញនៅបឹងទំពុន ហើយសុផា បានជួយការងារម្ដាយដាំត្រកួនលក់។

នៅឆ្នាំ១៩៧៥ សុផា មានអាយុ១៤ឆ្នាំ។ សុផា និងគ្រួសារ មានបំណងធ្វើដំណើរចេញពីទីក្រុងភ្នំពេញមក ភូមិបចាម តាមការជម្លៀសរបស់យោធាខ្មែរក្រហម។ នៅក្នុងពេលជម្លៀស គ្រួសារសុផា ត្រូវដើរដោយថ្មើរជើង រួមជាមួយសម្លៀកបំពាក់ និងអង្ករបន្តិចបន្តួចទុកហូបតាមផ្លូវ។ ពេលមកដល់ខេត្តតាកែវ ឪពុករបស់សុផា បានជួបជាមួយអ្នកស្គាល់គ្នាម្នាក់ដែលបានណែនាំឲ្យគ្រួសារសុផា ទៅរស់នៅខាងកើតផ្លូវជាតិវិញ ព្រោះនៅទីនោះប្រជាជនមិនបានដឹងពីប្រវត្តិរបស់ឪពុកគាត់ថាធ្លាប់ធ្វើជាទាហាន លើកលែងតែសាច់ញាតិ ហើយអង្គការមិនចាប់គាត់យកទៅសម្លាប់។ ពេលឮដូច្នេះ គ្រួសាររបស់សុផា បានទៅស្នាក់នៅជាមួយអ្នកស្គាល់គ្នាក្បែរវត្តអង្គសឹង្ហ ខាងកើតថ្នល់ជាតិ។ បន្ទាប់មក បងរបស់សុផា រស់នៅភូមិស្មៅខ្ញី ដែលជាប្រជាជនមូលដ្ឋាន បានមកយកគ្រួសារគាត់ទៅរស់នៅជាមួយ។

នៅភូមិស្មៅខ្ញី សុផា បានចូលទៅរស់នៅក្នុងកងចល័តកុមារ ដើម្បីធ្វើការងារ ធ្វើជី, រែកដី និងរែកលាមក។ បន្ទាប់មក អង្គការបានបញ្ជូនកងចល័តរបស់សុផាទៅតំបន់៥៥ ដើម្បីធ្វើស្រែប្រាំង និងរែកដីជាមួយមនុស្សធំ។ នៅពេលបញ្ចប់ការងារក្នុងតំបន់៥៥ អង្គការបានជម្លៀសក្រុមកងចល័តមកភូមិមួយខាងកើតផ្សារសំរោងយ៉ោង និងបន្តទៅកន្លែងផ្សេងទៀត។

នៅយប់មួយពេលខែភ្លឺ ក្នុងអំឡុងពេលដែលក្រុមកងចល័តសម្រាកនៅលើផ្ទះមួយខាងលិចវត្តអង្គសឹង្ហ សុផា បានឃើញកងឈ្លបក្មេងៗស្ពាយកាំភ្លើង បណ្ដើរមនុស្សតាមផ្លូវជាច្រើនរយនាក់ពីទិសខាងកើតទៅទិសខាងលិច។ អ្នកទោសដែលអង្គការបណ្ដើរនោះមានជាប់ចំណងអំបោះលើកដៃ និងត្រូវធ្វើដំណើរជាជួរ ហើយប្រសិនបើមានអ្នកដួល កងឈ្លបក្មេងៗស្រែកឲ្យងើបៗ ហើយដើរទៅមុខទៀត ប៉ុន្តែមិនដឹងថាទៅទីណាឲ្យប្រាកដ។ នៅពេលឃើញដូច្នេះ សុផា គិតថាអ្នកទោសទាំងអស់នោះត្រូវបានអង្គការបណ្ដើរយកទៅសម្លាប់ ហេតុនេះហើយបានជាគាត់សំងំសម្រាកញ័រខ្លួន និងធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ ហើយគាត់ក៏មិនហ៊ាននិយាយជាមួយមិត្តនៅក្នុងកងដែរ។

សុផា ធ្វើការងារក្នុងកងចល័ត រហូតដល់រដូវច្រូតកាត់មកដល់ ប៉ុន្តែមិនទាន់បានប្រមូលផលផងស្រាប់តែ របបខ្មែរក្រហមបានដួលរលំ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមចាញ់សង្គ្រាម សុផា បានត្រលប់ទៅរស់នៅភូមិស្មៅខ្ញី ស្រុកបាទី និងប្រកបរបបធ្វើនំ និងគុយទាវ យកទៅលក់ដូរអង្ករមកហូប។ បន្ទាប់មក សុផា បានរៀបការជាមួយឈ្មោះ ឌឿក សារិន និងមានកូន៧នាក់ ក្នុងនោះមានស្រី៦នាក់។ ជាញឹកញាប់ សុផា នៅតែគិតពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម រួចរៀបរាប់ប្រាប់ទៅកូនៗឲ្យគាត់បានដឹង។ សុផា នៅតែមានអារម្មណ៍ថាមិនគួរឲ្យជឿដែលខ្លួនអាចរស់រានមានជីវិត ព្រោះពេលនោះគាត់ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ហើយរបបអាហារភាគច្រើនគឺបបររាវៗបន្តិចបន្តួច និងគ្មានជីវជាតិទាល់តែសោះ។ ការលំបាករបស់ សុផា ក្នុងសម័យខ្មែរក្រហម បានធ្វើឲ្យគាត់មានជំងឺឆ្អឹងកងខូចអស់២កាំ, ក្រពះពោះវៀន, ខ្វះជាតិស្ករ និងខ្វះគ្រាប់ឈាមក្រហម នៅពេលដែលអាយុរបស់គាត់កាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin