ស្ទើរត្រូវបានខ្មែរក្រហមសម្លាប់

(ខេត្តស្វាយរៀង) គង់ វ៉ុន អាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វ៉ុន មានឪពុកឈ្មោះ គង់ ឆាំ (ស្លាប់) និងម្តាយឈ្មោះ ទុំ សុត (ស្លាប់) ហើយគាត់ជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន ៧នាក់ រួមមាន៖ ទុំ ឈឿន, ទុំ ឆុន (ស្លាប់), គង់ វ៉ុន, គង់ វុធ (ស្លាប់), គង់ ឡាំ, គង់ ឈន់ និង ទុំ ម៉ៅ។

កាលពីកុមារភាព វ៉ុន រៀនសូត្របានត្រឹមថ្នាក់ទី១២ ក្នុងរបបសង្គមរាស្ត្រនិយម។ នៅឆ្នាំ១៩៧០ វ៉ុន ស្ថិតក្នុងវ័យក្មេងនៅឡើយ ហើយបានជួបប្រទះទុក្ខលំបាកដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែក។ គ្រានោះ វ៉ុន នៅផ្ទះជួយការងារស្រែចម្ការឪពុកម្តាយនៅស្រុកកំណើត ស្ថិតក្នុងខេត្តព្រៃវែង។

នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ នៅពេលនោះ វ៉ុន និងគ្រួសារ ត្រូវបានខ្មែរក្រហមបង្ខំឱ្យទៅរស់នៅក្នុងសហករណ៍ភូមិជ័យតា ស្ថិតក្នុងខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហម វ៉ុន ស្ថិតក្នុងកងចល័តបុរសពេញកម្លាំង ដែលជាកម្លាំងស្រួចរបស់សហករណ៍។ ការងាររបស់ វ៉ុន គឺភ្ជួរស្រែនៅរដូវវស្សា ហើយនៅរដូវប្រាំងត្រូវជីកប្រឡាយ និងលើកទំនប់។

រឿងរ៉ាវដែល វ៉ុន ចងចាំ និងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺនៅតំបន់ដើមពោធិ៍ ខាងលិចភូមិ មានកងចល័តមួយក្រុម ដឹកនាំដោយប្រធានកងបម្រុង បានចាប់ចងគាត់ និងបម្រុងនាំយកទៅសម្លាប់ ដោយចោទប្រកាន់ថាក្បត់អង្គការ។ វ៉ុន និងសមាជិកកងចល័ត ក៏ដូចជាប្រជាជនដទៃទៀតនៅក្នុងសហករណ៍ បានទទួលទុក្ខលំបាកយ៉ាងខ្លាំង ដោយត្រូវធ្វើការងារធ្ងន់ធ្ងរគ្មានពេលសម្រាកគ្រប់គ្រាន់ និងទទួលបានរបបអាហារខ្វះខាត​។ ក្រោយពីរបបខ្មែរក្រហមដួលរលំ វ៉ុន បានត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយបច្ចុប្បន្នគាត់ប្រកបរបរជាកសិករ រស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយ គឺជំងឺលើសសម្ពាធឈាម និងជំងឺលើសជាតិអាស៊ីត៕

អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin