អ៊ុក សាមួន៖ ជីវិតឆ្លងកាត់របបខ្មែរក្រហមពិបាកខ្លាំងណាស់

(ខេត្តស្វាយរៀង) អ៊ុក សាមួន មានអាយុ ៧៤ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមួន មានឪពុកឈ្មោះ អ៊ុក សេង (ស្លាប់) និងម្តាយឈ្មោះ រ័ត្ន រឹម (ស្លាប់) ហើយក្នុងគ្រួសារគាត់មានបងប្អូនចំនួន ៧នាក់ រួមមាន៖ ទិត សារឿន (ស្លាប់), ទិត សាមឿន (ស្លាប់), ទិត សាមួន, ងិន សាមាន់, ងិន ងៀម (ស្លាប់), ងិន ងន (ស្លាប់) និង ងិន ភន (ស្លាប់)។ កាលពីកុមារភាព សាមួន រៀនសូត្របានត្រឹមថ្នាក់ទី៤ ក្នុងរបបសង្គមរាស្ត្រនិយម។
នៅឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកពីយន្តហោះរបស់សហរដ្ឋអាមេរិក ដែលគាំទ្ររបប លន់ នល់ មកលើភូមិដ្ឋាន សាមួន រស់នៅ។ សាមួន ត្រូវរត់គេចពីគ្រាប់ផ្លោង ដោយផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិផ្សេងៗ ទើបធ្វើឱ្យការបង្កបង្កើនផលស្រូវ និងការប្រកបរបររកស៊ីជួបប្រទះការលំបាក ។
នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម សាមួន រស់នៅក្នុងសហករណ៍ភូមិក្រៅ ហើយត្រូវបានបង្ខំឱ្យផ្លាស់ទីពីតំបន់មួយទៅតំបន់មួយនៅក្នុងស្រុកស្វាយជ្រំ ដើម្បីទៅស្ទូងស្រូវ ដកសំណាប ជីកប្រឡាយ និងលើកទំនប់។ ចំពោះរបបអាហារវិញ គាត់ដូចសមាជិកកងចល័តដទៃទៀតដែរ គឺទទួលបានបបរ ២វែក ក្នុងមួយថ្ងៃ សម្រាប់អាហារ ២ពេល។ សាមួន ត្រូវធ្វើការងារដោយគ្មានពេលសម្រាកគ្រប់គ្រាន់ និងទទួលបានអាហារមិនគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ប៉ុន្តែគាត់មិនហ៊ានលួចយកអាហាររបស់អង្គការមកហូបឡើយ ព្រោះខ្លាចត្រូវគេចោទប្រកាន់ថាក្បត់សមូហភាព និងនាំយកទៅសម្លាប់ចោល។ សាមួន និយាយថា ជីវិតដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ពិតជាជួបការលំបាកខ្លាំងណាស់ ដោយរស់មួយថ្ងៃ គិតមួយថ្ងៃ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សាមួន បានត្រឡប់មករស់នៅជួបជុំគ្រួសារវិញ ហើយទទួលបានដីស្រែដែលអាជ្ញាធរបានចែកឱ្យ សម្រាប់ធ្វើស្រែចិញ្ចឹមជីវិត។ បច្ចុប្បន្ន សាមួន មានមុខរបរជាកសិករ និងមើលថែចៅៗនៅផ្ទះ ហើយមានជំងឺប្រចាំកាយ គឺឧស្សាហ៍ខ្សោយកម្លាំង ហេវហត់ និងមានជំងឺឈឺពោះ៕
អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

