នារីពេទ្យក្នុងរបបខ្មែរក្រហម

ពេទ្យកំពុងពិនិត្យមើលដបថ្នាំនៅក្នុងរបបខ្មែរក្រហម រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ ហើយបានជម្លៀសប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ និងទីប្រជុំជននានាទូទាំងប្រទេស ឱ្យទៅរស់នៅតាមតំបន់ជនបទ ដើម្បីប្រកបការងារកសិកម្ម។ របបនេះបានផ្សព្វ ផ្សាយគោលនយោបាយសង្គមដែលគ្មានអ្នកមាន គ្មានអ្នកក្រ ដោយឱ្យប្រជាជនរស់នៅស្មើភាពគ្នា និងហូបចុករួមគ្នាតាមរយៈសហករណ៍។

មេដឹកនាំសំខាន់ៗនៃរបបខ្មែរក្រហមមានដូចជា ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន និងថ្នាក់ដឹកនាំដទៃទៀត។ របបនេះមិនបានផ្តល់តម្លៃដល់និស្សិត បញ្ញវន្ត ឬអ្នកដែលមានការអប់រំខ្ពស់ ដែលអាចចាត់ទុកថាជាធនធានមនុស្សដ៏សំខាន់នោះទេ។ ផ្ទុយទៅវិញ ខ្មែរក្រហមបានផ្តល់តម្លៃ និងលើកទឹកចិត្តដល់អ្នកដែលធ្លាប់ចូលរួមតស៊ូប្រឆាំងនឹងរបប លន់ នល់​។ ជាពិសេស ខ្មែរក្រហមបានផ្តល់ការគាំទ្រចំពោះប្រជាជនមូលដ្ឋានចាស់ដែលរស់នៅតាមជនបទ ដោយចាត់ទុកថាជាអ្នកមានភាពស្មោះត្រង់ចំពោះអង្គការ។ បើទោះបីជាបុគ្គលមួយចំនួនមិនមានកម្រិតវប្បធម៌ខ្ពស់ក៏ដោយ ក៏នៅតែអាចទទួលបានការចាត់តាំងឱ្យបំពេញការងារផ្សេងៗ រួមទាំងការងារផ្នែកសុខាភិបាល​ផងដែរ។

ជិន សំ បានក្លាយជានារីពេទ្យម្នាក់ក្នុងរបបខ្មែរក្រហម នៅពេលមានអាយុត្រឹម ១៣ ឆ្នាំ។ សព្វថ្ងៃ សំ មានអាយុ ៣៥ ឆ្នាំ (សម្ភាសនៅឆ្នាំ២០០១) និងជាកូនអ្នកមូលដ្ឋានចាស់ រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនឆ្នាំ១៩៧៥ សំ ជាកូនកសិករក្រីក្រម្នាក់ ដែលរស់នៅតាមតំបន់ជនបទ និងពុំមានឱកាសទទួលការអប់រំនៅសាលារៀនឡើយ​។

សំ នៅពេលមានអាយុ ៩ ឆ្នាំ បានបែកចេញពីឪពុកម្តាយ ដើម្បីចូលរួមជាមួយចលនាខ្មែរក្រហម។ លុះដល់ឆ្នាំ១៩៧៥ សំ ត្រូវបានដាក់បញ្ចូលក្នុងអង្គភាពកុមារ។ សំ និងកុមារីជាច្រើននាក់ទៀត ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារផ្សេងៗ ដូចជា រើសលាមកគោសម្រាប់ធ្វើជីដាក់ស្រែ លើកទំនប់ ជីកប្រឡាយ និងរែកដី តាមការចាត់តាំងរបស់អង្គការ។ អង្គភាពកុមារនេះ មានសមាជិកជាកុមារីដែលបានបែកចេញពីឪពុកម្តាយ។ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អង្គការបានផ្តល់ឱកាសឱ្យកុមារទាំងនោះរៀនអក្សរសាស្ត្រខ្មែររយៈពេលប្រមាណមួយម៉ោង ក្រោយពេលហូបអាហារថ្ងៃត្រង់ នៅក្រោមផ្ទះ ឬក្រោមដើមឈើ មុននឹងចេញទៅបំពេញការងារបន្ត។ បន្ទាប់ពីការសិក្សាចប់ ប្រធានក្រុមកុមារនឹងចាត់តាំងការងារប្រចាំថ្ងៃ។ ជាទូទៅ កុមារនៅក្នុងរបបខ្មែរក្រហមត្រូវចាប់ផ្តើមការងារតាំងពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១១ ថ្ងៃត្រង់ ទើបសម្រាកហូបអាហារ។ បន្ទាប់មក កុមារត្រូវបន្តការងាររហូតដល់ម៉ោង ៦ ល្ងាច ទើបអាចត្រឡប់មកអង្គភាពវិញ។ នៅដើមឆ្នាំ១៩៧៨ អង្គការបានចុះមកជ្រើសរើសកុមារីជាច្រើននាក់ពីអង្គភាពផ្សេងៗឱ្យទៅបំពេញការងារនៅទីក្រុងភ្នំពេញ។ ក្នុងបញ្ជីឈ្មោះដែលត្រូវជ្រើសរើសនោះ ក៏មានឈ្មោះ សំ ផងដែរ។ អង្គការបានហៅ សំ ឡើងជិះរថយន្តភ្លាមៗ ដោយមិនមានឱកាសជូនដំណឹងដល់ឪពុកម្តាយ ឬបងប្អូនឡើយ។ ដំបូង យើងត្រូវបានប្រមូលផ្តុំគ្នានៅទីរួមខេត្តតាកែវ បន្ទាប់មកធ្វើដំណើរតាមរថយន្តនៅពេលយប់។ សំ មិនស្គាល់ទិសដៅ និងមិនធ្លាប់ស្គាល់ទីក្រុងភ្នំពេញពីមុនមកទេ។ នៅពេលទៅដល់ អង្គការបានបែងចែកមនុស្សជាក្រុមៗ។ សំ ត្រូវបានចាត់ឱ្យស្ថិតនៅអង្គភាពមន្ទីរពេទ្យ ៦ មករា។ នៅទីនោះ សំ មានភារកិច្ចបោសសម្អាត និងលាងបង្គន់នៅក្នុងមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ សំ បាន​រៀនមុខវិជ្ជាពេទ្យមួយចំនួនផងដែរ ប៉ុន្តែគាត់ពិបាកយល់មេរៀន ដោយសារតែមិនចេះអក្សរ។

នៅពាក់កណ្តាលឆ្នាំ១៩៧៨ យោធាខ្មែរក្រហមរាប់រយ រាប់ពាន់នាក់ ដែលត្រូវបានបញ្ជូនមកពីតំបន់ព្រំដែនវៀតណាម ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកខ្លះរងរបួសបាក់ដៃ បាក់ជើង អ្នកខ្លះមានរបួសធ្ងន់រហូតដល់ពោះវៀនធ្លាយចេញមកខាងក្រៅ ហើយអ្នកខ្លះទៀតបានស្លាប់មុនពេលមកដល់មន្ទីរពេទ្យ។ តាមរយៈការរៀបរាប់របស់យោធាខ្មែរក្រហម សំ បានដឹងថា កម្ពុជាកំពុងមានសង្គ្រាមនៅតាមព្រំដែនភាគខាងកើតជាប់ប្រទេសវៀតណាម​​​​។ នៅអំឡុងពេលនោះ សំ មានភារកិច្ចលាងសម្អាតរបួស និងចាក់ថ្នាំជំនួសបងៗមួយចំនួន ព្រោះចំនួនអ្នករបួសមានច្រើនពេក។ យោធារងរបួសត្រូវបានដឹកមកកាន់មន្ទីរពេទ្យទាំងតាមផ្លូវគោក និងផ្លូវទឹក ទាំងយប់ទាំងថ្ងៃ។

ក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានបើកការវាយលុកពីទិសខាងកើត និងរំដោះតំបន់នានាជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ។[1] នៅពេលនោះ សំ និងកុមារកំព្រាដែលមានអាយុប្រមាណ ៤ ទៅ ៥ ឆ្នាំ និងអ្នករបួសស្រាលមួយចំនួនធំ ត្រូវបានអង្គការចាត់តាំងឱ្យឡើងរថយន្ត ហើយបន្តធ្វើដំណើរតាមរថភ្លើងទៅកាន់ខេត្តបាត់ដំបង។ បន្ទាប់ពីនោះ មនុស្សម្នាក់ៗត្រូវនាំគ្នាដើរចូលព្រៃរៀងៗខ្លួន។ កុមារតូចៗជាច្រើនមិនអាចដើរបាន ហើយដោយសារខ្វះអាហារ ពួកគេបានស្លាប់តាមផ្លូវជាបន្តបន្ទាប់។ គ្រប់គ្នាស្ថិតក្នុងភាពភ័យខ្លាចចំពោះវត្តមានរបស់កងទ័ពវៀតណាម ហើយខិតខំរត់គេចចូលព្រៃរហូតដល់តំបន់ព្រំដែនថៃ។ ក្នុងអំឡុងពេលធ្វើដំណើរនោះ មនុស្សជាច្រើនបានស្លាប់ដោយសារការអត់ឃ្លាន ជាពិសេសនៅពេលឆ្លងកាត់តំបន់ភ្នំ។ អ្នកដែលមិនអាចបន្តដំណើរទៅមុខបាន គឺត្រូវទុកចោល និងស្លាប់តាមផ្លូវ ដោយគ្មាននរណាម្នាក់អាចជួយគ្នាបានឡើយ សូម្បីតែសាច់ញាតិ ឬសមាជិកគ្រួសាររបស់ខ្លួន។ បន្ទាប់ពីឆ្នាំ១៩៧៩ សំ បានរស់នៅក្នុងជំរំតាមព្រំដែន និងបន្តចូលរួមជាមួយចលនាខ្មែរក្រហម ក្នុងការប្រឆាំងនឹងវត្តមានកងទ័ពវៀតណាម និងកងទ័ពរដ្ឋកម្ពុជា។ លុះក្រោយមក នៅពេលមានដំណើរការសមាហរណកម្ម សំ បានវិលត្រឡប់មករស់នៅភូមិកំណើតវិញ។

[1] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា, បោះពុម្ព ឆ្នាំ២០២៥,ទំព័រ៤១


អត្ថបទដោយ សុខ វណ្ណៈ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin