ប្រជាជន១៧មេសាត្រូវទទួលរងទារុណកម្មខ្លាំង

(ព្រះវិហារ)៖ មាស ឃឹម មានអាយុ៦៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ ឃឹម រស់នៅជាមួយប្រពន្ធ និងចៅៗរបស់គាត់។ ឃឹម មានជំងឺខ្សោយកម្លាំង ងងឹតភ្នែក និងពិការជើងខាងឆ្វេងដោយសារសង្រ្គាម។

ឃឹម មានស្រុកកំណើតនៅ ភូមិក្របីព្រៃ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ មុនពេលសម័យខ្មែរក្រហមចូលមកដល់ ឃឹម រស់នៅជាមួយឪពុកម្តាយ, គ្រួសាររបស់គាត់ ប្រកបរបរធ្វើស្រែចំការធម្មតា ហើយមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់ រស់នៅយ៉ាងមានសុភមង្គល។ នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅតាមព្រៃប្រហែលមួយគីឡូដីពីភូមិ ធ្វើឱ្យប្រជាជននាំគ្នារត់ចូលត្រង់សេដើម្បីគេចគ្រាប់។ ប្រជាជនជីកដីប្រហែល១ម៉ែត្រ យកឈើដាក់អមសងខាង និងដាក់ដីគ្របពីលើ។

នៅឆ្នាំ១៩៧៥ ឃឹម មានអាយុ១៣ឆ្នាំ ខ្មែរក្រហមបានចូលមកគ្រប់គ្រង់ក្នុងភូមិ ។ ពេលចូលដំបូង ខ្មែរក្រហមបានចាប់ផ្ដើមឱ្យប្រជាពលរដ្ឋប្រមូលទ្រព្យសម្បត្តិរួមមាន ស្រូវអង្ករ ចានឆ្នាំង មាសប្រាក់ យកមកដាក់រួម និងហូបបាយរួម។ ខ្មែរក្រហមរើសយកផ្ទះណាដែលធំជាងគេយកធ្វើជាកន្លែងដាំបាយសម្រាប់ហូបរួម ហើយពេលគេវៃជួង ទើបនាំគ្នាទៅហូបបាយ។ ឃឹម ត្រូវទៅធ្វើការនៅខាងកងចល័ត ដើម្បីធ្វើជីជាមួយដីល្បាប់ ដីបាតបឹង លាយជាមួយលាមកមនុស្ស និងស្លឹកទន្ទ្រានខែត្រ ដោយច្របល់ប្រើដៃនិងជើង។ ម៉ោងធ្វើការចាប់ផ្តើមនៅម៉ោង៤ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ ហើយបន្តពីម៉ោង១រសៀលដល់ម៉ោង៥ ឬម៉ោង៦ល្ងាច។ ឃឹម ស្នាក់នៅតាមកងចល័ត មិនបាននៅជុំជាមួយឪពុកម្តាយទេ។

នៅពេលនោះមានមនុស្សស្លាប់ច្រើនដោយសារធ្វើការងារលើសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ និងឈឺគ្មានថ្នាំលេប។ ខ្មែរក្រហម បានផ្តល់ត្រឹមបបររាវឱ្យហូប។ ឃឹម បានប្រាប់ថា៖ «ប្រជាជន១៧មេសា ត្រូវទទួលរងទារុណកម្មខ្លាំង ហើយប្រជាជនខ្លះធ្វើការបានត្រឹមតែ២ទៅ៣ថ្ងៃក៏បានបាត់ខ្លួន ប្រហែលជាត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល»។ មានពេលមួយដោយសារនឹកម្តាយខ្លាំង ឃឹម និងយុវជនម្នាក់ទៀតបាននាំគ្នារត់ទៅផ្ទះជួបជាមួយម្តាយ ហើយព្រឹកឡើងក្រោកពីម៉ោង៤ទៅការដ្ឋានវិញ។ ក្រោយមក គណៈក្រុមបានដឹងរឿងនេះ ហើយបានដាក់ពិន័យឱ្យ ឃឹម លើកភ្លឺស្រែកម្ពស់មួយម៉ែត្រ ទទឹងមួយម៉ែត្រ និងប្រវែង១០ម៉ែត្រ ឱ្យរួចក្នុងរយៈពេលមួយព្រឹក។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមចាត់តាំងឱ្យ ឃឹម ចូលធ្វើជាទាហានការពារព្រំដែន ដោយហាត់សមបានមួយសប្ដាហ៍ ទទួលបានកាំភ្លើងអាកាបត់ គ្រាប់កាំភ្លើង និងសាក់កាដូ រួចបញ្ជូនទៅព្រំដែនភូមិភាគបូព៌ាដើម្បីប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម។ ក្រោយឆ្នាំ១៩៧៩ ពេលទាហានវៀតណាមវាយបែកទាហានខ្មែរក្រហម ឃឹម បានរត់ភៀសខ្លួនហែលទឹកឆ្លងទន្លេមេគង្គកាត់តាមព្រៃរហូតដល់ភ្នំដងរែក ហើយជួបជាមួយ សឺន សាន។ សឺន សាន បានទទួល ឃឹម ឱ្យធ្វើជាទាហាននៅវរៈ៧៧ ដើម្បីប្រយុទ្ធជាមួយយោធាខ្មែរក្រហម។ នៅឆ្នាំ១៩៨៤ ឃឹម បានជាន់មីននៅភ្នំដងរែកបណ្តាលឱ្យដាច់ជើងខាងឆ្វេង ហើយទាហានបាននាំទៅប្រទេសថៃដើម្បីព្យាបាល និងកាត់ជើងចេញ៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin