សូមកូនចៅខិតខំរៀនសូត្រកុំឱ្យរបបនោះកើតឡើងម្ដងទៀត

(បាត់ដំបង)៖ អ៊ុំ រ៉េត មានអាយុ៦២ឆ្នាំ កើតនៅឆ្នាំ១៩៦២ មានទីកន្លែងកំណើតនៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ, អាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧០ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង រ៉េត ទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត ហើយបងប្អូនត្រូវបែកគ្នាទៅធ្វើការងារតំបន់ផ្សេង។ ចំពោះស្រុកភូមិមានភាពចលាចល មានចោរចូលលួចទ្រព្យសម្បត្តិ សត្វគោក្របី ព្រមទាំងមានការទម្លាក់គ្រាប់បែក ព្រមទាំងមានការជម្លៀសប្រជាជនចេញពីភូមិដើម្បីគេចខ្លួនពីការទម្លាក់គ្រាប់បែក។ នៅចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ ដោយសារតែស្ថិតក្នុងកុមារភាព រ៉េត មិនបានធ្វើការងារអ្វីទេ ចំពោះការរៀនសូត្រមិនបានរៀនដែរ ព្រោះតែភាពចលាចលក្នុងតំបន់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិស្រុកទាំងស្រុង។ ដោយសារតែ រ៉េត ជាប្រជាជនធម្មតាហើយនៅក្មេង ខ្មែរក្រហមមិនទាន់បានចាត់ឱ្យធ្វើការងារអ្វីទេ គឺគ្រាន់តែចាប់បំបែកចេញពីគ្រួសារ។ នៅពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាច រ៉េត មានអាយុ១៣ឆ្នាំ។ ខ្មែរក្រហម បានជម្លៀស រ៉េត និងគ្រួសារទៅតំបន់ផ្សេង ហើយការជម្លៀសនោះគឺដើរដោយថ្មើរជើង។ ពេលនោះខ្មែរក្រហមបានប្រាប់ថាឱ្យទៅធ្វើការនៅភូមិឬតំបន់ថ្មី ហើយរៀបចំជាសហករណ៍ដើម្បីឱ្យធ្វើការងារ។ រ៉េត បានរស់នៅក្នុងវត្តអាសីភូមិស្រែអូរ ស្រុកមោងឫស្សី។ ខ្មែរក្រហមបានចាត់តាំងឱ្យ រ៉េត កាប់ដី កាប់ដំបូក រំលាយដំបូក លើកទំនប់ និងជីកប្រឡាយនៅភូមិទួលព្រុំ ឃុំកកោះ នៅស្រុកមោងឫស្សី។

ចំពោះការហូបចុក ខ្មែរក្រហមមិនឱ្យអាហារហូបគ្រប់គ្រាន់នោះទេ។ សម្រាប់អ្នកធ្វើការបានទទួលអាហារតែមួយកូនចានក្នុងមួយពេល ចំណែកអ្នកជំងឺគឺកាត់បន្ថយឱ្យហូបតិចជាងអ្នកធ្វើការ ព្រោះរបបនោះផ្ដល់អាហារឱ្យតែនរណាដែលធ្វើការប៉ុណ្ណោះ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនហូបតែបបរ ពេលព្រឹកជាបបររាវ ចំណែកល្ងាចបបររៀងខាប់។ ចំពោះការឈឺស្កាត់ ប្រសិនជាជំងឺស្រាលគឺខ្មែរក្រហមឱ្យលេបតែថ្នាំអាចម៍ទន្សាយហើយធ្វើការធម្មតាវិញ ប៉ុន្តែបើឈឺរាងធ្ងន់គឺឱ្យសម្រាក២ទៅ៣ថ្ងៃ។ ក្នុងរបបនោះ រ៉េត ធ្លាប់ឈឺហើមដៃ-ជើង ដើរមិនរួចធ្វើការលែងបាន។ ឃើញដូច្នេះ ខ្មែរក្រហមបានឱ្យ រ៉េត សម្រាករយៈពេលមួយសប្ដាហ៍នៅពេទ្យក្នុងកង លុះពេលរាងស្រកគ្រាន់ហើយទើបឱ្យទៅធ្វើការងារបន្តទៀត។

នៅក្នុងរបបខ្មែរក្រហម រ៉េត បានបាត់បង់សមាជិកគ្រួសារចំនួនបីនាក់ ដោយសារខ្មែរក្រហមប្រើធ្វើការច្រើនហើយហូបមិនគ្រប់គ្រាន់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ សមាជិកដែលបានបាត់បង់ជីវិតនោះត្រូវជាបងស្រី ដែលមានឈ្មោះ យ៉ាត់ អាយុ៤០ឆ្នាំ ឈ្មោះយន់ អាយុ៣៩ឆ្នាំ និងឈ្មោះ យ៉េត អាយុ៣៨ឆ្នាំ។ ចំពោះការសម្លាប់មនុស្ស រ៉េត ធ្លាប់បានឃើញខ្មែរក្រហមសម្លាប់តាម្នាក់ឈ្មោះ ឡុក ដែលគាត់កំពុងតែសម្រាកពេទ្យសុខៗ ស្រាប់តែខ្មែរក្រហមបានចាប់ចងបណ្តើរយកទៅចាក់សម្លាប់ចោលនៅខាងភូមិកូនក្អែក ស្រុកមោងឫស្សី។

សព្វថ្ងៃ រ៉េត មានជំងឺប្រចាំកាយឈឺសន្លាក់ដៃជើង និងឈឺចង្កេះ។ ជំងឺទាំងនេះបានធ្វើឱ្យ រ៉េត មានការលំបាកជាខ្លាំងនៅពេលដែលធ្វើទុក្ខម្តងៗ មានអាការចុករោយ។ ជំងឺទាំងនេះគឺបានទទួលរងពីរបបខ្មែរក្រហមដោយសារតែពេលនោះខ្មែរក្រហមបានប្រើឱ្យគាត់ធ្វើការរែកសែងច្រើន។ រ៉េត បានផ្តាំផ្ញើដល់កូនចៅជំនាន់ក្រោយថា៖ «នៅក្នុងរបបខ្មែរក្រហម បានធ្វើបាប និងធ្វើទារុណកម្មប្រជាជនខ្លាំងណាស់ ដូច្នេះសូមកូនចៅខិតខំរៀនសូត្រកុំឱ្យរបបនោះកើតឡើងម្តងទៀត»៕

សម្ភាសន៍ដោយ៖ រ៉េត ប៊ុនចាន់ធឿន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin