កងចល័តភូមិស្វាយដូនអី

(ខេត្តស្វាយរៀង) ប្រាក់ មឿន មានអាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មឿន មានឪពុកឈ្មោះ ប្រាក់ សុំ និងម្ដាយឈ្មោះ អៀង ជឹម ហើយគាត់គឺជាកូនទោលក្នុងគ្រួសារ។ កាលពីកុមារភាព មឿន បានសិក្សារៀនសូត្រដល់ថ្នាក់ទី៩ ក្នុងសម័យសង្គមរាស្ត្រនិយម។

មឿន រៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ កាលនោះប្រទេសជាតិចាប់ផ្ដើមធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។ នៅឆ្នាំ១៩៧១ ឪពុកម្ដាយរបស់មឿន បានរៀបចំទុកដាក់ឱ្យគាត់មានប្រពន្ធជាមួយនារីម្នាក់រស់នៅក្នុងភូមិជាមួយគ្នា។ បន្ទាប់មក មឿន បានរត់ចូលព្រៃម៉ាគីដើម្បីទៅចូលរួមជាមួយចលនាខ្មែរក្រហម ប៉ុន្តែមិនយូរប៉ុន្មានក៏បានត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះ ទើបដឹងថាប្រពន្ធរបស់ខ្លួនបានរត់ភៀសខ្លួនទៅរស់នៅឯខេត្តព្រៃវែង ហើយគាត់ក៏បានធ្វើដំណើរតាមទៅរក។ ការដែលប្រពន្ធរបស់មឿន ភៀសខ្លួនទៅខេត្តព្រៃវែងនេះ គឺដោយសារតែនៅក្នុងភូមិស្វាយដូនអី មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំងដែលគាំទ្ររបប លន់ នល់ ដោយបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងភូមិអស់ជាច្រើន។

លុះដល់ឆ្នាំ១៩៧៥ ប្រទេសជាតិបានធ្លាក់ចូលក្រោមការគ្រប់គ្រងនៃរបបខ្មែរក្រហម។ នៅពេលខ្មែរក្រហមឡើងកាន់កាប់អំណាច កងឈ្លបបានបង្ខំឱ្យប្រជាពលរដ្ឋប្រគល់មាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោក្របី មាន់ទា សូម្បីតែផ្ទះសម្បែង ក៏ត្រូវដាក់ជាសម្បត្តិរួមរបស់អង្គការទាំងអស់ដែរ​។ ដំបូងឡើយ មឿន ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើស្រែជាមួយកងចល័តនៅក្នុងភូមិ។ បន្ទាប់មក មឿន ត្រូវបានអង្គការចាត់តាំងជាសមាជិកកងចល័តនៅភូមិស្វាយដូនអីដដែល ដោយត្រូវទៅជីកប្រឡាយ ដោយអង្គការបានកំណត់ផែនការការងារក្នុងមួយថ្ងៃ ត្រូវជីកដីឱ្យបានទំហំ ២ម៉ែត្រគូបសម្រាប់មនុស្សម្នាក់ៗ។ ក្រោយមក មឿន ត្រូវបានមេកងចាត់តាំងឱ្យទៅលើកប្រព័ន្ធភ្លឺស្រែជាក្រុម ដែលមានសមាជិក ១២នាក់ ដោយបែងចែកចេញជាក្រុម «ក» ក្រុម «ខ» និងក្រុម «គ»។ នៅរដូវវស្សា អង្គការបានចាត់តាំង មឿន ឱ្យទៅភ្ជួរស្រែ និងស្ទូងស្រូវ ដោយសហការជាមួយកងចល័តនារី ហើយនៅរដូវប្រមូលផល គាត់ត្រូវទៅច្រូតស្រូវ ព្រមទាំងដឹកជញ្ជូនកណ្ដាប់ស្រូវសម្រាប់ការបោកបែន។

ចំពោះរបបអាហារវិញ មឿន រៀបរាប់ថា ក្នុងមួយថ្ងៃអង្គការឱ្យហូបអាហារពីរពេល ដោយ១ពេលៗទទួលបានរបបអាហារបាយឬបបរត្រឹមតែបាយមួយកូនចានស្មើៗគ្នា។ ចំពោះការស្នាក់នៅវិញ គឺត្រូវសម្រាន្តរួមគ្នាជាមួយសមាជិកកងចល័តបុរសនៅក្នុងរោងវែងលើគ្រែធំមួយ ដែលមានមនុស្សដេករួមគ្នារហូតដល់ ១០នាក់ ហើយគេហាមឃាត់មិនឱ្យដើរហើរទៅណាឡើយនៅពេលយប់ព្រលប់។ លុះព្រឹកឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ មេកងបានវាយជួងដាស់ឱ្យ មឿន និងសមាជិកដទៃទៀតក្រោកឡើង ដើម្បីទៅធ្វើការងារតាមការដ្ឋានរៀងៗខ្លួន។

នៅពេលរបបខ្មែរក្រហមជិតដួលរលំ មឿន ត្រូវបានអង្គការជម្លៀសទៅដល់តំបន់មាត់ទន្លេ ជិតទីរួមស្រុកអ្នកលឿង។ ពេលទៅដល់ទីនោះ មឿន បានឮព័ត៌មានពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាប្រាប់ថាប្រទេសជាតិត្រូវបានរំដោះហើយ បងប្អូនប្រជាពលរដ្ឋអាចត្រឡប់ទៅកាន់ភូមិឋានស្រុកកំណើតវិញបាន។ បន្ទាប់មក មឿន ក៏បានធ្វើដំណើរត្រឡប់មកផ្ទះសម្បែងវិញ។ បច្ចុប្បន្ន មឿន គឺជាកសិកររស់នៅភូមិស្វាយដូនអី ដដែល និងមានជំងឺប្រចាំកាយគឺ ជំងឺរលាកសួត។

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin