បង្ខំចិត្តឲ្យកូនចេញទៅធ្វើការងារឆ្ងាយ និងបាត់ដំណឹងរហូតមក

ណឹម យឹម[1] អាយុ៦៥ឆ្នាំ(២០០៣) រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឹម គឺជាប្រជាជនមូលដ្ឋាន​ និងទទួលបានការទុកចិត្តពីអង្គការ ព្រោះសាច់ញាតិរបស់គាត់គឺជាមនុស្សស្អាតស្អំ មិនមានជាប់ទាក់ទងជាមួយអ្នកធ្វើការងារក្នុងរបបមុន។ ​ទោះបីជាយ៉ាងណា គ្រួសាររបស់យឹម មិនបានរស់នៅជួបជុំគ្នានោះទេ ដោយកូនរបស់គាត់ស្ទើរតែទាំងអស់ ត្រូវចូលទៅរស់នៅ និងធ្វើការងារក្នុងកងចល័ត និងកងកុមារ ហើយប្ដីប្រពន្ធរបស់យឹម ក៏ត្រូវធ្វើការងារផ្សេងគ្នា។

ក្រៅពីបែកបាក់គ្រួសារ យឹម និងកូនតូចៗពីរនាក់ដែលស្នាក់នៅក្នុងសហករណ៍ បានជួបប្រទះនូវការស្រេកឃ្លានយ៉ាងខ្លាំង ហើយនៅពេលដែលគាត់ទៅសុំបាយក្ដាំង​ និងស្ករពីអង្គការឲ្យកូនរបស់គាត់ គឺត្រូវទទួលបានការស្ដីបន្ទោសបន្ថែមទៀត។ នៅក្នុងរបបខ្មែរក្រហម យឹម មានកូនចំនួន៧នាក់ឈ្មោះ អ៊ីម, អួក ហៅធួក, អ៊ុន, សារ៉ុម, សារាំ, សារិន និងសេរី ហើយកូនពៅរបស់គាត់បានស្លាប់ដោយសារជំងឺ និងគ្មានអ្វីហូបតាំងពីកុមារ។ យឹម មានអារម្មណ៍ថាខឹង និងអន់ចិត្តជាមួយអង្គការណាស់ ដែលធ្វើឲ្យកូនរបស់គាត់បានជួបប្រទះនូវការអត់ឃ្លាននេះ។ ប៉ុន្តែ រឿងដែល យឹម សោកស្ដាយបំផុតនោះ គឺការបាត់បង់កូនស្រីឈ្មោះ សុក អួក[2] ហៅធួន។ ខាងក្រោមនេះគឺជារឿងរ៉ាវខ្លះៗរបស់ អួក តាមរយៈការរៀបរាប់របស់ យឹម៖

យឹម បានឲ្យដឹងថា អួក គឺជាកូនទី២នៅក្នុងគ្រួសារ។ កាលពីក្មេង អួក គឺក្មេងឧស្សាហ៍ខ្លាំងណាស់ ជាពិសេសគាត់បានដើររកម្ហូបនៅពេលយប់ព្រលប់ ដោយប្រើតែចង្កៀងមួយឆ្លុះតាមស្រែ។ បន្ទាប់មក នៅពេលដែលខ្មែរក្រហមគ្រប់គ្រងនៅក្នុងភូមិ អួក បានចូលទៅច្រៀងចំរៀងក្នុងកងសិល្បៈឃុំ និងបានចេញទៅសម្ដែងតាមឃុំ និងស្រុកជាញឹកញាប់។

នៅអាយុ១៥ឆ្នាំ អួក បានទៅសុំការអនុញ្ញាតពី យឹម ចេញទៅធ្វើការងារជានារីស្រែអំបិល ព្រោះប្រធានកងរបស់គាត់បានឃោសនាថាទទួលបានប្រាក់ខែ។ ប៉ុន្តែ យឹម បានបដិសេធកូនម្ដងហើយម្ដងទៀត ដោយលើកហេតុផលថា អួក នៅក្មេងពេក អាយុមិនទាន់គ្រប់ រួចសន្យាថាឲ្យកូនទៅធ្វើការងារពេលគាត់មានអាយុច្រើនជាងនេះបន្តិច។ ទោះបីជាយ៉ាងណា អួក បានទៅសុំការអនុញ្ញាតពី យឹម បន្តទៀត ព្រមទាំងលើកហេតុផលថា “ម៉ែឯងតែមិនឲ្យខ្ញុំទៅ គេថា ម៉ែឯងនេះមិនជ្រះស្រឡះណាម៉ែ ម៉ែឯងនៅកម្មសិទ្ធក្រាស់ណាស់។” ពេលឮដូច្នេះ យឹម បានឆ្លើយតបថា “ម៉ែកម្មសិទ្ធក្រាស់ដោយសារកូននៅវ័យខ្ចី បើសិនជាកូនវ័យធំ ម៉ែលែងនឹកគិតគូហើយ។” យឹម បានយំអង្វរឃាត់ អួក កុំឲ្យទៅម្ដងហើយម្ដងទៀត រហូតដល់ប្រធានភូមិឈ្មោះ សឿង មកជួបគាត់ផ្ទាល់ ដើម្បីស្នើសុំបញ្ជូនកូនទៅធ្វើជាយុវនារី។

នៅពេលដែលប្រធានភូមិមកដល់ យឹម នៅតែលើកហេតុផលដដែល ប៉ុន្តែ ប្រធានភូមិ បានរៀបរាប់ប្រាប់ថាក្មេងៗដែលមានអាយុប្រហាក់ប្រហែលកូនរបស់យឹម បានចេញទៅធ្វើការងារអស់ហើយនិងមួយវិញទៀត កុំឲ្យ យឹម បារម្ភព្រោះនៅកន្លែងធ្វើការមានគ្រូពេទ្យព្យាបាលជំងឺ។ នៅពេលឮប្រធានភូមិនិយាយដូច្នេះ យឹម បានទន់ចិត្តបន្តិច និងបង្ខំចិត្តឲ្យកូនចេញទៅ ព្រោះពេលនោះគាត់ខ្លាចអង្គការធ្វើបាប ឬធ្វើទុក្ខធ្វើទោសដល់គាត់។ នៅពេលដែលកូនចេញទៅ យឹម នឹកអាណិតកូនខ្លាំងណាស់ រហូតដល់ដេកយំនៅពេលយប់។

រហូតដល់ថ្ងៃមួយ យឹម បានទទួលសំបុត្ររបស់កូន ពីមេភូមិ ដោយនៅក្នុងសំបុត្រ អួក បានប្រាប់ដំណឹងទៅម្ដាយថាខ្លួនកំពុងធ្វើស្រែអំបិលនៅកំពង់ណុង ព្រមទាំងកុំឲ្យអ្នកម្ដាយព្រួយបារម្ភ ព្រោះគាត់មានសេចក្ដីសុខធម្មតា។ មិនយូរប៉ុន្មាន យឹម បានទទួលសំបុត្រពីកូនម្ដងទៀត ដោយនៅក្នុងនោះបានរៀបរាប់ថា អួក បានផ្លាស់ទៅធ្វើការងារទៅធ្វើស្រែអំបិលនៅកំពង់កណ្ដាល និងបានប្រាប់ថាខ្លួនសុខទុក្ខធម្មតាទេ។ លើសពីនេះទៅទៀត អួក បានផ្ដាំឲ្យម្ដាយទៅចូលរួមបុណ្យធំមួយនៅតាកែវ ដែលធ្វើឡើងសម្រាប់គោរពដល់វិញ្ញាណក្ខន្ធយុទ្ធជនដែលបានពលីក្នុងសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់ ព្រោះខ្លួនក៏បានចូលរួមកម្មវិធីនេះដែរ។ ប៉ុន្តែ នៅថ្ងៃបុណ្យមកដល់ យឹម មិនបានទៅចូលរួមនោះទេ ព្រោះពេលនោះគាត់ទើបតែសម្រាលបានកូនពៅទី៧ម្នាក់។

ក្រោយមក អឿន ដែលជាគណៈឃុំ បានជម្លៀសគ្រួសាររបស់យឹម និងប្រជាជនទាំងអស់នៅក្នុងភូមិ ឲ្យទៅរស់នៅភូមិដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីគ្រប់គ្រងប្រជាជននៅក្នុងតំបន់នោះ។ ពេលដែលទៅដល់ ប្ដីរបស់យឹម ធ្វើការកាប់អុសដាំបាយនៅក្នុងចង្ក្រាន ហើយយឹម ធ្វើជាសមាជិកដដែល។ នៅខេត្តកណ្ដាល យឹម បានទទួលដំណឹងពីប្រធានភូមិថា អួក បានផ្ងើសំបុត្រមកសួរសុខទុក្ខម្ដងទៀត ប៉ុន្តែសំបុត្រនោះមិនបានមកដល់ដៃយឺម នោះទេគឺនៅត្រឹមស្រុក។

ចាប់តាំងពីពេលនោះមក យឹម លែងបានទទួលដំណឹងពីកូនបន្តទៀតរហូតដល់របបខ្មែរក្រហដួលរលំនៅឆ្នាំ១៩៧៩។ ក្រោយរបបខ្មែរក្រហម យឹម បានស៊ើបសួរដំណឹង អួក ពីអ្នករស់នៅក្នុងជំរំជាបន្តបន្ទាប់ ហើយពេលខ្លះគាត់បានទៅរកគ្រូទាយបន្ថែមទៀត។ គ្រូហោរា បានទាយថាកូនរបស់យឹម នៅរស់រានមានជីវិត ប៉ុន្តែនៅឆ្ងាយណាស់។ នៅពេលផ្ដល់បទសម្ភាសន៍ យឹម នៅតែយល់សប្ដិឃើញ អួក និងបន្តស្វែងរក កូនជាបន្តបន្ទាប់ ជាពិសេសការសាកសួរអ្នករស់នៅក្នុងជំរំ ជិតព្រំប្រទល់ប្រទេសថៃ។ យឹម បានឲ្យដឹងថា ខ្លួននៅតែគិត និងស្ដាយស្រណោះកូនដែលបានបាត់ខ្លួនខ្លាំងណាស់ ព្រោះគាត់បានជួបមុខ អួក ត្រឹមតែអាយុ១៥ឆ្នាំ។ យឹម បន្តថា ខ្លួននឹងសប្បាយចិត្ត ប្រសិនបើបើគាត់បានទទួលដំណឹងពីកូនរបស់គាត់ បើទោះបីជាកូននោះស្លាប់ ឬក៏រស់ក៏ដោយ។

អត្ថបទដោយ៖ ភា រស្មី 

[1] ឯកសារលេខ TKI0036, ជួបជាមួយឈ្មោះ ណឹម យឹម ជាម្ដាយរបស់ សុក អួក បាត់ខ្លួនក្នុងសម័យខ្មែរក្រហម, នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០០៣, នៅក្នុងគម្រោងលើកកម្ពស់ និងជំរុញឲ្យមានការទទួលខុសត្រូវ(PA), មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខ I04485, ប្រវត្តិរូបរបស់ឈ្មោះ សុក អួក ឬឈ្មោះបដិវត្តន៍ សុក ធួក, ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, តម្កល់ទុកនៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូប បានសរសេរថា៖ សុក អួក ភេទស្រី អាយុ២០ឆ្នាំ ធ្វើការងារនៅមន្ទីរស្រែអំបិល។ ពេលនៅក្មេង អួក បានរៀនដល់ថ្នាក់ទី១០កាលពីសង្គមចាស់ និងរៀនត្រឹមថ្នាក់ទី២ ក្នុងសម័យខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៧០ អួក បានចូលបដិវត្តន៍ពាក់កណ្ដាលលះបង់ និងលះបង់ចូលជួរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៥ ដោយអ្នកនាំចូលឈ្មោះ សមមិត្ត ម៉ន មាននាទីជាប្រធានភូមិ។ អួក មានឪពុកឈ្មោះ សុក សាន ហើយម្ដាយឈ្មោះ ណឹម យឹម និងមានបងប្អូនចំនួន៦នាក់។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin