ចាន់ សែន៖ យោធារបួសមិនអាចស្រឡាញ់គ្នាជាមួយអ្នកគ្រូពេទ្យ

សែន បានចូលធ្វើជាយោធាទាំងបង្ខំតាំងពីឆ្នាំ១៩៧២ និងបានចូលរួមប្រយុទ្ធក្នុងសមរភូមិជាច្រើន ប៉ុន្តែការរស់នៅរបស់គាត់គឺលំបាកខ្លាំង ហើយការហូបអាហារមិនបានគ្រប់គ្រាន់។ នៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីមានរបួសក្បាលនៅពេលប្រយុទ្ធក្នុងសមរភូមិជាមួយទាហានវៀតណាម អង្គការបានបញ្ជូន សែន ទៅព្យាបាលនៅទីក្រុងភ្នំពេញ និងបានស្រឡាញ់អ្នកគ្រូពេទ្យម្នាក់ឈ្មោះ នឿន។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់សែន នៅពេលគាត់ធ្វើការងារ និងបានជួបជាមួយអ្នកគ្រូពេទ្យនឿន៖
ចាន់ សែន[1] មានអាយុ៤៥ឆ្នាំ(២០០៣) រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សែន មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំម្សារគ្រង ស្រុកស្ទោង ខេត្តពោធិ៍សាត់។ នៅក្នុងសម័យ លន់ នល់ តំបន់ដែល សែន រស់នៅគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បដិវត្តន៍ ហើយយុវជនទាំងអស់នៅក្នុងភូមិ ត្រូវបានប្រធានភូមិគោកទ្រា បង្ខំឲ្យទៅធ្វើជាយោធា ហើយប្រសិនបើមានអ្នកបដិសេធគឺត្រូវធ្វើការងារធ្ងន់ៗតាមការដ្ឋាន។ ចំពោះ សែន មុនដំបូងគាត់សុខចិត្តធ្វើការងារនៅមូលដ្ឋាន ប៉ុន្តែដោយសារតែទ្រាំជាមួយការងារធ្ងន់មិនបាន ទើបគាត់បង្ខំចិត្តទៅធ្វើជាយោធានៅឆ្នាំ១៩៧២។
ចាប់តាំងពី សែន ចេញទៅធ្វើជាយោធា គាត់បានចូលរួមប្រយុទ្ធនៅសមរភូមិជាច្រើន រហូតទទួលបានជ័យជម្នះក្នុងឆ្នាំ១៩៧៥។ ប៉ុន្តែ សែន និងមិត្តនៅក្នុងក្រុម ត្រូវរស់នៅក្នុងការលំបាក ហើយការហូបអាហារទទួលបានត្រឹមបបរបន្តិចបន្តួចហូបប្រចាំថ្ងៃ។ រហូតដល់ឆ្នាំ១៩៧៧ សែន និងយោធា ផ្សេងទៀត ចាប់ផ្ដើមចូលរួមប្រយុទ្ធក្នុងសមរភូមិជាមួយទាហានវៀតណាម ហើយការហូបអាហារបានគ្រាន់បើជាងមុនបន្តិច។ ទោះបីជាយ៉ាងណា សែន មិនដែលបានត្រលប់ទៅលេងផ្ទះទាល់តែសោះ ចាប់តាំងពីគាត់ចូលធ្វើបដិវត្តន៍។ មួយវិញទៀត សែន មិនដែលបានទទួលដំណឹង ឬដឹងថាបងប្អូន ឬសាច់ញាត់របស់គាត់ជួបប្រទះនូវបញ្ហាអ្វីនោះដែរ។ នៅកន្លែងធ្វើការ សែន ធ្លាប់បានសុំប្រធានវរៈសេនាតូច ឈ្មោះ វ៉ាន ដែលជាអ្នកកំពង់ចាម មកលេងឪពុកម្ដាយនៅផ្ទះ ប៉ុន្តែអង្គការបានបដិសេធគាត់។
នៅចុងឆ្នាំ១៩៧៨ នៅក្នុងកងពលពិសេសរបស់ភូមិភាគនិរតី សែន ប្រចាំការនៅព្រំដែនវៀតណាមម្ដុំសួង មេមត់ តាមផ្លូវជាតិលេខ៧ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ ឆាយ និងវ៉ាន់។ នៅតាមព្រំដែន សែន បានចូលរួមប្រយុទ្ធជាមួយទាហានវៀតណាមជាច្រើនដង រហូតដល់គាត់បានត្រូវរបួសក្បាលនៅម្ដុំអូផ្អាវ។
នៅពេលដែលមានរបួស អង្គការបានបញ្ជូន សែន ទៅព្យាបាលនៅមន្ទីរពេទ្យ៦ មករា ទីក្រុងភ្នំពេញ។ នៅពេលព្យាបាលជំងឺ សែន បានចាប់អារម្មណ៍អ្នកគ្រូពេទ្យម្នាក់ឈ្មោះ ណាត ហៅនឿន[2] ដែលមកការព្យាបាលយោធារបួសជាច្រើននាក់នៅក្នុងបន្ទប់ជាមួយគាត់។ នៅក្នុងមន្ទីរពេទ្យ សែន និងនឿន បានចាប់ចិត្តស្រឡាញ់គ្នា ប៉ុន្តែគាត់សម្រាកព្យាបាលជំងឺធម្មតាព្រោះអង្គការមានច្បាប់ហាមឃាត់គ្រូពេទ្យ កុំឲ្យស្រឡាញ់គ្នាជាមួយអ្នករបួស។ ចំពោះយោធារបួសទាំងអស់ និងគ្រូពេទ្យដែលព្យាបាលអ្នកជំងឺ បានដឹងថា សែន និងនឿន បានចាប់ចិត្តលើគ្នា ប៉ុន្តែមិនមានអ្នកទៅរាយការណ៍ជូនអង្គការនោះទេ។
សែន ព្យាបានរបួសបានរយៈពេលប្រមាណជិតមួយខែ ទើបកងទ័ពរណសិរ្យរួមរួមជាតិ សហការណ៍ជាមួយទាហានស្ម័គ្រចិត្តវៀតណាមវាយចូលមក នៅដើមខែមករា ឆ្នាំ១៩៧៩។ នៅតាមផ្លូវធ្វើដំណើរ សែន បានចូលទៅសម្រាកនៅផ្ទះប្រជាជន រួមជាមួយការមើលថែ និងព្យាបាលជំងឺពីនឿនបន្តទៀត។ សែន និងនឿន បានធ្វើដំណើរទៅដល់ដំណាក់ឈើក្រម ខាងលិចលាជ នៅតាមស្ទឹងខេត្តពោធិ៍សាត់ និងបានចូលរួមជាមួយក្រុមរបស់តាម៉ុក ប្រធានភូមិភាគនិរតី។ នៅដំណាក់ឈើក្រម សែន បានស្នើសុំទៅអង្គការដើម្បីបានរៀបការជាមួយ នឿន។ នៅពេលស្នើររួច តាម៉ុក បានរៀបចំកម្មវិធីរៀបការរួមមួយសម្រាប់យុវជនប្រមាណ៥ ទៅ៦គូក្នុងពេលតែមួយ ដែលការៀបការនោះធ្វើឡើងដូចជាជប់លាងមួយ។ នៅពេលរៀបការ យុវជន និងយុវនារី ទាំងអស់ត្រូវចាប់ដៃគ្នា រួចសន្យាថាស្រឡាញ់គ្នារហូត រួចទៅហូបអាហារជុំគ្នា ព្រោះតាម៉ុក បានកាប់គោធ្វើម្ហូប។
មិនយូរប៉ុន្មាន កងទ័ពរណសិរ្សរួបរួមជាតិបានវាយទៅដល់កន្លែងនោះ ហើយ សែន បាននាំប្រពន្ធទៅរស់នៅជាមួយប្រជាជននៅខេត្តបាត់ដំបង និងបានទៅជួបគ្រួសារនៅស្រុកកំណើតមួយរយៈ។ ពេលទៅដល់ផ្ទះ សែន បានទទួលដំណឹងថា បងប្អូនជីដូនមួយរបស់គាត់ចំនួន៤នាក់បានបាត់បង់ជីវិតដោយសារតែការអត់អាហារ ហើយសមាជិកគ្រួសាររបស់គាត់ បានជួបប្រទះនូវការលំបាកជាច្រើននៅក្នុងសម័យខ្មែរក្រហម។ នៅពេលដឹងដូច្នេះ សែន មានការអន់ចិត្ត និងឈឺចាប់បន្តិច ព្រោះគាត់ខំតស៊ូអស់រយៈពេលច្រើនឆ្នាំ យកទ្រូងរងគ្រាប់ ប៉ុន្តែពេលត្រលប់មកវិញ សាច់ញាតិជាច្រើនអ្នកបានបាត់បង់ជីវិត។
នៅចុងឆ្នាំ១៩៧៩ គ្រួសាររបស់សែន បានធ្វើដំណើរទៅរស់នៅភូមិបឹងម្កាក់ ខេត្តតាកែវវិញ ដែលជាស្រុកកំណើតរបស់ប្រពន្ធ។ រហូតដល់ឆ្នាំ ១៩៨៨ ប្រពន្ធរបស់សែន បានបាត់បង់ជីវិតនៅពេលសម្រាលកូនក្នុងភូមិ។ នៅចុងឆ្នាំ១៩៨៨ សែន បានរៀបការម្ដងទៀតជាមួយនារីម្នាក់ឈ្មោះ នូវ លី នៅក្នុងភូមិ។
អត្ថបទដោយ៖ ភា រស្មី
[1] ឯកសារលេខ TKI0077, កិច្ចសម្ភាសន៍ជាមួយ ចាន់ សែន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០០៣ ដោយអ៊ីសា ឧស្មាន, នៅក្នុងគម្រោង ការលើកកម្ពស់ និងជម្រុញឲ្យមានការទទួលខុសត្រូវ(PA), តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ I00674, ពិនិត្យប្រវត្តរូបបដិវត្តន៍ សមមិត្ត នឿន អាគារទី៣មុខ, នៅមន្ទីរពេទ្យ៦មករា, ក្រសួង សង្គមកិច្ចសុខាភិបាល, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូបបានសរសេរថា នឿន មានឈ្មោះដើម ណាត អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងម្កាក់ សង្កាត់ញ៉េងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ តំបន់១៣ ភូមិភាគនីរតី។ គ្រួសាររបស់នឿន ក្របករបបធ្វើស្រែ និងមានជីវភាពក្រីក្រ ដោយឪពុករបស់គាត់ឈ្មោះ ធូ ស៉ុក ហើយម្ដាយឈ្មោះ នៅ យ៉ែម និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន៥នាក់។ បងប្អូនរបស់នឿន បានចូលបដិវត្តន៍ចំនួន៤នាក់ ក្នុងនោះមានឈ្មោះ ណន និងសែន ចូលធ្វើជាយោធា, ណាន មិនបានដឹងពីព័ត៌មាន និងចុងក្រោយ នឿន នៅមន្ទីរពេទ្យ៦មករា។ នឿន បានចូលបដិវត្តន៍ដំបូងក្នុងថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៧ តាមរយៈសមមិត្តយេង នៅអង្គភាពស្រែអំបិលភាគ។ ក្រៅពីនេះ បងប្អូនរបស់ នឿន ធ្វើការងារក្នុងសហករណ៍។

