មើលថែប្អូនតូចបណ្តើរ និងរៀនសូត្របណ្តើរ

(កណ្ដាល)៖ អ៊ុក ឡា អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងដំណាក់កាលនៃរបបសាធារណរដ្ឋខ្មែរ ឡា ស្ថិតក្នុងវ័យកុមារភាពនៅឡើយ។ ក្នុងសម័យសង្គ្រាមស៊ីវិលនោះ ឡា រស់នៅក្នុងខេត្តព្រៃវែង ជាមួយក្រុមគ្រួសាររបស់គាត់។ ម្តាយរបស់ ឡា មានមុខរបរជាគ្រូពេទ្យ ត្រូវចំណាយពេលពិនិត្យព្យាបាលអ្នកជំងឺដទៃ ធ្វើឱ្យខកខានមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំកូនៗឡើយ។
នៅអំឡុងពេលនោះ ឡា មិនទទួលបានភាពកក់ក្តៅនិងការថែទាំពីឪពុកម្ដាយ ហើយគាត់ត្រូវទទួលរ៉ាប់រងលើការមើលថែទាំប្អូនតូចៗទៀតផង។ ចំពោះការសិក្សា ឡា ត្រូវទៅរៀនជាមួយក្មេងដទៃទៀតនៅក្នុងភូមិនៅក្រោមផ្ទះរបស់គ្រូបង្រៀន ដែលមានសិស្សចូលរួមមិនលើសពីដប់នាក់ឡើយ។ ឡា ត្រូវមើលថែប្អូនតូចបណ្តើរ និងរៀនសូត្របណ្តើរ។ ក្រោយមកមានយន្តហោះមកទម្លាក់គ្រាប់បែក ឡា ត្រូវរត់គេចខ្លួនជាមួយក្មេងដទៃទៀត។ ភាពចលាចល និងសំឡេងផ្ទុះអាវុធគ្រប់ទិសទី ឡា តក់ស្លុត ព្រមទាំងភ័យព្រួយចំពោះសុវត្ថិភាពខ្លួនឯងនិងប្អូនតូចយ៉ាងខ្លាំង។
លុះដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម។ គ្រានោះ ឡា និងគ្រួសារត្រូវបានយោធាខ្មែរក្រហមជម្លៀសចេញពីខេត្តព្រៃវែង ឆ្ពោះទៅខេត្តពោធិ៍សាត់។ ការធ្វើដំណើរនោះមានតែឪពុកម្តាយ និងប្អូនម្នាក់ប៉ុណ្ណោះ រីឯបងប្អូនរបស់គាត់ចំនួនបីនាក់ទៀតបានបែកបាក់គ្នាអំឡុងពេលជម្លៀស។ ខ្មែរក្រហមបានបញ្ជូនគ្រួសាររបស់ឡា ឱ្យជិះកប៉ាល់តាមទន្លេមេគង្គមកកាន់ខណ្ឌច្បារអំពៅ រួចបន្តដំណើរតាមរថភ្លើងទៅកាន់ខេត្តពោធិ៍សាត់។ ឡា និងក្រុមគ្រួសារត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការធ្ងន់រាល់ថ្ងៃ ដូចជាធ្វើស្រែចម្ការ ដកស្ទូង ស្តារប្រឡាយទឹក និងការងារកសិកម្មផ្សេងៗ។ ប្រជាជនដែលជម្លៀសទៅខេត្តពោធិ៍សាត់ទាំងអស់ត្រូវធ្វើការលើសពី១២ម៉ោងក្នុងមួយថ្ងៃ និងគ្មានថ្ងៃឈប់សម្រាកឡើយ។
ឡា បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហមសិទ្ធិសេរីភាពគ្រប់បែបយ៉ាងត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ប្រជាជនគ្មានពេលវេលាផ្ទាល់ខ្លួនឡើយ គឺត្រូវធ្វើការតាំងពីព្រឹកទល់ល្ងាច រួចត្រឡប់ទៅសម្រាកនៅសហករណ៍វិញ។ ឡា បានឃើញខ្មែរក្រហមយកបុរសនិងស្ត្រីទៅសម្លាប់ទាំងកណ្តាលថ្ងៃត្រង់ ដោយសារតែអ្នកទាំងនោះមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ហើយទង្វើត្រូវបានអង្គការចាត់ទុកជាការខុសសីលធម៌ក្នុងរបបនោះ។ ឡា ធ្លាប់បានឮសំឡេងស្រែកដង្ហោយហៅឱ្យជួយពីសំណាក់ប្រជាជន ដែលត្រូវខ្មែរក្រហមចាប់យកទៅប្រហារជីវិតនៅក្បែរនោះរៀងរាល់យប់ស្ងាត់។
ទោះបីជាត្រូវបំពេញការងារច្រើន ប៉ុន្តែការហូបចុកមានភាពខ្វះខាតខ្លាំង។ អាហារដែលទទួលបានមានតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់និងពេលល្ងាច ដោយក្នុងមួយពេលៗមានត្រឹមតែបាយមួយដុំតូចនិងទឹកសម្លមួយវែកដែលគ្មានរសជាតិអ្វីសោះ។ រាល់ផលដំណាំផ្សេងៗដែលប្រជាជនបានដាំនៅជុំវិញផ្ទះ ត្រូវបានខ្មែរក្រហមហាមឃាត់មិនឱ្យបរិភោគឡើយ ប្រសិនបើមានការលួចលាក់យកមកទទួលទាន នឹងត្រូវយកទៅកសាង ឬសម្លាប់។
ក្រោយមក កម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសពីរបបខ្មែរក្រហម គ្រួសាររបស់ឡា និងប្រជាជនខ្មែរមានសេរីភាពឡើងវិញ។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ ឡា បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដើម្បីបន្តមុខរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃនេះ៕
សម្ភាសន៍ដោយ៖ យុង បញ្ញា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

