ជីវិតដែលធ្លាប់តែមានភាពស្ងប់សុខ ស្រាប់តែត្រូវផ្លាស់ប្តូរទាំងស្រុង

(កណ្ដាល)៖ ផៃ ឈុំ មានអាយុ៧៣ឆ្នាំ រស់នៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងគ្រួសារដែលមានឪពុកម្តាយជាកសិករ ឈុំ គឺជាកូនប្រុសពៅក្នុងចំណោមបងប្អូនបួននាក់ ក្នុងនោះមានប្រុសពីរនាក់ និងស្រីពីរនាក់។

មុនពេលមានព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងក្នុងប្រទេសកម្ពុជា ឈុំ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ហើយប្រកបរបរជាអ្នកនេសាទដើម្បីចិញ្ចឹមជីវិត។ ឈុំ បាននិយាយថា៖ «ជីវិតដែលធ្លាប់តែមានភាពស្ងប់សុខ ស្រាប់តែត្រូវផ្លាស់ប្តូរទាំងស្រុងនៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រង»។

នៅពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាច ការជម្លៀសប្រជាជនចាប់ផ្តើម។ ឈុំ និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតទៅខេត្តបាត់ដំបង។ ក្នុងពេលជម្លៀស ឪពុកម្តាយរបស់ ឈុំ ត្រូវបានបញ្ជូនទៅកាន់តំបន់ផ្សេងដាច់ដោយឡែកពីកូនៗ។ ការធ្វើដំណើរនាសម័យនោះមានភាពលំបាកវេទនាខ្លាំង ដោយសារប្រជាជនត្រូវធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយផ្លូវដ៏ឆ្ងាយដោយគ្មានការឈប់សម្រាកឱ្យបានគ្រប់គ្រាន់។ ដោយសារភាពនឿយហត់ខ្លាំងពេកនិងភាពអត់ឃ្លាន ឪពុកម្តាយរបស់ ឈុំ បានទទួលមរណភាពនៅតាមផ្លូវធ្វើដំណើរនោះ។ ការជម្លៀសនេះមានភាពចម្រុះគ្នាដោយមានទាំងការធ្វើដំណើរដោយថ្មើរជើង និងការជិះរទេះភ្លើង ឆ្ពោះទៅកាន់ភូមិភាគពាយព្យ។

នៅពេលទៅដល់ខេត្តបាត់ដំបង កម្មាភិបាលបានសាកសួរប្រវត្តិរូបដើម្បីកំណត់ប្រភេទប្រជាជន។ ឈុំ ត្រូវបានចាត់ចូលជាប្រជាជនចាស់ ហើយត្រូវបានបែងចែកឱ្យទៅធ្វើការនៅក្នុងក្រុមជីកស្រះ។ ការងារជីកស្រះនេះគឺជាការងារដែលធ្ងន់ខ្លាំងបំផុត ព្រោះត្រូវធ្វើតាំងពីព្រលឹមរហូតដល់យប់អាធ្រាត្រដោយគ្មានថ្ងៃឈប់សម្រាកឡើយ។ ឈុំ ត្រូវរែកដីក្នុងបរិមាណដ៏ច្រើនពីមាត់ស្រះទៅចាក់នៅកន្លែងផ្សេងក្រោមកម្ដៅថ្ងៃ និងភាពហត់នឿយ។ ក្រោយមក អង្គការបានផ្លាស់ប្តូររូបគាត់ និងគ្រួសារឱ្យទៅរស់នៅនិងធ្វើការនៅតំបន់អាងទឹកកំពីងពួយ និងតំបន់ភ្នំកូនខ្លែង។

ឈុំ បាននិយាយថាស្ថានភាពកាន់តែអាក្រក់សម្រាប់គាត់ គឺនៅពេលដែលប្រពន្ធរបស់គាត់ទើបតែសម្រាលកូនរួច។ ក្នុងស្ថានភាពដែលប្រពន្ធគាត់នៅសសៃខ្ចី គាត់ត្រូវបង្ខំចិត្តដើរក្នុងចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រក្នុងស្ថានភាពខ្វះខាតអាហារ និងទឹកសម្រាប់បរិភោគ។ ទោះបីជាយ៉ាងនេះក្តី នៅក្នុងតំបន់ដែល ឈុំ រស់នៅ ហូបចុកហាក់មានភាពប្រសើរជាងតំបន់មួយចំនួនផ្សេងទៀត ដោយសារមានការចែកអាហារដែលធ្វើឱ្យមានកម្លាំងសម្រាប់ធ្វើការងារ។ របបអាហារនៅពេលនោះមានតែបបរលាយជាមួយ ពោត ឬដំឡូងដែលបានដាំដុះនៅតាមមូលដ្ឋាន ទោះបីជាមិនមែនជាអាហារដែលឆ្អែត ប៉ុន្តែអាចជួយសម្រួលបានខ្លះ។

ឈុំ បានដឹងថា ខ្មែរក្រហមតែងតែតាមស្វែងរកមនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់ មន្ត្រីរាជការ ឬមានបុណ្យស័ក្តិក្នុងសង្គមចាស់ដើម្បីយកទៅសម្លាប់ចោលនៅតំបន់ភ្នំ។ ការរស់នៅក្នុងភាពភ័យខ្លាចនិងការងារបង្ខំនេះគឺជាបទពិសោធន៍ដ៏ជូរចត់ដែល ឈុំ មិនអាចបំភ្លេចបានឡើយ។

ក្រោយពេលរបបខ្មែរក្រហមបានដួលរលំ ឈុំ និងភរិយាបានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញនៅក្នុងភូមិក្តីកណ្តាល។ បច្ចុប្បន្ន ឈុំ បន្តប្រកបរបរជាកសិករដើម្បីចិញ្ចឹមជីវិត៕

សម្ភាសន៍ដោយ៖ ប៊ុង វ៉េងលៀក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin