ការរត់គេចពីរបបខ្មែរក្រហមទៅប្រទេសវៀតណាម

(ខេត្តស្វាយរៀង) ម៉ៅ សាបាន អាយុ ៧៥ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាបាន មានឪពុកឈ្មោះ ម៉ៅ ជា និងម្ដាយឈ្មោះ មាស កេត។ គាត់គឺជាកូនទី២ ក្នុងចំណោមបងប្អូនចំនួន ៥នាក់។ កាលពីកុមារភាពក្នុងសម័យសង្គមរាស្ត្រនិយម សាបាន រៀនសូត្របានត្រឹមថ្នាក់ទី៨។

នៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច សាបាន រស់នៅភូមិត្រពាំងព្រីង និងជាសមាជិកកងចល័ត។ ក្នុងឆ្នាំ១៩៧៦ នៅភូមិស្រះ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង សាបាន បានឃើញកម្មាភិបាលនារីសម្លាប់មនុស្ស ប៉ុន្តែគាត់មិនដឹងច្បាស់ថាអ្នកដែលស្លាប់នោះជាឈ្លបខ្មែរក្រហម ឬជាប្រជាជនឡើយ ដោយគាត់គ្រាន់តែឃើញសាកសពចំនួន ៣នាក់ ស្លាប់គរលើគ្នានៅជិតស្រះទឹក។ ពេលឃើញដូច្នេះ សាបាន និងមិត្តភក្តិក្នុងកងចល័តបាននាំគ្នារត់ចូលព្រៃដើម្បីកុំឱ្យកម្មាភិបាលនារីទាំងនោះឃើញ ព្រោះខ្លាចគេចោទប្រកាន់ថាជាសាច់ញាតិរបស់អ្នកស្លាប់។ សាបាន មិនស្គាល់អត្តសញ្ញាណកម្មាភិបាលនារីទាំងនោះច្បាស់ឡើយ គ្រាន់តែឃើញស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ។

នៅចុងឆ្នាំ១៩៧៦ សាបាន មានឱកាសរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហមទៅរស់នៅប្រទេសវៀតណាម។ នៅក្នុងរបបខ្មែរក្រហមប្រជាជនកម្ពុជាជាច្រើនបានរស់នៅក្នុងវាលពិឃាត ប្រឈមនឹងការបង្អត់អាហារ ការធ្វើការងារធ្ងន់ហួសកម្លាំង និងការកាប់សម្លាប់យ៉ាងរន្ធត់។ សាបាន គិតថាក្នុងស្ថានភាពដ៏ខ្មៅងងឹតនោះ ការសម្រេចចិត្តរត់ចេញពីមាតុភូមិ គឺជាជម្រើសដ៏គ្រោះថ្នាក់បំផុតមួយ ប៉ុន្តែក៏ជាក្តីសង្ឃឹមតែមួយគត់ដើម្បីរស់។ ចាប់ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ សាបាន មិនបានដឹងពីស្ថានភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាផ្ទាល់ភ្នែកឡើយ។ នៅពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ សាបាន បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដំបូងស្នាក់នៅស្រុកពញាក្រែក និងធ្វើជាគ្រូបង្រៀនអក្ខរកម្ម។ លុះដល់ឆ្នាំ១៩៨១ ក្រោយពីបានចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍កូនរួចមក សាបាន ក៏សម្រេចចិត្តផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើតវិញ។ បច្ចុប្បន្ន សាបាន គឺជាកសិកររស់នៅភូមិត្រពាំងព្រីង និងមានជំងឺប្រចាំកាយដូចជា ជំងឺខ្សោយបេះដូង ជំងឺស្ពឹកមួយចំហៀងខ្លួនខាងឆ្វេង និងជំងឺស្រវាំងភ្នែក៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin