កងកុមារខ្មែរក្រហម

(ខេត្តស្វាយរៀង) ម៉ី រ៉ុន មានអាយុ ៦២ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉ុន មានឪពុកឈ្មោះ ម៉ី ឃឹម ម្តាយឈ្មោះ ទេព ឆាយ ហើយ រ៉ុនជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ស្លាប់ពីរនាក់។ កាលពីកុមាររភាព រ៉ុនមិនបានចូលរៀនត្រឹមត្រូវទេ ដោយសរតែប្រទេសជាតិជួបប្រទះភ្លើងសង្គ្រាម និងស្ថានភាពគ្រួសារ។
នៅក្នុងរបបខ្មែរក្រហម រ៉ុន មានអាយុប្រមាណជា១៣ឆ្នាំ អង្គការតម្រូវឲ្យស្ថិតនៅក្នុងកងកុមារភូមិពពារ។ រ៉ុន ត្រូវអង្គការចាត់តាំងឲ្យមើលគោក្របី រាប់រយក្បាលជាមួយក្មេងៗដទៃទៀត។ ការងាររបស់រ៉ុន នៅពេលព្រឹកត្រូវសម្អាតក្រោល ដើរប្រមូលអាចម៍គោក្របីនៅតាមក្រោល និងកាប់ដើមទន្ទ្រានខេត្ត រួចទើបគៀងគោក្របីឲ្យទៅស៊ីស្មៅតាមវាយស្រែនៅក្រោយភូមិ ហើយនៅពេលថ្ងៃគាត់ទទួលបានរបបបាយ ១កូនចាន ហូបជាមួយសម្លដើមចេកឬគល់ល្ហុង។ ការឃ្វាលគោក្របី រ៉ុន និងកុមារត្រូវតាមមើលជាប្រចាំខ្លាចគោក្របីទាំងនោះទៅស៊ីស្រូវ ឬសន្ទូងរបស់អង្គការ។ ប្រសិនបើកុមារណាឃ្វាលគោក្របីបណ្តាលឲ្យទៅស៊ីស្រូវរបស់អង្គការនោះនឹងត្រូវបង្អត់របបអាហារឬទទួលទណ្ឌកម្ម។ នៅពេលក្រោយមក រ៉ុន ត្រូវដល់វ័យចូលកងចល័តនារី ហើយកងចល័តនារតីតម្រូវឲ្យទៅធ្វើការងារឆ្ងាយពីភូមិដើម្បីច្រូតស្រូវ កិនស្រូវ និងជញ្ជូនអង្ករទុកក្នុងជង្រុករបស់សហករណ៍។
រឿងរ៉ាវដែល រ៉ុន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺកាលដែលឈ្លប ប្រើល្បិចបញ្ឆោតថានាំកងចល័តទៅមើលល្ខោននៅក្រៅភូមិ ប៉ុន្តែតាមការពិតឈ្លបមានបំណងចង់សម្លាប់គាត់ និងក្រុមកងចល័ត។ ឈ្លប បាននាំរ៉ុន និងកងចល័តទៅដល់រណ្តៅមួយដែលជីកបម្រុងទុកជាស្រេច ដោយមានការភិតភ័យយ៉ាងខ្លាំងទើបគាត់ និងក្រុមកងចល័តបាននាំគា្នរត់គេចខ្លួន ប៉ុន្តែមួយចំនួនត្រូវខ្មែរក្រហមចាប់បាន និងវាយសម្លាប់ទម្លាក់ក្នុងរណ្តៅ។ រ៉ុន មិនដឹងថាមូលហេតុអ្វីបានជាឈ្លបនាំនារីកងចល័តទៅសម្លាប់នោះទេ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រ៉ុន បានមករស់នៅភូមិពពារ ជួបជុំគ្រួសារវិញ។ នៅឆ្នាំ១៩៨៤ រ៉ុន បានរៀបការមានគ្រួសារនិងប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

