អ្នកជីកទំនប់ភូមិធ្លក

(ស្វាយរៀង) អ៊ី ខាន់ អាយុ ៧៦ ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខាន់ មានបងប្អូនចំនួន ៦ នាក់ (ស្រី២នាក់) និងមានកូនប្រុសចំនួន ២នាក់ និងកូនស្រីម្នាក់។ បច្ចុប្បន្ន ខាន់ ប្រកបរបរជាអ្នកឡើងត្នោត។ ខាន់ ជាកូនទី៣ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះអ៊ី និងម្តាយឈ្មោះឃុត។ ប្រពន្ធរបស់ខាន់ មានឈ្មោះ ថាង។
ក្នុងរបប លន់ នល់ ខាន់ និងប្រជាជនក្នុងភូមិ ត្រូវរស់នៅក្រោមភាពភ័យខ្លាចដោយសារស្នូរកាំភ្លើង និងការទម្លាក់គ្រាប់បែកពីយន្តហោះរបស់ទាហាន លន់ នល់។ ការទម្លាក់គ្រាប់បែកពីយន្តហោះនេះ បានបង្កឱ្យមានការខូចខាតផ្ទះសម្បែង សាលារៀន វត្តអារាម និងបង្កឱ្យមានអ្នកស្លាប់និងរបួស។ កត្តានេះ បានក្លាយជាកម្លាំងជំរុញឱ្យខ្មែរក្រហម កើនកម្លាំង និងកាន់តែមានអំណាចនៅក្នុងភូមិ ដោយសារតែប្រជាជនក្នុងភូមិ បានចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមកាន់តែច្រើនឡើងៗ។
នៅពេលខ្មែរក្រហមបានឡើងកាន់អំណាចទាំងស្រុង ខាន់ មានអាយុប្រមាណ ២០ ឆ្នាំ ហើយកំពុងរស់នៅក្នុងភូមិ។ ក្រោយៗមក គាត់មិនត្រូវបានជម្លៀសទៅតំបន់ផ្សេងទេ។ ក្នុងនាមជាប្រជាជនចាស់ ខាន់ ត្រូវធ្វើការងារជីកទំនប់ប្រឡាយ និងលើកភ្លឺស្រែ។ អង្គការបានប្រែក្លាយភូមិឃុំទៅជាសហករណ៍ ដែលតម្រូវឱ្យប្រជាជនរស់នៅរួម ធ្វើការរួម និងហូបរួម។ ការងាររបស់ខាន់ ចាប់ផ្តើមតាំងពីព្រឹករហូតដល់យប់ ដោយគាត់អាចសម្រាកតែនៅពេលអាហារថ្ងៃត្រង់ប៉ុណ្ណោះ។ ខាន់ ទទួលបានបបរពីរកូនចាន ចំនួនពីរពេលក្នុងមួយថ្ងៃ។ នៅពេលឈឺ ខាន់ ទទួលការព្យាបាលដោយប្រើប្រាស់ថ្នាំអាចម៍ទន្សាយ ដែលផ្សំពីឫសឈើ និងសម្បកប្រទាល។ នៅពេលទៅធ្វើការ ខាន់ បានឃើញឈ្លបចាប់រំលោភស្ត្រី ប៉ុន្តែគាត់មិនហ៊ាននិយាយប្រាប់អ្នកណាឡើយ ហើយគាត់ក៏ដឹងពីការធ្វើទារុណកម្មមនុស្សរហូតដល់ស្លាប់ដោយសារអង្គការចោទថាជាខ្មាំង។ ខាន់ ក៏បានឃើញឈ្លបប្រើយុវជនឱ្យបំផ្លាញវត្តអារាម ព្រះវិហារ និងរុះរើសាលាឆាន់ ចំណែកព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទមកធ្វើស្រែចម្ការដូចប្រជាជនទូទៅ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខាន់ បានមករស់នៅជួបជុំគ្រួសារនៅភូមិធ្លក ដែលជាស្រុកកំណើតរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

