ខ្ញុំមានផ្ទៃពោះអង្គការបានឲ្យខ្ញុំទៅច្រូតស្បូវ
(ខេត្តស្វាយរៀង) រាម រិន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ រិន មានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះប្អូនប្រុសម្នាក់ដែលជាអតីតទាហានលន់ នល់ ត្រូវបានអង្គការនាំចេញពីផ្ទះទៅសម្លាប់ចោល ដោយចោទប្រកាន់ថាជាប់និន្នាការប្រឆំាងរបបខ្មែរក្រហម។
ក្នុងរបបខ្មែរក្រហម រិន ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារច្រើនដូចជាដកស្ទូង ជីកប្រឡាយ និងលើកភ្លឺស្រែតាមការកំណត់។ ចំណែកការស្នាក់នៅវិញ រិន ត្រូវបានអង្គការតម្រូវឲ្យរស់នៅដាច់ដោយឡែកពីឪពុក ម្តាយ។ រិន ត្រូវរស់នៅក្នុងកងចល័តនារី ដែលគាត់ត្រូវចេញទៅធ្វើការងារឆ្ងាយៗពីភូមិឃុំ។ រិន ត្រូវស្ទូងស្រូវឲ្យបានប្រមាណមួយផ្លូន និងច្រូតស្រូវឲ្យបានមួយថ្ងៃទំហំដី១០ម៉ែត្រ គុណនឹង១០០ម៉ែត្រ។ រិន និយាយថាគាត់ត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៥ព្រឹក និងសម្រាកនៅពេលល្ងាចឬយប់ប្រសិនបើការងារនោះមិនសម្រេចតាមផែនការ។ នៅរដូវប្រាំង រិន ត្រូវក្រងស្បូវ និងដេរស្លឹកត្នោតសម្រាប់ប្រករោងបាយ, ជីក, រែកដី, លើកភ្លឺស្រែ និងរែកជី។ ចំពោះការងារនៅក្នុងរបបខ្មែរក្រហម រិន ត្រូវធ្វើជាប់ជានិច្ចទោះបីជាគាត់មានផ្ទៃពោះ ឬទើបតែសម្រាលកូនក៏ដោយ។ នៅពេល រិន ទើបសម្រាលកូនគាត់ត្រូវធ្វើការងារស្រាលៗដូចជា មើលក្មេងៗក្នុងកងកុមារឬក្រងស្បូវជាដើម។ រិនលើកឡើងថា៖ «នៅពេលខ្ញុំមានផ្ទៃពោះអង្គការបានឲ្យខ្ញុំទៅច្រូតស្បូវ ហើយឲ្យក្រងស្បូវមួយថ្ងៃឲ្យបាន ២កណ្តបស្បូវ។ ជួនកាលទៅដេរស្លឹកត្នោតនៅរោងបាយដើម្បីយកទៅប្រកដំបូលរោងបាយ និងផ្ទះស្នាក់នៅ»។ ទោះបីជា រិន ធ្វើការងារទាំងមានផ្ទៃពោះ ក៏គាត់ទទួលបានរបបអាហារមិនគ្រប់គ្រាន់ដដែរ។ រិន ទទួលបានបបរឬបាយពីរពេលក្នុងមួយថ្ងៃ ចំនួនរបបមួយកូនចានចង្កឹះហូបជាមួយសម្លត្រកួន ព្រលឹត។
រិន និយាយថា៖ «នៅពេលព្រឹក អង្គការមិនឲ្យយើងហូបបាយឡើយ គេស្ងោពោតមួយឲ្យយើងហូប ហើយពេលថ្ងៃត្រង់ និងល្ងាចអង្គការឲ្យហូបបាយជាមួយសម្លត្រកួន និងព្រលិត សម្លគ្មានជាតិជៅ»។ នៅសហករណ៍ រិន បានឃើញឡានធំៗពណ៌ខ្មៅតែងតែចូលមកដឹកស្រូវអង្ករចេញពីជង្រុករួមរបស់សហករណ៍ទើបធ្វើឲ្យខ្វះខាតអង្ករនៅរោងបាយ។ កងចល័តម្នាក់ៗមានរាងស្គមរីងរៃ។ ក្នុងរបបខ្មែរក្រហម រិន ក៏ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើជីលេខ១ ដែលផ្សំឡើងពីលាមកមនុស្ស លាយជាមួយរុក្ខជាតិ និងផេះចង្ក្រាន។ អង្គការកំណត់មួយថ្ងៃធ្វើជីឲ្យបាន២០គីឡូ។

នៅពេលរបបខ្មែរក្រហមដួលរលំ រិន បានមករស់នៅផ្ទះរបស់ខ្លួនវិញ។ បច្ចុប្បន្ន រិន មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង ដែលជាជំងឺដោយសារតែធ្វើការងារធ្ងន់ គ្មានអាហារមានជីវជាតិហូបគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម៕
សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

