ចាប់ដៃទាំងគ្មានចិត្តស្រឡាញ់

(កំពង់ចាម)៖ អង្គការការបានបង្ខំឱ្យ កន ចាប់ដៃរៀបអាពាហ៍ពិពាហ៍ជាមួយប្ដីរបស់គាត់ ។ គាត់បានចែករំលែកថា ចំពោះអាពាហ៍ពិពាហ៍មួយដែលគូស្វាមី-ភរិយា គ្មានចិត្តស្រឡាញ់គ្នាតាំងពីថ្ងៃរៀបការ ជីវិតគូនោះ គឺងាយនឹងបែកបាក់គ្នា ដោយសារបញ្ហា សូម្បីតែបញ្ហាបន្តិចបន្តួចក៏ដោយ។

ហម កន អាយុ៦៨ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កន មានឪពុកឈ្មោះ ប៉ែន ហម និងម្ដាយឈ្មោះ ឃឹម ណន។ គាត់មានបងប្អូនចំនួន៦នាក់។

នៅក្នុងរបបខ្មែរក្រហម កន ត្រូវបានជម្លៀសទៅតំបន់អូរដា។ អង្គការបានចាត់តាំងឱ្យ កន លើកប្រព័ន្ធភ្លឺស្រែនៅតំបន់អូរដារយៈពេលមួយឆ្នាំ។ បន្ទាប់មក កន បានវិលត្រឡប់មកធ្វើស្រែនៅភូមិកំណើតវិញ។ ម៉ោងធ្វើការងាររបស់គាត់ ចាប់ផ្ដើមពីម៉ោង៦ព្រឹករហូតដល់ម៉ោង១២ ហើយពេលថ្ងៃចាប់ពីម៉ោង១ រហូតដល់ម៉ោង៥ល្ងាច។

នៅក្នុងរបបខ្មែរក្រហម ចំពោះរបបអាហារ នៅក្នុងមួយថ្ងៃ កន ទទួលបានចំនួន២ពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច ហើយក្នុងមួយពេលគឺបបរមួយកូនចាន។ ចំណែកពេលព្រឹក គាត់មិនដែលទទួលបានអាហារហូបឡើយ គឺត្រូវចេញទៅធ្វើការទាំងគ្មានអាហារជារៀងរាល់ព្រឹក។ កន បាននិយាយថា៖ «រាល់ថ្ងៃហូបតែបបររាវ ហើយមានចំនួនតិច។ ពេលព្រឹកក៏គ្មានស្អីហូបទៀតមានកម្លាំងឯណាទៅធ្វើការ»។ នៅពេលនោះ របបអាហារគឺមានសម្រាប់តែអ្នកដែលទៅធ្វើការងារឱ្យអង្គការប៉ុណ្ណោះ ដូច្នេះ ប្រជាជនទាំងអស់ត្រូវទៅធ្វើការគ្រប់ៗគ្នា សូម្បីតែចាស់ជរា និងកុមារ លើកលែងតែកូនក្មេងអាយុក្រោម៥ឆ្នាំ។

កន និងប្ដីរបស់គាត់បានរៀបការនៅក្នុងរបបខ្មែរក្រហម។ គាត់បានបន្តថា គាត់មិនអាចប្រឆាំងតវ៉ាជាមួយនឹងអាពាហ៍ពិពាហ៍មួយនោះបានឡើយ ទោះបីជាគាត់មិនមានចិត្តស្រឡាញ់ក៏ដោយ ព្រោះប្រសិនជាគាត់ហ៊ានប្រឆាំង គាត់នឹងត្រូវចាប់យកទៅសម្លាប់។  កន បានបញ្ជាក់បន្ថែមថា នៅយប់ក្នុងថ្ងៃរៀបការ អង្គការបានចាត់តាំងឈ្លបឱ្យទៅស៊ើបពីប្ដី-ប្រពន្ធដែលរៀបការរួចថ្មោងថ្មីនោះ ថាតើមានភាពចុះសម្រុងគ្នាដែរឬទេ? ក្នុងករណីគូស្រករណា មិនចុះសម្រុងគ្នាគូនោះ នឹងត្រូវចាប់យកទៅសម្លាប់។

កន បានបញ្ជាក់ពីហេតុការណ៍រំលោភបំពានលើស្រ្តី ឬការសម្លាប់មនុស្សថា រូបគាត់មិនបានឃើញផ្ទាល់នឹងភ្នែកឡើយ តែគាត់បានឮពីប្រជាជនដែលស្នាក់នៅសហករណ៍ជាមួយគ្នា។ កន មិនមែនឮរឿងរ៉ាវនោះពីមនុស្សតែម្នាក់ទេ ប៉ុន្តែមានមនុស្សជាច្រើនដែលនិយាយ និងមានពាក្យខ្សឹបខ្សៀវបន្តគ្នាជុំវិញរឿងរ៉ាវមួយនេះជាញឹកញយ។ ស្របគ្នានេះដែរ កន បានប្រាប់ថានៅក្នុងរបបនោះ ការនិយាយស្ដី គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាកុំឱ្យឮដល់ឈ្លបខ្មែរក្រហម បើមិនដូច្នេះទេ នឹងត្រូវនាំខ្លួនទៅកសាង ឬអាចចាប់យកទៅសម្លាប់ចោល។

កន ផ្ដាំផ្ញើទៅក្មេងៗជំនាន់ក្រោយ ត្រូវខិតខំសិក្សាស្វែងយល់ឱ្យមានចំណេះជ្រៅជ្រះ និងជួយគ្នាទប់ស្កាត់កុំឱ្យមានអំពើប្រល័យពូជសាសន៍កើតមានម្ដងទៀត។ ក្នុងនាម ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម កន បានដឹងច្បាស់ពីទុក្ខលំបាកក្នុងការហែរឆ្លងរបបដ៏ឃោរឃៅមួយនេះ។ គាត់តែងតែចែករំលែកប្រាប់ទៅកូនចៅជំនាន់ក្រោយឱ្យបានដឹង ព្រមទាំងមិនចង់ឱ្យក្មេងជំនាន់ក្រោយជួបបទពិសោធន៍ដូចគាត់ឡើយ៕

សម្ភាសន៍ដោយ៖ ឃាន់ ម៉ាល័យ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin