រក្សាចំណងកណ្ដាប់

(ក្រចេះ)៖ ញាន នួន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នួន មានទីកន្លែងកំណើតនៅក្នុងខេត្តតាកែវ ហើយគាត់បានផ្លាស់ប្ដូរទីលំនៅមកខេត្តក្រចេះ តាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។ បច្ចុប្បន្ន នួន មានជំងឺសន្លាក់ដៃ-ជើង, ឈឺចង្កេះ និងងងឹតភ្នែក។
នៅក្នុងរបបខ្មែរក្រហម នួន ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត។ នៅពេលនោះគាត់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ការងារដែល នួន ត្រូវធ្វើនៅក្នុងរដូវវស្សា គឺដកសំណាប និងស្ទូងស្រូវ, ចំណែកនៅរដូវប្រាំង គាត់ត្រូវជីកប្រឡាយ និងលើកទំនប់។ នួន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖ «នៅក្នុងរបបខ្មែរក្រហម នៅពេលដែលគេ[អង្គការ] ចាត់តាំងឱ្យខ្ញុំស្ទូងស្រូវ ខ្ញុំត្រូវតែរក្សាចំណងរបស់កណ្ដាប់ ដើម្បីទុកឱ្យគេរាប់»។
ក្នុងរបបខ្មែរក្រហម គ្មានគ្រួសារណាមួយអាចរស់នៅជួបជុំគ្នាឡើយ ដោយប្រជាជនទាំងអស់សុទ្ធតែត្រូវខ្មែរក្រហមបែងចែកឱ្យរស់នៅសហករណ៍ផ្សេងៗពីគ្នា។ ប្ដីរបស់ នួន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារនៅក្នុងកងនេសាទ ចំណែកកូនរបស់គាត់ តែងតែត្រូវយកទៅផ្ញើនឹងកងស្រ្តីចាស់ៗ។ ម្ដាយរបស់ នួន ត្រូវបានចាត់តាំងឱ្យទៅត្បាញកន្ទេល រីឯឪពុករបស់គាត់ទៅធ្វើការងារនៅក្នុងកងឃ្វាលគោនៅក្នុងព្រៃ។ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៤ទៀបភ្លឺ នួន តែងតែយកកូនៗរបស់គាត់ទៅដាក់នៅក្នុងកងដែលទទួលមើលថែកុមារ ហើយគាត់ត្រូវត្រឡប់ទៅតម្រង់ជួរ។ រួចទើបចេញទៅធ្វើការងារនៅការដ្ឋាន។
នួន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម យុវជន-យុវនារី ត្រូវរៀបការតាមការរៀបចំរបស់អង្គការ។ អ្នកទាំងអស់នោះ មិនអាចប្រកែកចំពោះអ្វីដែលអង្គការបានចាត់តាំងឡើយ។ ប្រសិនជាមាននរណាម្នាក់ហ៊ានប្រកែក អ្នកនោះនឹងត្រូវបាត់បង់ជីវិត។ នៅពេលនោះ នួន ធ្លាប់ឃើញខ្មែរក្រហមរៀបចំប្រជាជនចំនួន២០គូ ឱ្យរៀបបការ។ គាត់ បានបន្ថែមថា ប្រជាជនដែលសង្ស័យថាមានសាច់ញាតិជាជនជាតិវៀតណាម គឺត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោលទាំងអស់។
លើសពីនេះទៅទៀត គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម មិនមានជំនាញអាចព្យាបាលជំងឺតាមបែបវិទ្យាសាស្រ្តឱ្យបានត្រឹមត្រូវទេ។ គ្រូពេទ្យនៅក្នុងរបបនោះ ភាគច្រើនគឺជាប្រជាជនធម្មតា ដែលត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ប្រហែល ៣ ដល់ ៦ ខែ។ នួន លើកឡើងថា នៅអំឡុងពេលនោះ គាត់កើតជំងឺកញ្ជ្រឹល ហើយគ្រូពេទ្យនៅក្នុងកងរបស់គាត់បានផ្ដល់ថ្នាំអាចម៍ទន្សាយ ដែលនិយមប្រើក្នុងរបបនោះ ឱ្យគាត់លេប។ ទោះបីជាបានលេបថ្នាំហើយក្តី គាត់មិនបានជាសះស្បើយទេ គឺគាត់គ្រាន់ថយកម្តៅខ្លួនបន្តិចបន្តួចប៉ុណ្ណោះ។
សាសនានៅក្នុងរបបខ្មែរក្រហមមានការធ្លាក់ចុះខ្លាំង ព្រោះប្រជាជនមិនមានពេលវេលាសម្រាប់ការគោរពប្រណិប័តន៍ ដោយប្រជាជនត្រូវចំណាយពេលស្ទើរតែពេញមួយថ្ងៃទៅលើការធ្វើការងារ។ ក្រៅពីនោះ ខ្មែរក្រហមបានចាត់តាំងឱ្យប្រជាជនក្រោមបង្គាប់បំផ្លាញរូបព្រះពុទ្ធប្បដិមាទម្លាក់ក្នុងទឹកស្រះ ចំណែកព្រះសង្ឃត្រូវចាប់ផ្សឹកឱ្យទៅធ្វើការដូចប្រជាជនដទៃ។
នៅពេលដែលរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់នួន មានដូចជាប្ដី និងកូនៗរបស់គាត់បានត្រឡប់មករស់នៅជួបជុំគ្នាឡើងវិញ។ ក្រុមគ្រួសារគាត់ បានតាំងទីលំនៅក្នុងខេត្តក្រចេះរហូតមកទល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

