មីងទៅណាហ្នឹង?

(ក្រចេះ)៖ រ៉ាន់ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មានពេលមួយគាត់កំពុងតែធ្វើការជាមួយសមាជិកដទៃទៀត គាត់ក៏បានប្រទះឃើញម្ដាយមីងរបស់គាត់ជាមួយនឹងខោអាវមួយបង្វេច ដើរទៅជាមួយនឹងឈ្លបខ្មែរក្រហម។ រ៉ាន់ បានស្រែកសួរទៅកាន់ម្ដាយមីងរបស់គាត់ថា៖ “មីងទៅណាហ្នឹង?” ក្រោយពីឮបែបនោះ សមាជិកដែលធ្វើការជាមួយគាត់បានឃាត់ភ្លាមៗ ព្រោះដឹងថាម្ដាយមីងរបស់រ៉ាន់ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោល ហើយមិនចង់ឱ្យ រ៉ាន់ ត្រូវចាប់យកទៅជាមួយដែរ។
គាត រ៉ាន់ អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាន់ រស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
រ៉ាន់ បានរៀបការជាមួយនឹងប្ដីរបស់គាត់ នៅអំឡុងពេលដែលស្រុកភូមិកំពុងមានការទម្លាក់គ្រាប់បែក។ គាត់ត្រូវរៀបការនៅក្នុងពេលទម្លាក់គ្រាប់បែក គឺដោយសារតែឪពុកម្ដាយរបស់គាត់ខ្លាចប្រធានភូមិចាប់បញ្ជូនឱ្យ រ៉ាន់ ចូលធ្វើទាហានខ្មែរក្រហម។ បន្ទាប់ពីរបបខ្មែរក្រហមកាន់អំណាច រ៉ាន់ មានកូនចំនួន៣នាក់។ ជារៀងរាល់ថ្ងៃ មុននឹងគាត់ចេញទៅធ្វើការ គាត់តែងតែយកកូនទាំង៣ទៅផ្ញើនៅក្នុងកងកុមារ ឱ្យស្រ្តីដែលមានវ័យចំណាស់នៅក្នុងភូមិជួយថែរក្សា។ នៅកន្លែងធ្វើការ គាត់តែងតែនឹកពីសុវត្ថិភាពកូនរបស់គាត់ ព្រោះខ្លាចមានបញ្ហាណាមួយកើតមានឡើង។
ឪពុកម្ដាយ និងបងប្អូនរបស់រ៉ាន់ ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការនៅក្នុងកងផ្សេងៗគ្នា។ ឪពុករបស់រ៉ាន់ ធ្វើការងារនៅក្នុងកងបុរស ទទួលបន្ទុកធ្វើត្បាល់កិនស្រូវ, ចំណែកម្ដាយរបស់គាត់ធ្វើការងារនៅក្នុងរោងបាយ, រីឯ រ៉ាន់ ធ្វើការងារជាអ្នកដាក់បាយឱ្យជ្រូក, តាមដានទឹកនៅក្នុងស្រែកុំឱ្យរីង, ត្បាញកន្ទេល និងពេលយប់អង្គការបានចាត់តាំងឱ្យទៅរែកដី។ នៅក្នុងក្រុមដែល រ៉ាន់ ធ្វើការមានសមាជិកចំនួន៦នាក់ ហើយត្រូវផ្លាស់ប្ដូរវេនគ្នាធ្វើការ, ៣នាក់ទៅរកសារាយសម្រាប់ធ្វើជាចំណីជ្រូក ចំណែក៣នាក់ទៀតនៅថែទាំជ្រូក។
នៅក្នុងរបបនោះ ប្រជាជនដែលជម្លៀសមកពីទីក្រុង ឬហៅថាជាប្រជាជន១៧មេសា ខ្មែរក្រហមតែងតែធ្វើទុកបុកម្នេញ និងត្រូវបានចាត់ទុកថាជាអ្នកមានទ្រព្យធន និងជាអ្នកមានអំណាចពីសង្គមចាស់ដែលបានកេងប្រវ័ញ្ចប្រជាជនក្រីក្រ។ ខ្មែរក្រហម បានចាត់តាំងឱ្យអ្នកទាំងនោះធ្វើការងារធ្ងន់ៗ ដូចជាការរែកដី, លើកទំនប់, ជីកប្រឡាយ និងស្ទូងស្រូវ។
រ៉ាន់ បាននិយាយថា ខ្មែរក្រហមតែងបង្ខំឱ្យយុវជន-យុវនារីរៀបការ ទាំងដែលអ្នកទាំងសងខាងមិនបានស្រឡាញ់គ្នា។ ដោយសារតែមិនមានចិត្តស្រឡាញ់ មានប្រជាជនមួយចំនួនបានលែងលះគ្នាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ចំណែកមួយចំនួនទៀតបានបន្តជីវិតគូយ៉ាងមានសុភមង្គលជាគូភរិយា-ស្វាមី រហូតមកដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

