ទ្រព្យសមូហភាព

(កំពង់ចាម)៖ ប្រេស អឿន អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អឿន មានបងប្អូនចំនួន៦នាក់ (ស្រីចំនួន៤នាក់) ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ។ បច្ចុប្បន្ន គាត់ឈឺសន្លាក់ដៃ-ជើង និងឈឺក្បាលវិលមុខជាប្រចាំ។

នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឱ្យ អឿន ធ្វើការងារនៅក្នុងកងចល័ត។ គាត់ត្រូវចាកចេញពីក្រុមគ្រួសារ ដើម្បីទៅធ្វើការងារ។ អឿន និយាយថា គាត់យំនឹកដល់ឪពុកម្ដាយ និងបងប្អូនជារៀងរាល់ថ្ងៃ ប៉ុន្តែមិនអាចត្រឡប់មកផ្ទះវិញបាន។ អង្គការបានកំណត់ពេលវេលាក្នុងមួយខែម្ដង ឱ្យកុមារអាចត្រឡប់ទៅលេងសាច់ញាតិ។ អឿន បានបន្តថានៅពេលអង្គការអនុញ្ញាតឱ្យគាត់ទៅលេងផ្ទះ គាត់មិនបានត្រឡប់ទៅនោះទេ ព្រោះគាត់មិនស្គាល់ផ្លូវ ហើយគ្មាននរណាអាចនាំផ្លូវគាត់បាន។

នៅក្នុងរបបខ្មែរក្រហម អឿន បានខិតខំធ្វើការងារដែលអង្គការចាត់តាំង ព្រោះគាត់ខ្លាចឈ្លបចាប់យកទៅកសាង ឬបង្អត់អាហារ។ ចំពោះរបបអាហារដែល អឿន ទទួលបាន រាល់ពេលជាបបររាវចំនួន២វែក។ គាត់បានប្រាប់បន្ថែមថា នៅពេលនោះ ប្រជាជនដទៃ រួមទាំងគាត់ មិនដែលមានអាហារហូបបានឆ្អែតឡើយ។ ដោយសារតែការអត់ឃ្លាន ប្រជាជនមួយចំនួនបានសម្រេចចិត្តលួចជីកដំឡូង និងដំណាំផ្សេងទៀត ហូបបន្ថែម។ ប្រជាជនដែលលួចហូបអាហារបន្ថែម ប្រសិនបើត្រូវអង្គការកសាងចំនួនបីដងហើយ នៅតែបន្តប្រព្រឹត្តទៀត បុគ្គលនោះនឹងត្រូវចាប់យកទៅសម្លាប់ចោល។

អឿន បានចែករំលែកថា នៅក្នុងរបបខ្មែរក្រហម គ្មានទ្រព្យឯកជនឡើយ មានតែទ្រព្យសមូហភាព។ ទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់ រួមមាន ផ្ទះ, មាសប្រាក់, របស់របរប្រើប្រាស់ និងដំណាំជុំវិញផ្ទះ ត្រូវប្រមូលដាក់ជាសមូហភាព។ បន្ទាប់ពីបញ្ចូលជាទ្រព្យរបស់សមូហភាព មានតែអង្គការប៉ុណ្ណោះ ដែលអាចមានសិទ្ធិចាត់ចែកការប្រើប្រាស់លើទ្រព្យទាំងនោះ។ ប្រជាជនណាដែលលួចលាក់មាសប្រាក់ មិនព្រមប្រគល់ឱ្យអង្គការ គឺប្រឈមនឹងការចាប់ខ្លួនយកទៅសម្លាប់។

នៅក្នុងមួយឆ្នាំ អង្គការបានចែកសម្លៀកបំពាក់ឱ្យប្រជាជនចំនួនមួយសម្រាប់។ ប្រជាជននៅក្នុងរបបនោះ គឺតម្រូវឱ្យស្លៀកពាក់ពណ៌ខ្មៅទាំងអស់គ្នា មិនថាមានឋានៈជាអ្វីនោះទេ។ នៅពេលដែលមានប្រជាជនស្លៀកសម្លៀកបំពាក់ខុសពីពណ៌ខ្មៅ បុគ្គលនោះនឹងទទួលរងការទិតៀន។

ការរៀបការនៅក្នុងក្នុងរបបខ្មែរក្រហម ប្រារព្ធឡើងត្រឹមតែមួយព្រឹកប៉ុណ្ណោះ ដោយ ភាគច្រើនរៀបចំធ្វើឡើងនៅក្នុងរោងបាយ ព្រោះទីនោះមានតុវែងងាយស្រួលឱ្យយុវជន-យុវនារី អង្គុយទល់មុខគ្នា​។ សម្រាប់គូដែលបានរៀបចំទាំងអស់ ត្រូវចាប់ដៃគ្នាឡើងប្ដេជ្ញាចិត្តចំពោះអង្គការ។ តាមអ្វីដែល អឿន បានដឹង នៅពេលនោះ ការរៀបការម្ដងៗធ្វើឡើងសម្រាប់គូស្រករច្រើនគូ ដែលមានចំនួនចាប់ពី៥គូ រហូតដល់៤០គូ៕

សម្ភាសន៍ដោយ៖ ឃាន់ ម៉ាល័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin