គ្រូបង្រៀនកុមារ

(ស្វាយរៀង) យី រ៉េត អាយុ ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉េត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន ៤នាក់ (ស្រី៣នាក់)។ រ៉េត ជាស្ត្រីមេម៉ាយ ហើយឪពុកម្តាយរបស់គាត់ក៏បានស្លាប់។ រ៉េត មានកូនស្រីចំនួន ៥នាក់ និងកូនប្រុសចំនួន ២នាក់។ កូនប្រុសស្រីទាំងអស់របស់គាត់ សុទ្ធតែបានរៀបការមានគ្រួសារអស់ហើយ។

រ៉េត បានរស់នៅឆ្លងកាត់របត់នយោបាយ និងសង្គ្រាមជាច្រើនដំណាក់កាល។ រ៉េត បានរំឭកពីព្រឹត្តិការណ៍ នា​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ។ នៅពេលនោះ គ្រួសាររបស់រ៉េត បានភៀសខ្លួនពីភូមិធ្លកទៅរស់នៅទីរួមខេត្តស្វាយរៀង។ រ៉េត បានបាត់បង់ប្អូនប្រុសម្នាក់ដោយសារការបាញ់បោះពីទាហាន លន់ នល់ ហើយផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់គ្រួសាររ៉េត ត្រូវបានបំផ្លាញទាំងស្រុងដោយសារការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ រ៉េត បានរៀបការមានគ្រួសារតាមប្រពៃណី ហើយប្តីរបស់រ៉េត បានស្លាប់ក្រោយរបបខ្មែរក្រហមដួលរលំ។

នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ រ៉េត បានត្រឡប់ពីទីរួមខេត្តស្វាយរៀងមករស់នៅភូមិធ្លកវិញ។ រ៉េត និងប្រជាជនសង្ឃឹមថា នឹងមានសន្តិភាពអាចរស់នៅជួបជុំគ្រួសារ ប៉ុន្តែផ្ទុយទៅវិញបែរជាត្រូវរស់នៅក្នុងស្ថានភាពលំបាកលំបិនជាងរបប លន់ នល់ ទៅទៀត។ រ៉េត ក្នុងនាមជាប្រជាជនចាស់ ត្រូវខ្មែរក្រហមតម្រូវឲ្យរស់នៅសហករណ៍​​ភូមិធ្លក។ ប្រធានភូមិបានបង្កើតជាសហករណ៍ ការដ្ឋានការងាររួម និងហូបរួម។ ការងាររបស់ រ៉េត រួមមាន ជីកប្រឡាយ លើកភ្លឺស្រែ និងរើសអាចម៍គោធ្វើជី។ ក្រៅពីការងារនេះ រ៉េត ក៏ត្រូវអង្គការចាត់ឱ្យបង្រៀនក្មេងៗនៅក្នុងកងកុមារ។ ក្មេងដែលមានអាយុចាប់ពី ៦ឆ្នាំ ត្រូវរៀននៅពេលព្រឹក ហើយរើសកួរស្រូវ និងរើសអាចម៍គោនៅពេលថ្ងៃ។ ការហូបចុកមានសភាពខ្សត់ខ្សោយ។ រ៉េត កុមារ និងប្រជាជនក្នុងភូមិ ទទួលបានបបរមួយកូនចានសម្រាប់ថ្ងៃត្រង់ និងល្ងាច។ រ៉េត ឃើញប្រជាជនភាគច្រើន កើត​ជំងឺហើមជើងដៃខ្លួន, ជំងឺពោះវៀន និងរាគរូស ដោយសារកង្វះអាហារូបត្ថម្ភ។ ក្មួយប្រុសរបស់រ៉េតម្នាក់ បានស្លាប់ដោយសារធ្វើការងារលើសកម្លាំង អត់ឃ្លាន និងឈឺគ្មានថ្នាំព្យាលបាល។ រ៉េត បានឃើញអង្គការបង្ខំឲ្យយុវជន-យុវនារីឲ្យរៀបការម្តងៗ មានចំនួនចាប់ពី ១០ ទៅ ២០គូ។ យុវជន-យុវនារី មួយចំនួនមិនស្រឡាញ់ ឬមិនស្គាល់គ្នាពីមុនទេ ប៉ុន្តែមិនហ៊ានប្រកែកខ្លាចអង្គការនាំទៅសម្លាប់។ រ៉េត ធ្លាប់ឃើញការសម្លាប់មនុស្សនៅមន្ទីរឃុំឃាំងធ្លក ហើយការសម្លាប់នៅពេលនោះ ធ្វើឡើងដោយប្រើដងចបឬបាញ់កាំភ្លើង។ ខ្មែរក្រហមក៏បានលុបបំបាត់ជំនឿសាសនា បំផ្លាញវត្តអារាម ចាប់ផ្សឹកព្រះសង្ឃ និងបង្ខំព្រះសង្ឃឱ្យទៅធ្វើស្រែ។ ក្រោយរបបខ្មែរក្រហមដួលរលំ រ៉េត បានមករស់នៅជួបជុំគ្រួសារវិញប្រកបរបរជាកសិករ។ បច្ចុប្បន្ន រ៉េត មានជំងឺលើសសម្ពាធឈាម និងជំងឺញ័រដើមទ្រូង។

សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin