កងចល័តនារីនៅរបបខ្មែរក្រហម

កងចល័តនារី ខែ្មរក្រហមកំពុងប្រមូលទិន្នផលស្រូវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ពេលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ អ៊ុន ឈៀង មានអាយុប្រមាណ ១៥ឆ្នាំ ជាសមាជិកកងចល័តនៃឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ ឈៀង មានស្រុកកំណើត និងរស់នៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។ ឈៀង មានបងប្អូនចំនួន ៣នាក់ (ស្រី ២នាក់)។ ម្តាយឈ្មោះ ម៉េស លន និងឪពុកឈ្មោះ ចាន់ ឌុយ (ស្លាប់ក្រោយឆ្នាំ១៩៧៩)។[1]

កាលពីកុមារភាព ឈៀង រៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ ក្រោយពីឈប់រៀន ឈៀង បានជួយការងារស្រែចម្ការឪពុកម្តាយនៅស្រុកកំណើត។ ក្នុងរបបខ្មែរក្រហម ឈៀង រស់នៅឃុំស្រែសំរោង បែកចេញពីសមាជិកគ្រួសារ ដោយស្ថិតក្នុងវ័យពេញកម្លាំង ត្រូវចូលជាសមាជិកកងចល័តនារីឃុំ។ ដំបូងឡើយ អង្គការចាត់តាំងឱ្យ ឈៀង ដាំទឹកក្ដៅឱ្យចុងភៅនៅរោងបាយ ដោយសារគាត់មានមាឌតូចជាងគេ។ នៅចុងឆ្នាំ១៩៧៥ អង្គការបានផ្លាស់ប្តូរ ឈៀង ឱ្យចូលក្នុងកងចល័តជីក ប្រឡាយ និងលើកទំនប់នៅការដ្ឋានរួម។ ការងាររបស់ ឈៀង គឺត្រូវទៅរែក និងជីកដីនៅទីតាំងឆ្ងាយៗ ដូចជានៅតាកែនកោះស្លា និងនៅរំលេច។ នាពេលនោះ ឈៀង ជាសមាជិកកងចល័តមិនពេញសិទ្ធិ ចំណែកសមាជិកកងចល័តពេញសិទ្ធិមួយចំនួនត្រូវអង្គការបញ្ជូនទៅធ្វើការនៅតាមមន្ទីរពេទ្យ និងជាកម្មករតាមរោងចក្រនានានៅទីក្រុងភ្នំពេញ​។ ឈៀង រំឭកថា នៅកន្លែងគាត់រស់នៅ អង្គការបានបែងចែកប្រជាជនជាពីរប្រភេទគឺ៖ ប្រជាជនពេញសិទ្ធិ (ប្រជាជនមូលដ្ឋានចាស់) និង ប្រជាជនមិនពេញសិទ្ធិ (ប្រជាជនដែលជម្លៀសមកពីភ្នំពេញ ឬមានសាច់ញាតិទើបជម្លៀសមកពីភ្នំពេញ)។ នៅការដ្ឋានការងារតាកែនកោះស្លា និងនៅរំលេច មានសមាជិកកងចល័តបុរស-នារីរាប់ពាន់នាក់ធ្វើការ ប៉ុន្តែបែងចែកដាច់ដោយឡែកពីគ្នា។ ម៉ោងធ្វើការចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ និងបន្តពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច។ នៅពេលមានភ្លៀងខ្លាំង ផ្លូវរអិល បណ្តាលឱ្យកងចល័តខ្លះជួបគ្រោះថ្នាក់។ ថ្ងៃខ្លះ មេកងបានផ្លាស់ប្តូរ ឈៀង ឱ្យទៅធ្វើស្រែមួយរយៈ រហូតដល់ដីស្ងួតទើបឱ្យត្រឡប់មកធ្វើការនៅការដ្ឋានទំនប់ប្រឡាយវិញ។ ការដកស្ទូងស្រូវនាពេលនោះ អង្គការតម្រូវឱ្យកងចល័តវាស់ខ្សែបន្ទាត់ ធ្វើឱ្យសន្ទូងត្រង់ផ្លឹងមើលទៅដូចជាក្រឡាចត្រង្គ។ នៅការដ្ឋានទទួលបានរបបអាហារពីរពេលគឺថ្ងៃត្រង់ និងល្ងាច។ អង្គការបែងចែកជាបាយ ឬបបរលាយជាមួយដំឡូង ហូបជាមួយសម្លព្រលឹត ឬរំចង់។ ដោយសារហូបមិនគ្រប់គ្រាន់ នៅពេលយប់ ឈៀង និងសមាជិកកងចល័តផ្សេងទៀត តែងលួចដើររើសខ្ចៅខ្ចងយកមកលីងហូបជាមួយស្វាយ និងត្រកួនបន្ថែម។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស ឈៀង ពីស្រុកជុំគិរី ខេត្តកំពត ឱ្យទៅរស់នៅស្រុកកោះធំ ខេត្តកណ្តាល។ ពេលទៅដល់ ឈៀង បានធ្លាក់ខ្លួនឈឺ ហើយអង្គការបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ បន្ទាប់ពីជាសះស្បើយ អង្គការបានចាត់តាំង ឈៀង ឱ្យធ្វើជាគ្រូបង្រៀនកុមារថ្នាក់ដំបូង​។ មេរៀនដែលត្រូវបង្រៀន គឺផ្តោតលើការលើកសរសើរកងទ័ពដែលចូលរួមប្រយុទ្ធនៅសមរភូមិ និងរបៀបបង្កបង្កើនផលស្រូវ ចំណែកការរៀនអក្សរ និងស្រៈ យូរៗទើបអង្គការឱ្យបង្រៀនម្តង។ ក្រៅពីបង្រៀន ឈៀង ត្រូវដឹកនាំកុមារធ្វើការងារផ្សេងៗដូចជា ឃ្វាលគោក្របី កាច់ពោត និងច្រូតសណ្តែកសៀងនៅពេលថ្ងៃ ហើយយប់ឡើងត្រូវមើលការខុសត្រូវពេលកុមារសម្រាក។ ឈៀង ឮប្រជាជនហៅស្រុកកោះធំថា តំបន់១៤ ដែលគ្រប់គ្រងដោយប្រធានឈ្មោះ យាយយឹម និង តាយ៉ាន់។ អ្នកគ្រប់គ្រងនៅទីនោះ បានរៀបការឱ្យយុវនារីដែលជាគ្រូពេទ្យ និងគ្រូបង្រៀនប្រមាណ ២០នាក់ ជាមួយយោធាខ្មែរក្រហម ២០រូប ដែលខ្លះមានវ័យចំណាស់ និងរូបរាងមិនសមរម្យ។ យុវនារីខ្លះយំប្រកែកមិនព្រមរៀបការព្រោះគ្មានចិត្តស្រឡាញ់ ប៉ុន្តែត្រូវអង្គការបង្ខំ និងគំរាមសម្លាប់។ ដោយ​សារ ឈៀង មានរូបរាងតូច ទើបអង្គការមិនទាន់បង្ខំឱ្យរៀបការ។ ក្នុងពិធីរៀបការ អង្គការឱ្យប្តីប្រពន្ធឡើងប្តេជ្ញាចិត្តថានឹងរួមរស់ជាមួយគ្នាជារៀងរហូត រួចរៀបចំផ្ទះឱ្យស្នាក់នៅ។

ឈៀង ក៏ធ្លាប់ឃើញកងឈ្លបចាប់ចងប្រជាជន ១៧មេសា ជាខ្សែៗ យកទៅសម្លាប់នៅវត្តពោធិ៍វង្ស ស្រុកជុំគិរី។ អង្គការបានចោទប្រកាន់ពួកគេថាជាប់និន្នាការរបបចាស់។ ប្រជាជន ១៧មេសា ភាគច្រើនជាអ្នកមានចំណេះដឹង មានជំនាញជួសជុលវិទ្យុ-ម៉ាញ៉េ និងមួយចំនួននិយាយខ្មែរមិនច្បាស់ ព្រោះជាកូនកាត់ចិន ឬវៀតណាម។ ចំណែកប្រជាជនមូលដ្ឋានក៏ត្រូវសម្លាប់ដែរ ប្រសិនបើមានបងប្អូននៅភ្នំពេញ ឬអនុវត្តមិនបានត្រឹមត្រូវតាមផែនការអង្គការ។

ឈៀង បន្តរស់នៅស្រុកកោះធំ រហូតដល់ចុងឆ្នាំ១៩៧៨ នៅពេលកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម វាយផ្តួលរំលំរបបខ្មែរក្រហម។ នៅដើមឆ្នាំ១៩៧៩ ឈៀង ឃើញ​អណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងនៅសមរភូមិអ្នកលឿង ដោយសារការផ្ទុះឃ្លាំងគ្រាប់ខ្មែរក្រហម។ នៅស្រុកកោះធំ មានព័ត៌មានថា យោធាខ្មែរក្រហមបានចុះចាញ់ ចំណែកកម្មាភិបាលខ្លះបានទម្លាក់អាវុធ និងខ្លះទៀតរត់គេចទៅខេត្តភាគខាងលិច ជាប់ព្រំដែនថៃ។

ឈៀង បានធ្វើដំណើរដោយថ្មើរជើងពីស្រុកកោះធំ ត្រឡប់មកស្រុកជុំគិរី ខេត្តកំពតវិញ ដើម្បីជួបជុំគ្រួសារ ។ តាមផ្លូវ គាត់បានឮកងទ័ពវៀតណាមប្រកាសឱ្យប្រជាជនត្រឡប់ទៅស្រុកកំណើតរៀង​ៗខ្លួន។ នៅខែមេសា ឆ្នាំ១៩៧៩ ឈៀង បានមកដល់ស្រុកកំណើត។ ដំបូងឡើយ គាត់ដើរស៊ីឈ្នួលច្រូតស្រូវឱ្យអ្នកភូមិ ដើម្បីដោះដូរយកអាហារ និងគ្រាប់ពូជស្រូវ។ បច្ចុប្បន្ន ឈៀង គឺជាកសិករ រស់នៅឃុំស្រែសំរោង ខេត្តកំពត។


អត្ថបទដោយ អេង សុខម៉េង

[1] KPI0510 បទសម្ភាសន៍ដោយ ឃុត ដាលីន (អ្នកស្ម័គ្រចិត្តកម្ពុជា) ជាមួយ អ៊ុន ឈៀង ភេទស្រី អាយុ ៥៧ឆ្នាំ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ ឈៀង មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត និងធ្លាប់ជាកងចល័តនារីក្នុងរបបខ្មែរក្រហម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin