ហូបឆ្អែតតែគ្មានជីវជាតិ

(ក្រចេះ)៖ សាម៉ុត អេង អាយុ៧១ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន អេង មានជំងឺរលាកសួត, រលាកក្រពះ, ឈឺខ្នង និងស្រវាំងភ្នែក។
នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង ហើយឡើងគ្រប់គ្រងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧១ នៅក្នុងតំបន់ដែល អេង រស់នៅមានការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក ដើម្បីបណ្ដេញទាហានវៀតណាមចេញពីទឹកដីកម្ពុជា។ ស្ថានភាពនៅក្នុងភូមិមានភាពចលាចលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជននៅក្នុងភូមិរស់នៅដោយភ័យខ្លាច និងនាំសមាជិកគ្រួសាររត់ពួនក្នុងលេណដ្ឋាន។
នៅក្នុងរបបខ្មែរក្រហម អេង មានអាយុ២១ឆ្នាំ ដែលជាវ័យពេញកម្លាំងធ្វើការងារ។ អង្គការបានចាត់តាំងឱ្យគាត់ធ្វើការងារនៅក្នុងកងចល័ត។ នៅអំឡុងពេលនោះ អេង ធ្វើការងារដូចជា រែកដី, ជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ អេង ចាប់ផ្ដើមធ្វើការតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១០យប់ ដោយមានពេលសម្រាកបន្តិចបន្តួចប៉ុណ្ណោះ។ អេង និយាយថា គាត់ត្រូវរែកដីស្ទើរតែរាល់ថ្ងៃ ដូច្នេះហើយស្មារបស់គាត់បានបន្សល់ស្លាកស្នាមមកដល់ពេលបច្ចុប្បន្ន។
អេង បាននិយាយថា នៅក្នុងរបបខ្មែរក្រហមគាត់អាចបរិភោគអាហារបានឆ្អែត ប៉ុន្តែអាហារគ្មានជីវជាតិជំនួយដល់សារពាង្គកាយនោះទេ។ គាត់បានបន្ថែមថា នៅកន្លែងខ្លះគាត់ត្រូវហូបបបរលាយជាមួយត្រកួន ឬត្រពាំង និងកន្លែងខ្លះទៀតហូបពោតកំបោរ ឬបបររាវទទេ។ អេង បានបន្តថា គាត់អាចហូបអាហារឆ្អែតពិតមែន ប៉ុន្តែនៅតែមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការងារ ទោះជាយ៉ាងណាក៏គាត់ត្រូវតែស៊ូទ្រាំធ្វើការងារទាំងអស់នោះ ព្រោះខ្លាចខ្មែរក្រហមចាប់យកទៅកសាង ឬសម្លាប់។ នៅក្នុងរបបនោះ សមាជិកគ្រួសាររបស់អេង ទទួលបន្ទុកការងាររៀងៗខ្លួន, ឪពុករបស់គាត់ធ្វើការងារនៅក្នុងកងផលិតថ្នាំ (ថ្នាំអាចម៍ទន្សាយ និងថ្នាំបុរាណផ្សំពីសំបក ឬឫសឈើ)។ ម្ដាយរបស់គាត់ធ្វើការងារនៅក្នុងកងរែងអង្ករ, ចំណែកអេង និងបងប្អូនធ្វើការងារនៅក្នុងកងកុមារ និងកងចល័ត។
នៅក្នុងរបបខ្មែរក្រហម យុវជន-យុវនារីត្រូវរៀបការតាមការរៀបចំរបស់អង្គការ។ អ្នកទាំងនោះមិនមានសិទ្ធិក្នុងការប្រកែកឡើយ។ អ្នកដែលប្រឆាំងនឹងការរៀបចំរបស់អង្គការ គឺមានតែផ្លូវស្លាប់មួយប៉ុណ្ណោះ ដូច្នេះហើយអ្នកទាំងអស់នោះ ត្រូវបង្ខំចិត្តរៀបការជាមួយមនុស្សដែលខ្លួនមិនបានស្រឡាញ់។ នៅពេលនោះ ការរៀបការ គឺមិនមែនធ្វើឡើងសម្រាប់ត្រឹមតែមួយគូដូចជាបច្ចុប្បន្ននេះនោះទេ គឺមានចាប់ពី៣គូឡើងទៅ រហូតដល់៥០គូក៏មាន។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនដែលសង្ស័យថាជាកូនកាត់វៀតណាម នឹងត្រូវចាប់យកទៅសម្លាប់ចោលទាំងអស់។ ចំពោះស្រ្តីមួយចំនួនមិនថាជាក្រមុំ ឬមានប្ដីហើយ ឱ្យតែមានសម្រស់ស្អាត គឺសុទ្ធតែត្រូវឈ្លបទាំងនោះចាប់រំលោភមុននឹងសម្លាប់។ អេង បានបន្ថែមថានៅក្នុងរបបនោះ បុរស និងស្រ្តី មិនអាចនិយាយស្ដីរកគ្នាឡើយ សូម្បីតែជាបងប្អូននឹងគ្នា, ប្រសិនជាអង្គការចាប់បាន នឹងត្រូវមានទោសពីបទខុសសីលធម៌ អាចត្រូវទទួលរងទារុណកម្ម ឬត្រូវសម្លាប់។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សមាជិកគ្រួសាររបស់អេង បានវិលត្រឡប់មករស់នៅជុំគ្នា ហើយបងប្អូនរបស់គាត់ក៏មានគ្រួសារជាបន្តបន្ទាប់៕
សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

