ខ្ញុំមានផ្ទៃពោះអង្គការបានឲ្យខ្ញុំទៅច្រូតស្បូវ

(ខេត្តស្វាយរៀង) រាម រិន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ រិន មានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះប្អូនប្រុសម្នាក់ដែលជាអតីតទាហានលន់ នល់ ត្រូវបានអង្គការនាំចេញពីផ្ទះទៅសម្លាប់ចោល ដោយចោទប្រកាន់ថាជាប់និន្នាការប្រឆំាងរបបខ្មែរក្រហម។

ក្នុងរបបខ្មែរក្រហម រិន ត្រូវបានអង្គការបង្ខំឲ្យធ្វើការងារច្រើនដូចជាដកស្ទូង ជីក​ប្រឡាយ និងលើកភ្លឺស្រែតាមការកំណត់។ ចំណែកការស្នាក់នៅវិញ រិន​ ត្រូវបានអង្គការតម្រូវឲ្យរស់នៅដាច់​ដោយឡែកពីឪពុក ម្តាយ។ រិន ត្រូវរស់នៅក្នុងកងចល័តនារី ដែលគាត់ត្រូវចេញទៅធ្វើការងារឆ្ងាយៗពីភូមិឃុំ។ រិន ត្រូវស្ទូងស្រូវឲ្យបានប្រមាណមួយផ្លូន និងច្រូតស្រូវឲ្យបានមួយថ្ងៃទំហំដី១០ម៉ែត្រ គុណនឹង១០០ម៉ែត្រ។ រិន និយាយថាគាត់ត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៥ព្រឹក និងសម្រាកនៅពេលល្ងាចឬយប់ប្រសិនបើការងារនោះមិនសម្រេចតាមផែនការ។ នៅរដូវប្រាំង រិន ត្រូវក្រងស្បូវ និងដេរស្លឹកត្នោតសម្រាប់​ប្រករោងបាយ, ជីក, រែកដី, លើកភ្លឺស្រែ និងរែកជី។ ចំពោះការងារនៅក្នុងរបបខ្មែរក្រហម រិន ត្រូវធ្វើជាប់ជានិច្ចទោះបីជាគាត់មានផ្ទៃពោះ ឬទើបតែសម្រាលកូនក៏ដោយ។ នៅពេល រិន ទើបសម្រាលកូនគាត់ត្រូវធ្វើការងារស្រាលៗដូចជា មើលក្មេងៗក្នុងកងកុមារឬក្រងស្បូវជាដើម។ រិនលើកឡើងថា៖ «នៅពេលខ្ញុំមានផ្ទៃពោះអង្គការបានឲ្យខ្ញុំទៅច្រូតស្បូវ ហើយឲ្យក្រងស្បូវមួយថ្ងៃឲ្យបាន ២កណ្តបស្បូវ។ ជួនកាលទៅដេរស្លឹកត្នោតនៅរោងបាយដើម្បីយកទៅប្រកដំបូលរោងបាយ និងផ្ទះស្នាក់នៅ»។ ទោះបីជា រិន ធ្វើការងារទាំងមានផ្ទៃពោះ ក៏គាត់ទទួលបានរបបអាហារមិនគ្រប់គ្រាន់ដដែរ។ រិន ទទួលបានបបរឬបាយពីរពេលក្នុងមួយថ្ងៃ ចំនួនរបបមួយកូនចានចង្កឹះហូបជាមួយសម្លត្រកួន ព្រលឹត។

រិន និយាយថា៖ «នៅពេលព្រឹក អង្គការមិនឲ្យយើងហូបបាយឡើយ គេស្ងោពោតមួយឲ្យយើងហូប ហើយពេលថ្ងៃត្រង់ និងល្ងាចអង្គការឲ្យហូបបាយជាមួយសម្លត្រកួន និងព្រលិត សម្លគ្មានជាតិជៅ»។ នៅសហករណ៍ រិន បានឃើញឡានធំៗពណ៌ខ្មៅតែងតែចូលមកដឹកស្រូវអង្ករចេញពីជង្រុករួមរបស់សហករណ៍ទើបធ្វើឲ្យខ្វះខាតអង្ករនៅរោងបាយ​។ កងចល័តម្នាក់ៗមានរាងស្គមរីងរៃ។ ក្នុងរបបខ្មែរក្រហម រិន ក៏ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើជីលេខ១ ដែលផ្សំឡើងពីលាមកមនុស្ស លាយជាមួយរុក្ខជាតិ និងផេះចង្ក្រាន។ អង្គការកំណត់មួយថ្ងៃធ្វើជីឲ្យបាន២០គីឡូ។

នៅពេលរបបខ្មែរក្រហមដួលរលំ រិន បានមករស់នៅផ្ទះរបស់ខ្លួនវិញ​។ បច្ចុប្បន្ន រិន មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង ដែលជាជំងឺដោយសារតែធ្វើការងារធ្ងន់ គ្មានអាហារមានជីវជាតិហូបគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម៕

សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin