ខុសសីលធម៌

(ក្រចេះ)៖ អំពើខុសសីលធម៌ តែងត្រូវប្រព្រឹត្តឡើងដោយកម្មាភិបាល, ប្រធានក្រុម និងប្រធានកង ដែលអាងអំណាចរបស់ខ្លួន ដោយបំពានលើកូនស្រី និងប្រពន្ធរបស់ប្រជាជន។ អ្នកដែលមានឋានៈទាំងនោះ មិនដែលខ្វល់ថាស្រ្តីនោះ ជាប្រពន្ធរបស់នរណាឡើយ ឱ្យតែមានចិត្តស្រឡាញ់ គឺត្រូវតែយកឱ្យបាន។ ម៉ៅ នឿន អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ នឿន ដែលជាតំបន់ព្រៃ និងតំបន់ជាប់មាត់ទន្លេ មានការទម្លាក់គ្រាប់បែក។ ប្រជាជននៅក្នុងតំបន់ភាគច្រើនទទួលរងការប៉ះពាល់ខ្លាំង។ ប្រជាជនបានភៀសខ្លួនចេញពីលំនៅឋាន។ ខ្លះនាំគ្រួសារភៀសខ្លួនទៅទីក្រុងភ្នំពេញ ហើយខ្លះទៀតភៀសខ្លួនទៅស្នាក់នៅផ្ទះសាច់ញាតិ។

នៅឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានយកឈ្នះលើទាហាន លន់ នល់, នៅពេលនោះ នឿន ស្ថិតនៅក្នុងវ័យកុមារភាព។ ក្រោយពីខ្មែរក្រហមកាន់អំណាចទូទាំងប្រទេស នឿន ត្រូវបានអង្គការចាត់តាំងឱ្យដើរប្រមូលអាចម៍គោនៅតាមភូមិ និងវាលស្រែដើម្បីយកទៅធ្វើជី។ គាត់បានបន្តថា នៅពេលនោះ គាត់ត្រូវធ្វើការងារផង រៀនអក្សរផង មិនដូចជាពេលដែលខ្មែរក្រហមមិនទាន់កាន់អំណាចនោះទេ។ មុនពេលដែលខ្មែរក្រហមគ្រប់គ្រងអំណាច គ្រួសាររបស់គាត់ឱ្យផ្ដោតតែលើការសិក្សាតែមួយមុខប៉ុណ្ណោះ។

នឿន បានប្រាប់ថាការរៀនអក្សរនៅក្នុងរបបខ្មែរក្រហម គឺផ្តោតតែទៅលើអក្សរ ក ខ និងលេខចំនួនបី ទៅប្រាំតួប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បន្ទាប់មកទៀត អង្គការបានបញ្ជូនឱ្យ នឿន ទៅធ្វើការងារនៅក្នុងកងនារីចល័តតំបន់។ ធ្វើការងារនៅក្នុងកងនារីចល័ត នឿន ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។

តាមរយៈការបញ្ជាក់របស់នឿន នៅក្នុងរបបខ្មែរក្រហម មានតែថ្នាំដែលក្រុមគ្រូពេទ្យផលិតដោយខ្លួនឯងប៉ុណ្ណោះ ត្រូវបាន​ប្រើសម្រាប់ព្យាបាលជំងឺប្រជាជន។ ថ្នាំនោះ មានរាងមូល ពណ៌ខ្មៅ ដែលប្រជាជនតែងហៅថា ថ្នាំអាចម៍ទន្សាយ។ ក្រៅពីថ្នាំអាចម៍ទន្សាយ គឺនៅមានថ្នាំម្យ៉ាងទៀតដែលផ្សំឡើងពីឫសឈើ ដោយថ្នាំនោះត្រូវដាំទឹករម្ងាស់ជាច្រើនម៉ោង ទើបអាចប្រើប្រាស់បាន។ នឿន បានប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់មិនដែលមានជំងឺអ្វីធ្ងន់ធ្ងរទេ គ្រាន់តែនៅពេលនោះអង្គការបានផ្ដល់ថ្នាំគីនីនឱ្យគាត់លេប ដើម្បីការពារការកើតជំងឺគ្រុនចាញ់។

នៅក្នុងរបបខ្មែរក្រហម នឿន បានបាត់បង់បងប្រុសរបស់គាត់ម្នាក់ដែលធ្វើការងារនៅក្នុងកងសហជីពចម្ការកៅស៊ូ ត្រូវឈ្លបចាប់យកទៅវាយសម្លាប់។ ស្របជាមួយគ្នានោះដែរ បន្ទាប់ពីការចាប់ខ្លួនបងប្រុសរបស់នឿន រំលងមកមិនបានប៉ុន្មានថ្ងៃ មានស្រ្តីម្នាក់ដែលស្នាក់នៅក្នុងភូមិជាមួយគាត់ ត្រូវអង្គការនាំខ្លួនទៅ ដើម្បីឱ្យជីករណ្ដៅកប់ខ្លួនឯង។ នឿន មិនបានដឹងថាស្រ្តីម្នាក់នោះមានទោសកំហុសអ្វីឡើយ។

ចំពោះការរៀបការនៅក្នុងរបបខ្មែរក្រហម អង្គការជាអ្នកដើរតួជំនួសមុខឪពុកម្ដាយដើម្បីប្រារព្ធកម្មវិធី។ នឿន បាននិយាយថា មានគូខ្លះត្រូវរៀបការជាមួយនឹងបងប្អូនខ្លួនឯង ទៅតាមការរៀបចំរបស់អង្គការ ដោយមិនអាចដូរគូបានឡើយ ទោះបីជាត្រូវជាបងប្អូនក៏ដោយ។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនតែងមានការប្រុងប្រយ័ត្នក្នុងនិយាយរកគ្នា សូម្បីតែការនិយាយស្តីជាមួយបងប្អូនបង្កើតនឹងគ្នាក្តី។ ប្រសិនជាឈ្លបចាប់បានថាមាននរណានិយាយរកគ្នានៅក្នុងពេលធ្វើការ បុគ្គលនោះ នឹងត្រូវចោទថាខុសសីលធម៌និងត្រូវចាប់យកទៅកសាង ឬសម្លាប់ចោល។

នៅឆ្នាំ១៩៧៨ នឿន ត្រូវបានជម្លៀសទៅភ្នំ៥០០០ ដើម្បីធ្វើការងារ។ នឿន ប្រាប់ថា អង្គការបានចាត់តាំងឱ្យគាត់លើកភ្លឺស្រែចំនួន៥ម៉ែត្រក្នុងមួយថ្ងៃ។ ចំពោះរបបអាហារនៅទីនោះ មានការខ្វះខាតខ្លាំង ទោះបីជាស្រូវអង្ករត្រូវប្រមូលផលបានច្រើន ប៉ុន្តែគ្មានប្រជាជនណាម្នាក់ហូបអាហារបានឆ្អែតក្រពះឡើយ។ នៅក្នុងរបបខ្មែរក្រហម ក្រៅពីទទួលរងការធ្វើការងារលើសកម្លាំង ប្រជាជនត្រូវទទួលរងនូវភាពអត់ឃ្លាន ព្រោះគ្មានអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន៕ ​​

សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin